ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Pelosi ​ថា ​គណ:កម្មការ​ឯករាជ្យ​​មួយ​នឹង​​ស៊ើបអង្កេត​ករណី​កុបកម្ម​នៅ​វិមាន​សភា​អាមេរិក​


រូបឯកសារ៖ ក្រុមអ្នកគាំទ្រលោក Donald Trump បានសម្រុកចូលក្នុងអគារវិមានសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមអ្នកគាំទ្រលោក Donald Trump បានសម្រុកចូលក្នុងអគារវិមានសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា សភា​នឹង​បង្កើត​គណ:កម្មការ​ឯករាជ្យ​មួយ​ ដូចគ្នា​នឹង​គណ:កម្មការ​ព្រឹត្តិការណ៍ភេរវកម្ម​ថ្ងៃ​ទី១១ ខែ​កញ្ញា ដើម្បី​ស៊ើប​អង្កេតលើ​ករណី​ប៉ះបោរ​ដ៏​សាហាវ នៅ​ឯ​វិមាន​សភា​សហរដ្ឋ​អាមេរិក ​កាល​ពី​ដើម​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។​

អ្នកស្រី Pelosi បាន​និយាយ​ថា គណ:កម្មការ​នេះ​នឹង​ «ស៊ើប​អង្កេត និង​រាយការណ៍​អំពី​អង្គហេតុ និង​មូលហេតុ ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី ០៦ ខែ​មករា ដែល​ជា​ការ​វាយប្រហារ​ភេរវកម្ម​ក្នុង​ស្រុក​មក​លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក... និង​ការ​ទាក់ទង​នឹង​ការ​ជ្រៀត​ជ្រែក​ការ​ផ្ទេរ​អំណាចដោយ​សន្តិវិធី»។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​សហការីខាង​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Pelosi បានឲ្យ​ដឹង​ថា​រដ្ឋសភា​ក៏​នឹង​បង្កើន​ការ​ចំណាយបន្ថែម ​ដើម្បី​បង្កើន​សន្តិសុខ​នៅ​វិមាន​សភា។

បន្ទាប់​ពី​អតីត​ប្រធានាធិបតី Donald Trump រួច​ទោស​ពី​ការ​ចោទ​ប្រកាន់​និង​ជំនុំ​ជម្រះ​របស់​ព្រឹទ្ធសភា​ជា​លើកទី ២​ មក ការ​គាំទ្រ​ពី​គណបក្សទាំង​ពីរ​របស់​អាមេរិក​ ទំនង​ជា​កំពុង​កើន​ឡើង​សម្រាប់​ [ការ​បង្កើត]​ គណ:កម្មការ ដើម្បី​ស៊ើបអង្កេត​លើ​ការ​ប៉ះបោរ​ដ៏​ប្រល័យ​នោះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ សមាជិក​សភា​មក​ពីគណបក្ស​ទំាងពីរបាន​ឲ្យ​សញ្ញា​ថា​ទំនង​ជា​មាន​ការ​ស៊ើប​អង្កេតជា​ច្រើន​ទៀត។

សាល​ក្រម​របស់​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​សៅរ៍ ជាមួយ​លទ្ធផល ៥៧ ទល់​នឹង ៤៣ សំឡេង ខ្វះ​ ១០ សំឡេង​ដើម្បី​អាចផ្តន្ទាទោស​លោក​អតីត​ប្រធានាធិបតី Donald Trump មិន​បាន​ធ្វើ​ឱ្យ​ស្ងប់​ស្ងាត់​ការ​ជជែកអំពី​ការ​ជាប់​ពាក់ព័ន្ធរបស់​លោក​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​លើ​វិមាន​សភា​ទេ។​

លោក Bill Cassidy សមាជិក​គណបក្ស​សធារណរដ្ឋ​ម្នាក់​ដែល​បោះ​ឆ្នោតឲ្យ​ផ្ដន្ទា​ទោស​លោក Trump បាន​និយាយ​ថា៖ ​«វា​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ពេញ​លេញ​លើ​អ្វី​ដែល​បាន​កើត​ឡើង។ អ្វីដែល​គេ​ដឹង អ្នក​ដែលបាន​ដឹង ហើយ​ដឹង​នៅ​ពេល​ណា ទាំងអស់​នេះ​ឯង ព្រោះ​ថា​វា​បង្កើត​ជា​មូលដ្ឋាន​ដើម្បី​ឱ្យវា​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត»៕

XS
SM
MD
LG