ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក​ប្រឆាំង​សេចក្ដី​សម្រេច​ដែល​ចង់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលប្រជុំគណៈរដ្ឋមន្រ្តីនៅសេតវិមាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

សមាជិក​នៃ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ៣៣២ ទល់​នឹង ៩៥ ដើម្បី​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​បោះ​ឆ្នោត​ជំទាស់​នឹង​សេចក្ដី​សម្រេច​មួយ​ដែល​ចង់​ពិចារណា​ភ្លាមៗ​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ដំណើរការ​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។

សមាជិក​នៃ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ៣៣២ ទល់​នឹង ៩៥ ដើម្បី​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ។

លោក Trump បាន​ហៅ​ការ​ជជែក​ដេញដោល​អំពី​ដំណើរការ​ចោទ​ប្រកាន់​ទម្លាក់​លោក​ពី​តំណែង​នេះ​ថា​ជា «ផែនការ​គួរ​ឲ្យ​ចង់​សើច និង​ខាត​ពេល​វេលា​ជា​ទី​បំផុត»។ លោក​បាន​ប្រកាស​ថា រឿង​ដំណើរការ​ចោទ​ប្រកាន់​ទម្លាក់​លោក​ពី​តំណែង​នេះ​បាន​ចប់​ហើយ។ លោក​បាន​និយាយ​ថា ដំណើរការ​នេះ «មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កើត​ឡើង​ចំពោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ណា​ម្នាក់​ម្ដង​ទៀត​នោះ​ឡើយ»។

ប៉ុន្តែគ្មាន​អ្វី​មួយ​អាច​រារាំង​សមាជិក​ណា​ម្នាក់​នៅ​ក្នុង​រដ្ឋសភា​មិន​ឲ្យ​ស្នើ​សេចក្ដី​សម្រេច​ណា​មួយ​ទៀត​នៅ​ពេល​អនាគត​បាន​ទេ។

សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Texas លោក Al Green ទោះបីជា​មាន​ការ​ប្រឆាំង​ពី​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ក៏​ដោយ ដោយ​សមាជិក​សភា​ផ្សេង​ទៀត​ចង់​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ទំនាក់ទំនង​របស់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​កាល​ពី​ឆ្នាំ ២០១៦ រឿង​ពន្ធ​ប្រាក់​ចំណូល និង​រឿង​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​របស់​លោក Trump។

រដ្ឋសភា​ក៏​ចង់​ដឹង​ផង​ដែរ​ថា​តើ​លោក Trump មាន​បាន​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ៕

XS
SM
MD
LG