សេតវិមានបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានស្នើសុំឱ្យអ្នកដែលទទួលបានការតែងតាំងក្នុងរដ្ឋបាលលោក Donald Trump ចំនួន១៨នាក់លាលែងពីតំណែងក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាយោធា ដោយនិយាយថា លោកប្រធានាធិបតី Joe Biden តម្រូវឱ្យមន្រ្តីក្នុងតួនាទីនេះ«ស្របតាមគុណតម្លៃនៃរដ្ឋបាលរបស់លោក»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
សេតវិមានបាននិយាយថាមន្ត្រី១៨នាក់ដែលក្នុងនោះ៦នាក់មានតួនាទីជាក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាកងទ័ពអាកាស៦នាក់នៅបណ្ឌិត្យសភាយោធានិង៦នាក់នៅបណ្ឌិត្យសភាកងទ័ពជើងទឹក។
អ្នកដែលត្រូវស្នើឱ្យចុះចេញពីតំណែងរួមមានលោកស្រី Kellyanne Conway ទីប្រឹក្សាសេតវិមាននិងលោក Sean Spicer អ្នកនាំពាក្យសេតវិមានរបស់លោកDonald Trump។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានឆ្លើយសំណួរមួយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា« ខ្ញុំនឹងឱ្យអ្នកដទៃវាយតម្លៃថា តើពួកគេគិតថាលោកស្រី Kellyanne Conway និងលោក Sean Spicer និងអ្នកផ្សេងទៀតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើការនៅក្រុមប្រឹក្សាភិបាលទាំងនេះដែរឬទេ។ តម្រូវការរបស់លោកប្រធានាធិបតីអំពីលក្ខណៈសម្បត្តិមិនទាក់ទងនឹងការចុះឈ្មោះរបស់គណបក្សរបស់អ្នកទេ។ សំខាន់គឺថា តើ អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបម្រើការងារនិងថា តើអ្នកស្របនឹងគុណតម្លៃនៃរដ្ឋបាលនេះឬទេ»។
លោកស្រី Conway បានសរសេរនៅក្នុងសំបុត្រមួយផ្ញើទៅលោក Joe Biden និងបង្ហោះនៅលើបណ្តាញសង្គម Twitter ថា«ខ្ញុំមិនលាលែងពីតំណែងទេ ប៉ុន្តែអ្នកទេដែលគួរតែលាលែងពីតំណែងនោះ»។
លោក Spicer ដែលបម្រើការនៅក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាកងទ័ពជើងទឹកស.រ.អា.បាននិយាយនៅក្នុងកម្មវិធី Newsmax របស់លោកកាលពីថ្ងៃពុធថា លោកនឹងមិនចុះចេញពីតំណែងទេ។ លោកបាននិយាយថា« ខ្ញុំនឹងមិនដាក់លិខិតលាលែងពីតំណែងរបស់ខ្ញុំទេ ហើយខ្ញុំនឹងចូលរួមធ្វើបណ្តឹងប្រឆាំងនឹងរឿងនេះ»។
លោក Russ Vought អតីតប្រធានផ្នែកថវិការបស់លោក Trump បាននិយាយផងដែរថា លោកនឹងមិនលាលែងឡើយ។ លោកបាននិយាយនៅលើបណ្តាញសង្គម Twitter ថា«ទេតំណែងនេះមានអាណត្តិ៣ឆ្នាំ»។
ក្រុមប្រឹក្សានេះផ្តល់យោបល់និងអនុសាសន៍ដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលើបញ្ហានានារួមទាំងបញ្ហាទាក់ទងនឹងសីលធម៌វិន័យកម្មវិធីសិក្សា សេចក្តីណែនាំនានា ឧបករណ៍ហាត់ប្រាណកិច្ចការសារពើពន្ធ និងវិធីសាស្រ្តសិក្សារបស់បណ្តិត្យសភា។ នេះបើយោងតាមសេចក្តីជូនដំណឹងឆ្នាំ២០២០នៅក្នុងបញ្ជីសហព័ន្ធ៕