ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ្នកស្រី Pelosi ថា មាន «ការ​វិវឌ្ឍ» ជាមួយ​រដ្ឋបាល​លោក Trump រឿង​ចរចា​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ថ្លែង នៅក្នុង សន្និសីទ សារព័ត៌មាន មួយ​នៅ​ឯ​វិមាន​សភា​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសុក្រ​ទី៩ ខែតុលា ឆ្នាំ២០២០។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​និយាយ​ថា អ្នកស្រី​និង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump មាន​ការ​វិវឌ្ឍ​ខ្លះ​លើ​ការ​ចរចា​អំពី​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។

អ្នកស្រី Pelosi បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា អ្នកស្រី និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Mnuchin បាន​បង្រួម​ចំណុច​មិន​ចុះ​សម្រុង​គ្នា ក្នុង​អំឡុង​ពេល​ជជែក​គ្នា​តាម​ទូរស័ព្ទ​អស់​រយ:ពេល​មួយ​ម៉ោង​កាល​ពី​ថ្ងៃ​ចន្ទ។

អ្នកស្រី​បាន​និយាយ​ថា រដ្ឋបាល​លោក Trump ជា​ចុង​ក្រោយ បាន​ឈាន​ដល់​ចំណុច​មួយ​ដែល​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់​នៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ ហើយ​ថា ភាគី​ទាំងពីរ​នឹង​ជជែក​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​កំណត់​អំពី​គោល​ជំហរ​របស់​ភាគី​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់។

អ្នកស្រី Pelosi បាន​ថ្លែង​តាម​កញ្ចក់​ទូរស្សន៍ MSNBCថា៖ «យើង​ត្រូវតែ​សម្រេច [លើ​រឿង​នេះ]។ យើង​អាច​នឹង​មិន​ពេញ​ចិត្ត​វា ប៉ុន្តែ​ចាំ​ថ្លឹងថ្លែង​មើល​គ្រប់​ចំណុច​ទាំង​អស់​ថា​តើ​យើង​អាច​ទៅ​មុខ​បាន​ឬ​ក៏​អត់»។

អ្នកស្រី Pelosi បាន​កំណត់​យក​ថ្ងៃ​អង្គារ​នេះ​ជា​ថ្ងៃ​ចុងក្រោយ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​រដ្ឋបាល​លោក Trump មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

ប្រសិនបើ​ការ​ចរចា​លើក​នេះ​បរាជ័យ ឱកាស​បន្ទាប់​សម្រាប់​ចរចា​លើ​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ​របស់​សភា​នៅ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ​ខាង​មុខ ក្រោយ​ការ​បោះឆ្នោត៕

XS
SM
MD
LG