ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹក​នាំ​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​ជាតិ៖ ការ​រារាំង​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​អ្នក​លួច​បញ្ចេញ​ការណ៍​សម្ងាត់​ធ្វើ​​ត្រូវ​ទៅ​តាម​ច្បាប់


លោក Joseph Maguire​ ប្រធាន​ស្ដីទី​សន្តិសុខ​ជាតិ ថ្លែង​ក្នុង​ពេល​ធ្វើ​សក្ខីកម្ម​នៅ​សភា កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៩។
លោក Joseph Maguire​ ប្រធាន​ស្ដីទី​សន្តិសុខ​ជាតិ ថ្លែង​ក្នុង​ពេល​ធ្វើ​សក្ខីកម្ម​នៅ​សភា កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៩។

ប្រធាន​ស្ដី​ទី​នៃ​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​ជាតិ លោក​ Joseph Maguire​ ថ្លែងថា លោក​បាន​ធ្វើ​តាម​ច្បាប់​នៅ​ពេល​ដែល​លោក​ដំបូង​ឡើយ​បាន​​​រារាំង​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​អ្នក​លួច​បញ្ចេញ​ការណ៍​សម្ងាត់​។

ប្រធាន​ស្ដី​ទី​នៃ​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​ជាតិ លោក​ Joseph Maguire​ បាន​ប្រាប់​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​ធ្វើ​តាម​ច្បាប់​នៅ​ពេល​ដែល​លោក​ដំបូង​ឡើយ​បាន​រារាំង​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​អ្នក​លួច​បញ្ចេញ​ការ​ណ៍​សម្ងាត់​ នៅ​ក្នុង​ការ​ធ្វើ​សក្ខី​កម្មដក​តំណែង​ប្រធានាធិបតី​អំពី​រឿងលោក​ប្រធានាធិបតី​ ត្រាំ​ ទាក់​ទង​នឹង​លោក​ Volodymyr Zelensky ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន។

ការ​ធ្វើ​សក្ខីកម្ម​របស់​លោក​ Maguire​ កើត​ឡើង​បន្ទាប់​ពី​អ្នក​លួច​បញ្ចេញ​ព័ត៌មានបញ្ចេញ​សារប្ដឹងជា​សាធារណៈ​ សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ថា​ លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ស្នើ​សុំ​ជំនួយ​ពី​លោក​ Zelensky​ តាម​ការសន្ទនា​តាម​ទូរស័ព្ទ​ឲ្យ​ជួយ​ស៊ើប​អង្កេត​ពី​សត្រូវ​នយោបាយ​របស់​លោក។

មាន​សំណួរ​ថ្មីៗ​សម្រាប់​លោក​ប្រធានាធិបតី ​ត្រាំ​ ខណៈ​ពេល​ដែល​សាធារណជនទទួល​បាន​ដំណឹង​ពី​ការ​ប្ដឹងសម្ដែង​ក្ដី​ព្រួយ​បារម្ភ​ជា​ច្រើន​ចំណុច ​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ត្រាំ​ និង​លោក​ Volodymyr Zelensky ​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន រួម​បញ្ចូល​ទាំង​ការ​ចោទ​ប្រកាន់​ថា​មន្ត្រី​របស់​សេតវិមាន​បាន​បិទ​បាំង​ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ។

អ្នកស្រី ​Nancy Pelosi ​ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖ «ពាក្យ​បណ្ដឹងនេះ​បាន​ឲ្យ​ដឹង​ថា ​សេតវិមាន​បាន​ព្យាយាមលាក់​បាំង​រាល់​ការ​ថត​សំឡេង​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ ជា​ពិសេសគឺ​ឯក​សារ​កត់ត្រា​ពាក្យ​ពេចន៍​គ្រប់​ម៉ាត់​ របស់​ការ​សន្ទនា​នោះ។ ការណ៍​នេះ​បានធ្វើ​ឲ្យ​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​ជឿ​ថា មន្ត្រី​សេតវិមាន​បាន​ដឹង​ពីកំហុសឆ្គង​ធ្ងន់ធ្ងរ​ដែល​បានកើត​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​នោះ»។

សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​គំរាម​ប្ដឹងមេ​ដឹក​នាំ​ស្ថាប័ន​ស៊ើប​ការណ៍​សម្ងាត់​ទៅ​តុលាការ ដើម្បី​ទាមទារ​យក​ខ្លឹម​សារ​ទាំងស្រុង​នៃពាក្យ​បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន។​

លោក​ Adam Schiff ​ដែល​ជា​ប្រធាន​នៃ​គណៈ​កម្មាធិការ​ស៊ើប​អង្កេត​របស់​សភា​អាមេរិក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖​ «តាម​ច្បាប់​ បណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន ដែល​បាន​បង្ហាញ​ពី​ការ​ប្រព្រឹត្តិ​ខុស​ដ៏​ធ្ងន់ធ្ងរ​នេះ គួរ​តែ​ត្រូវ​បាន​បង្ហាញ​ដល់​គណៈកម្មាធិការ​ស៊ើប​អង្កេត​ជាច្រើន​សប្ដាហ៍​កន្លង​មក​ហើយ​ ហើយ​បើ​តាម​ច្បាប់​ ​វា​គួរ​តែ​ត្រូវ​បាន​បង្ហាញ​ដោយ លោក​ផ្ទាល់​ក្នុង​នាម​លោក​ជា​ប្រធាន​ស្ដី​ទី​នៃ​ភ្នាក់​ងារ​ស៊ើប​អង្កេត​ជាតិ។ ប៉ុន្តែលោក​បែរ​ជា​មិន​បាន​ធ្វើ​វា​ទៅ​វិញ‍»។​

រូប​ឯកសារ៖ លោក​ប្រធានាធិបតី​ ដូណាល់​ត្រាំ និង​លោក Volodymyr Zelensky។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី​ ដូណាល់​ត្រាំ និង​លោក Volodymyr Zelensky។

លោក​ Maguire ​បាន​និយាយ​ថា​ លោក​គោរព​សិទ្ធិ​ស្រប​ច្បាប់​របស់​លោក​ប្រធានាធិបតី​នៅ​ក្នុង​ស្ថានភាព​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​ ប្រធាន​ស្ដី​ទី​នៃ​ភ្នាក់​ងារ​ស៊ើប​អង្កេត​ជាតិ​រូប​នេះ​បានលើក​ឡើង​ថា៖​ «តាម​ពិត​ទៅ យើង​ត្រូវ​បានណែ​នាំ​មក​ថា​ ព័ត៌មាន​នៅក្នុង​ពាក្យ​បណ្ដឹង​នេះ ទាក់ទង​នឹង​អភ័យ​ឯកសិទ្ធិ​របស់​ថ្នាក់​ដឹក​នាំ​។ អភ័យ​ឯកសិទ្ធិ ដែល​ខ្ញុំ​មិន​មានសិទ្ធិសម្រេច។ ដូច្នេះ​ហើយ​ទើបយើង​មិន​អាច​ចែក​រំលែក​ព័ត៌មាន​នេះ​បាន​ភ្លាមៗ‍»។

លោក ​Maguire ​ទទួល​ស្គាល់​ថា​ អ្នក​លួច​បញ្ចេញ​ព័ត៌មាន ​ជា​ប្រភព​ដែល​អាចទុក​ចិត្តបាន​ ហើយ​ទទួលស្គាល់​ថា​បុគ្គល​បាន​ធ្វើ​រឿង​ត្រឹម​ត្រូវ ប៉ុន្តែ​លោក​បាន​បដិសេធ​ពី​ការ​ព្រួយ​បារម្ភ​ថា​ លោក​ ត្រាំ​ បាន​ជ្រៀត​ជ្រែក​ចូលក្នុង​រឿង​នេះ។
លោក ​Jim Himes ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទ​សួរទៅ​កាន់​លោក ​Maguireថា៖ «តើ​លោក​ធ្លាប់​បាន​និយាយ​ពី​ពាក្យ​បណ្ដឹងនេះ​ទៅ​កាន់​លោក​ប្រធានាធិបតី​ដែរ​ឬ​ទេ»?​

លោក Maguire បាន​ឆ្លើយ​ថា៖ ​«ដោយ​សារ​តែ​ខ្ញុំ​ជា​ប្រធាន​នៃ​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​ជាតិ ​ខ្ញុំ​មាន​ឯកសិទ្ធិ​ក្នុង​ការ​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី។ ហើយ​វា​មិន​សម​រម្យ​សម្រាប់​ខ្ញុំ​នោះ​ទេ​ ដោយ​ហេតុ​ថា វា​នឹង​បំផ្លាញ​ទំនាក់​ទំនង​រវាង​ខ្ញុំ​ និង​លោក​ប្រធានាធិបតី ​និង​បំផ្លាញ​កិច្ច​ការ​សម្ងាត់​ ក្នុង​ការ​បញ្ចេញ​ការ​សន្ទនា​របស់​ខ្ញុំ​ជា​មួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក»។​

លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​ថា​នេះ​ជា​ល្បែង​នយោបាយ​តែ​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី​ Trump បាន​និយាយ​ថា៖ «គណបក្ស​ប្រជាធិបតេយ្យ​នឹង​ចាញ់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ពួក​គេ​ដឹង​ពី​រឿង​នេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បង្ក​រឿង​នេះ​ឡើង»។​

ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី​ត្រូវ​បាន​គាំទ្រ​ដោយ​សមាជិក​សភា​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ។

លោក ​Kevin McCarthy ​ប្រធាន​ក្រុម​ភាគ​តិច​នៃ​រដ្ឋ​សភា​អាមេរិកបាន​លើក​ឡើង​ថា៖ «តើ​អ្វី​ទៅ​ក្នុង​ករណី​នេះ​ ដែល​នាំឲ្យ​មាន​ការ​ប្ដឹងដក​តំណែង​ប្រធានាធិបតី​នោះ? នេះ​គ្រាន់​តែ​ជា​ការ​សន្ទនា​របស់​លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ជាមួយ​មេ​ដឹក​នាំ​បរទេស​ប៉ុណ្ណោះ។ មិន​ធ្លាប់​មាន​ពី​មុន​មក​សោះ​ថា​ លោក​ប្រធានាធិបតី​តម្រូវ​ឲ្យ​ទម្លាយ​ការ​សន្ទនា​របស់​លោក»។

ប៉ុន្តែ​បណ្ដឹង​នោះ​គឺ​គ្រប់​គ្រាន់ក្នុង​ការ​ជំរុញឲ្យ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បង្កើតឲ្យ​មាន​ការ​ធ្វើ​សក្ខីកម្ម​ផ្លូវ​ការ​មួយ​ស្ដី​ពី​ការ​ដក​តំណែង​ប្រធានាធិបតី​នេះ។​

លោក Adam Schiff តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖
«​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ផែនទីបង្ហាញ​ផ្លូវសម្រាប់​ការ​ស៊ើប​អង្កេត​របស់​យើង»។

ការ​ស៊ើប​អង្កេត​ដែល​អាច​នឹង​បញ្ចប់​ទៅ​ដោយការ​បោះ​ឆ្នោត​នៅ​រដ្ឋ​សភា ដូច​ដែល​មាន​ចែង​ក្នុង​មាតា​ស្តីពី​ការ​ដក​តំណែង​ប្រធានាធិបតី។

អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖ «មាន​សមាជិក​មួយ​ចំនួន​នៅ​ក្នុង​បក្ស​របស់​យើង​គិត​ថា ​តែ​មាន​ការ​ប្ដឹង​ដក​តំណែង​ប្រធានាធិបតី។ យើង​ត្រូវ​តែ​មាន​ការ​ធ្វើ​សក្ខីកម្ម​ដើម្បី​ស្វែង​រក​ការ​ពិត។​ ការណ៍​នេះ​មិនតក់ក្រហល់​ក្នុង​ការវិនិច្ឆ័យ​ទេ ហើយ​យើង​អាច​ជា​សមាជិក​គណៈវិនិច្ឆ័យក្នុង​រឿង​នេះ​ក៏​ថា​បាន»។

សមាជិក​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន និយាយ​ថា​ពួក​គេ​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ឆ្នាំ ២០២០ ដែល​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG