ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សមាជិក​សភា​​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ​​បោះឆ្នោត​ដក​​អ្នកស្រី Liz Cheney ពី​តំណែង​ដឹកនាំ​បក្ស


រូបឯកសារ៖ អ្នកស្រី Liz Cheney សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកស្រី Liz Cheney សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋក្នុងរដ្ឋសភា​សហរដ្ឋ​អាមេរិក​ បាន​បោះឆ្នោត​ដក​អ្នកស្រី Liz Cheney ចេញពី​តំណែង​ដឹកនាំ​ក្នុង​ជួរ​គណបក្សសាធារណរដ្ឋ​ ចំពោះ​ការរិះគន់​របស់​អ្នកស្រី​ទៅ​លើ​ការ​អះអាង​របស់​អតីត​ប្រធានាធិបតី​អាមេរិកលោក Donald Trump ស្តី​ពី​ការលួច​បន្លំក្នុង​ការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ។​

កិច្ច​ប្រជុំ​របស់​ក្រុម​សមាជិក​សភានៃ​គណបក្ស​សាធារណ​រដ្ឋ​ បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ពុធ ដោយបណ្តេញកូន​ស្រី​របស់អតីត​អនុប្រធានាធិបតី​អាមេរិកលោក​ Dick Cheney ចេញ​ពី​តួនាទីជា​ប្រធាន​ក្រុម​គណបក្ស​សាធារណរដ្ឋ​នៃរដ្ឋសភា​ ដែល​ជា​តំណែង​ខ្ពស់​បំផុត​ទី ៣ នៅ​ក្នុង​ថ្នាក់​ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋសភា​អាមេរិក ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​បញ្ជូន​សារ​របស់​គណបក្ស​ទៅ​កាន់​សាធារណជន​ទូទៅ។

អ្នកស្រី Cheney ដែល​ជា​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តែ​ម្នាក់​ប៉ុណ្ណោះ​ ​តំណាង​ឲ្យ​រដ្ឋ Wyoming ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​នោះ​ ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​នូវ​ការ​អះអាង​របស់​លោក​ Trump ដែល​ថា លោក​គឺជា​អ្នក​ឈ្នះ​ឆ្នោត​ មិន​មែន​លោក Joe Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ​ បើ​ទោះ​បីជា​ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ Trump បាន​ចាញ់​បណ្តឹង​ជា​ច្រើននៅ​ក្នុង​តុលាការ​ ដើម្បី​ព្យាយាម​ផ្លាស់​ប្តូរ​លទ្ធផល​បោះឆ្នោតចុង​ក្រោយ​ នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ ដែល​លោក​ Trump បាន​ចាញ់ឆ្នោត​នោះ។​

អ្នកស្រី Cheney ​ទទួលរង​ការ​រិះគន់​ក្នុង​ជួរ​គណបក្ស​ជា​លើក​ដំបូង ​នៅ​ពេល​អ្នកស្រី​បោះឆ្នោត​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​លោក​អតីត​ប្រធានាធិបតី​ Trump ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​វិមានសភា​កាលពី​ថ្ងៃ​ទី ៦ ខែ​មករា នៅ​ពេល​ដែល​អ្នក​គាំទ្រ​របស់​លោក​ Trump​ ជា​ច្រើន​រយ​នាក់​ បាន​សម្រុក​ចូល​ទៅ​ក្នុង​វិមាន​សភា​ ក្នុង​បំណង​បញ្ឈប់ក្រុម​សមាជិក​សភា​ មិន​ឲ្យផ្តល់​ការ​យល់​ព្រម​ដល់ជ័យជម្នះរបស់​លោក Biden​ ក្នុង​គ្រា​នោះ។

ក្នុង​ការថ្លែង​មួយនៅក្នុង​រដ្ឋសភា​អាមេរិក​កាល​ពីយប់​ថ្ងៃ​អង្គារ​ អ្នកស្រី​ Cheney ​បាន​ពណ៌នា​ការ​បន្ត​ប្រឹងប្រែង​របស់​លោក​ Trump ក្នុង​ការប្រឆាំង​លទ្ធផល​បោះឆ្នោត​នោះ​ ថាជា«​ការ​គំរាម​កំហែង​មួយដល់​ប្រទេស​អាមេរិក​ ដែល​គេ​មិន​ធ្លាប់​បាន​ឃើញពី​មុន​មក»៕

XS
SM
MD
LG