ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រកាស​​កិច្ច​ព្រមព្រៀង​​ដែល​មាន​ទឹក​ប្រាក់​៣,៥លាន​លាន​ដុល្លារ


មេដឹកនាំ​គណបក្ស​សំឡេងភាគច្រើន​នៃ​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Chuck Schumer ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោកJoe Biden បាន​ទៅ​កាន់​វិមាន​សភា​អាមេរិក​កាល​ពីពុធ​ដើម្បី​ជួបប្រជុំ​ជា​មួយសមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​ទាំង​នោះ​បាន​ប្រកាស​ពី​កិច្ចព្រម​ព្រៀង​មួយស្តី​ពី​គម្រោង​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​៣,៥​លាន​លាន​ដុល្លារ ក្នុង​ការ​ពង្រីក​ទៅ​លើចំណាយ​ស្តីពីការថែទាំ​សុខភាព​សម្រាប់​មនុស្ស​ចាស់ ការ​ប្រែប្រួលអាកាសធាតុ​ និង​កម្មវិធី​ផ្សេងៗ​ដែល​ជួយ​ដល់​ក្រុម​គ្រួសារ​ពលរដ្ឋអាមេរិកាំង។ នេះ​បើ​តាមការ​លើក​ឡើង​របស់លោកChuck Schumer មេដឹកនាំគណបក្ស​សំឡេង​ភាគ​ច្រើននៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

លោក Schumer បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កញ្ចប់​ថវិកា​នេះ​នឹង​ក្លាយជា«ការវិនិយោគដ៏​ធំ​បំផុត​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​វណ្ណៈ​កណ្តាល​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ទៀត។

លោក Mark Warner សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃរដ្ឋ Virginia បាន​ប្រាប់អ្នក​សារព័ត៌មាន​ថា ផែន​ការ​នោះ​នឹង​រួម​បញ្ចូល​នូវ​បទបញ្ញត្តិ​ដែលគ្រប​ដណ្តប់​លើ​ការ​ចំណាយ​ទាំង​អស់សម្រាប់​កម្មវិធី​ទាំង​នោះ។

បើ​ទោះ​បី​លោកWarner មិន​បាន​បញ្ជាក់​ច្បាស់​ថា តើ​ការ​ចំណាយ​នោះ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណាក្តី​ក៏​ដោយ ក៏​លោក​ប្រធានាធិបតី Biden បាន​ជំរុញឲ្យ​មាន​ការ​ដំឡើង​ពន្ធដល់​ក្រុម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដកស្ដម្ភ​និង​ក្រុម​ហ៊ុន​ឯក​ជន​នានា។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ប្រឆាំង​លើ​ការ​ដំឡើង​ពន្ធ​នោះ​ បន្ទាប់ពី​មាន​ការកាត់​បន្ថយ​ពន្ធដា​ដែល​ក្នុង​នោះ​ក៏​មានពន្ធលើ​ក្រុម​ហ៊ុន​ផង​ដែរ​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​កាន់​អំណាច​របស់អតីត​ប្រធានាធិបតី​លោក Donald Trump។

ដើម្បី​ធ្វើឲ្យ​គម្រោង​ផែន​ការ​នេះ​បន្ត​ដំណើរ​ទៅ​មុខ​បាន គេ​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិកខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​៥០​រូបនៅ​ក្នុង​ព្រឹទ្ធសភា។ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ចង់ឲ្យ​កញ្ចប់​ថវិកា​នេះ​ទទួល​បាន​ការអនុម័ត​ដែល​នឹង​ផ្តល់​ក្របខណ្ឌលើច្បាប់​មួយ​មុន​ពេល​សមាជិក​សភាចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោននៅ​ខែ​សីហា​ខាង​មុខ​នេះ​ដើម្បី​ឈប់​សម្រាក៕

XS
SM
MD
LG