សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមបុគ្គលនិងអង្គភាពផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីដែលបានរងការចោទប្រកាន់ពីការធ្វើឲ្យអន្តរាយដល់អធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែនហើយនិងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋអ៊ុយក្រែនមិនត្រឹមត្រូវ។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចេញបញ្ជីឈ្មោះមនុស្សចំនួន១៤នាក់កាលពីថ្ងៃពុធ រួមមាន៨នាក់ជាក្រុមទាមទារបំបែករដ្ឋអ៊ុយក្រែន និងអង្គភាព២ រួមមានធនាគារពាណិជ្ជជាតិរុស្ស៊ីដែលជាធនាគារប្រតិបត្តិការក្នុងតំបន់គ្រីមេ (Crimea) ឧបទ្វីបក្នុងសមុទ្រខ្មៅដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូបានធ្វើជាឧបសម្ព័ន្ធកាលពីឆ្នាំទៅ។
បុគ្គលនិងអង្គភាពទាំងអស់ ដែលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មានន័យថា ទ្រព្យសម្បត្តិដែលជារបស់អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីនឹងត្រូវផ្អឹបទុក ហើយបុគ្គលដែលមានឈ្មោះនៅក្នុងបញ្ជីនឹងត្រូវហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ការវាយប្រហារកាលពីខែមុនដោយក្រុមទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ីទៅលើទីក្រុង២ក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលត្រូវបានចុះហត្ថលេខាកាលពីខែកុម្ភៈហើយនិងខែកញ្ញាឆ្នាំទៅ។
ក្នុងចំណោមបុគ្គលដែលមានឈ្មោះក្នុងបញ្ជីនោះ មានមន្រ្តីកងទ័ពនិងមន្រ្តីខាងនយោបាយ៨នាក់របស់ក្រុង Donetsk និងក្រុង Luhansk ជាអង្គភាពដែលក្រុមទាមទារបំបែករដ្ឋបានប្រកាសខ្លួនឯងនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
នៅក្នុងបញ្ជីនោះក៏មានឈ្មោះ Alexander Dugin អ្នកវិទ្យាសាស្រ្តនយោបាយស្តាំជ្រុលដែលជាជនជាតិរុស្ស៊ី។ សហភាពយុវជនអឺរ៉ាសៀរបស់លោកដែលត្រូវរងការរដាក់ទណ្ឌកម្មបានរងការចោទប្រកាន់ពីការជ្រើសរើសក្រុមអ្នកប្រយុទ្ធឲ្យក្រុមទាមទារបំបែករដ្ឋអ៊ុយក្រែន៕