ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin មានគម្រោងជួបគ្នាម្តងទៀតនៅថ្ងៃព្រហស្បត៍នេះ ស្របពេលដែលពួកគេព្យាយាមចរចាអំពីជំនួយជុំថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩ ដែលបានជាប់គាំងជាយូរមកហើយ។
អ្នកស្រី Pelosi បាននិយាយថា ភាគីទាំងពីរបាន «សន្ទនាគ្នាយ៉ាងច្រើន» កាលពីថ្ងៃពុធ ហើយថា ការពិភាក្សានេះនឹងបន្ត។
លោក Mnuchin បានប្រាប់ទូរទស្សន៍ Fox Business ក្នុងកិច្ចសម្ភាសន៍មួយកាលពីល្ងាចថ្ងៃពុធថា ប្រសិនបើមាន «ការសម្រុះសម្រួលត្រឹមត្រូវមួយ យើងនឹងត្រៀមពិភាក្សា»។
ការចរចាត្រូវបានជាប់គាំង ទាក់ទិននឹងទំហំនៃកញ្ចប់ជំនួយ។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ កាលពីដំបូងបានស្នើវិធានការមួយដែលមានទឹកប្រាក់ ៣.៤ លានលានដុល្លារ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក បានកាត់បន្ថយទំហំទឹកប្រាក់នោះមកនៅត្រឹមចំនួន ២.២ លានលានដុល្លារវិញ។
លោក Mnuchin បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ចំនួននោះនៅខ្ពស់ពេកនៅឡើយ ដោយសេតវិមានមានគម្រោងកំណត់ត្រឹមប្រហែល ១.៥ លានលានដុល្លារប៉ុណ្ណោះ។
ប្រសិនបើកញ្ចប់ថវិកាជំនួយនេះឈានដល់ការព្រមព្រៀងគ្នា នោះវាអាចរួមមានការផ្តល់ប្រាក់ជំនួយបន្ថែមទៀតដល់ក្រុមគ្រួសារ និងកន្លែងអាជីវកម្មនានា ការស្ដារឡើងវិញនូវប្រាក់ជំនួយសម្រាប់អ្នកធ្វើការរាប់លាននាក់ដែលបាត់បត់ការងារធ្វើដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ការជួយក្រុមហ៊ុនអាកាសចរណ៍ដែលខាតបង់ប្រាក់ចំណូលយ៉ាងធ្ងន់នៅក្នុងឆ្នាំនេះ ការផ្តល់ជំនួយឧបត្ថម្ភដល់រដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងការផ្តល់ការការពារដល់អាជីវកម្មនានា។
នៅក្នុងសហរដ្ឋអាមេរិក អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានប្រហែល ២០៧.០០០ នាក់ គឺច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ហើយអ្នកឆ្លងជំងឺនេះមានជាង ៧លាន ២ សែននាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក៕