រដ្ឋសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងថា នឹងបោះឆ្នោតនៅថ្ងៃអង្គារថា តើនឹងធ្វើការបញ្ជូនបទចោទប្រកាន់ រារាំងកិច្ចការសភា (Contempt of Congress) ទៅកាន់ក្រសួងយុត្តិធម៌ឬទេ ប្រឆាំងនឹងលោក Mark Meadows អតីតនាយកខុទ្ធកាល័យសេតវិមានរបស់អតីតប្រធានាធិបតីលោក Donald Trumpចំពោះការបដិសេធរបស់លោក Meadows មិនផ្តល់សក្ខីកម្មអំពីតួនាទីរបស់លោកនៅក្នុងការព្យាយាមប្រែក្រឡាស់ការចាញ់ឆ្នោតរបស់លោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។
គណៈកម្មាធិការសភាមួយដែលរួមមានសមាសភាពខាងគណបក្សប្រជាធិបតេយ្យ៧រូបនិងខាងគណបក្សសាធារណរដ្ឋ២រូប បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃចន្ទដើម្បីស្នើឲ្យលោក Meadows ប្រឈមការចោទប្រកាន់ព្រហ្មទណ្ឌ។
លោក Meadows បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ខ្សែកាប Fox News កាលពីយប់ថ្ងៃចន្ទថា ការសម្រេចរបស់គណៈកម្មាធិការនោះ ជា «រឿងគួរឱ្យខកចិត្ត ក៏ប៉ុន្តែ មិនមែនជាការភ្ញាក់ផ្អើលទេ»។
មុនការបោះឆ្នោតកាលពីថ្ងៃចន្ទរបស់គណៈកម្មាធិការនោះសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋលោកស្រី Liz Cheney បានបង្ហាញពីសារលម្អិតផ្ញើទៅលោក Meadows អំឡុងពេលមានការវាយប្រហារថ្ងៃទី៦ ខែមករាទៅលើវិមានសភា Capitol កំពុងកើតឡើង។ សារទាំងនោះបង្ហាញថា ថ្នាក់ដឹកនាំបណ្តាញព័ត៌មានអភិរក្សនិយមធំៗ ហើយកូនប្រុសម្នាក់របស់លោក Trump នៅពេលនោះ បានជំរុញឲ្យលោក Meadows លើកទឹកចិត្តលោក Trump ឲ្យចាត់វិធានការបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពរបស់ពួកអ្នកគាំទ្រលោក។
លោកស្រី Cheney បាននិយាយទៀតថា សារនោះ បង្ហាញពីការ «មិនបំពេញកាតព្វកិច្ចយ៉ាងធ្ងន់ធ្ងរ»របស់លោក Trump ហើយបានចោទជាសំណួរអំពីថាតើតាមរយៈការមិនចាត់វិធានការរបស់លោក លោក Trump បានព្យាយាមបង្អាក់ភារកិច្ចរបស់សភាឬទេក្នុងការបញ្ជាក់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលបានបង្ហាញថា លោកបានចាញ់ឆ្នោត៕