ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋសភា​អាមេរិក​ថា ការចរចា​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩ កាលពី​ថ្ងៃអង្គារ មាន​ភាពប្រសើរ​ទៅមុខ


ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ថ្លែង ក្នុង សន្និសីទ សារព័ត៌មាន ប្រចាំ សប្តាហ៍ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅ​វិមានសភា​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សេតវិមាន និង​រដ្ឋសភា «មាន​ភាព​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​សម្រុះសម្រួល​គ្នា» លើ​កញ្ចប់​ជំនួយ​លើក​ទី​ពីរ​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។

អ្នកស្រី Pelosi ថ្លែង​ថា អ្នកស្រី និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ និង​ថា អ្នកស្រី​សង្ឃឹម​ថា​ អាច​នឹង​បន្ត​ជជែក​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ទៀត បន្ទាប់ពី​លោក Mnuchin ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ។

អ្នកស្រី Pelosi បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ទៅ​កាន់​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា៖ «កិច្ច​សន្ទនា​របស់​យើង​កាន់តែ​ផ្ដល់​នូវ​ភាព​ច្បាស់លាស់ និង​គោល​គំនិត​រួម ស្រប​ពេល​ដែល​យើង​ឈាន​កាន់តែ​ជិត​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ។ ថ្ងៃ​ផុត​កំណត់ ថ្ងៃ​នេះ​ បាន​អនុញ្ញាត​ឲ្យ​យើង​ឃើញ​ថា ការ​សម្រេច​ចិត្ត​អាច​ធ្វើ​ទៅ​បាន ហើយ​ការ​ជជែក​គ្នា​ក៏​អាច​កើត​មាន»។

អ្នកស្រី Pelosi បន្ថែម​ថា ភាគី​ទាំង​ពីរ​អំពាវនាវ​ឲ្យ​ប្រធាន​គណ:កម្មាធិការ​ពាក់ព័ន្ធ​មួយ​ចំនួន​នៃ​សភា «ដោះស្រាយ​ភាព​ខ្វែង​គំនិត​គ្នា​រឿង​ចំនួន​ថវិកា និង​ការ​ប្រើ​ភាសា [នៅ​ក្នុង​សំណើ​ច្បាប់​កញ្ចប់​ថវិកា​នោះ]»។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell បាន​ប្តេជ្ញា​កាល​ពី​ថ្ងៃ​អង្គារ​ថា នឹង​នាំ​យក​សំណើ​ច្បាប់​ណា​មួយ​ដែល​ជា​លទ្ធផល​នៃ​កិច្ច​ព្រមព្រៀង [រវាង​សេតវិមាន និង​រដ្ឋសភា] និង​ដែល​អនុម័ត​ដោយ​លោក​ប្រធានាធិបតី Donald Trump ទៅ​កាន់​ព្រឹទ្ធសភា​ដើម្បី​បោះ​ឆ្នោត។

ប្រសិនបើ​ការ​ចរចា​លើក​នេះ​បរាជ័យ ឱកាស​បន្ទាប់​សម្រាប់​ការ​ចរចា​លើ​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ​របស់​សភា​នៅ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ​ខាង​មុខ ក្រោយ​ការ​បោះឆ្នោត៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG