ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​វិមាន​សភា​សហរដ្ឋ​អាមេរិក​ព្រមាន​ពី​ការ​គំរាមកំហែង​នៅ​ថ្ងៃ​ព្រហស្បតិ៍


រូបឯកសារ៖ ទិដ្ឋភាព​នៅ​ខាង​ក្រៅ​អគារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​​ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួង​ប៉ូលិស​វិមាន​សភា​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា ខ្លួន​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ហ្មត់ចត់​ចំពោះដំណឹង​ស៊ើបការណ៍​សម្ងាត់​អំពី​លទ្ធភាព​នៃ​ផែនការ​របស់​កង​ជីវពល​មួយ​ក្រុម ​ដើម្បីវាយប្រហារ​វិមាន​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រសួង​ប៉ូលិស​នេះបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «យើង​បាន​ធ្វើ​ឲ្យ​សន្តិសុខ​មាន​ភាព​ប្រសើរ​ឡើង​រួច​ហើយ​ ដោយ​រួម​បញ្ចូល​ទាំង​ការ​បង្កើត​រចនាសម្ព័ន្ធ​និង​បង្កើន​កម្លាំង​មនុស្ស​ដើម្បី​ធានា​ដល់​ការ​ការពារ​សភា សាធារណជន ​និង​មន្ត្រី​ប៉ូលិស​របស់​យើង»។

អគារ​ដែល​ជា​កន្លែង​សភា​ជួប​ប្រជុំ​បាន​ត្រូវ​ជួយការពារ​ដោយ​ឆ្មាំ​ការពារ​ជាតិ​ ហើយ​នឹង​ហ៊ុមព័ទ្ធ​ដោយ​របង​សន្តិសុខ​ខ្ពស់ៗ​នៅ​ជុំវិញ​បរិវេណ​ ចាប់​តាំង​ពីមាន​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៦ ខែ​មករា​ទៅ​លើ​វិមាន​សភា​ដោយ​ក្រុម​អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី Donald Trump មក។

ការគំរាម​កំហែង​នេះ បាន​បណ្តាល​ឲ្យ​រដ្ឋសភា​ផ្អាក​សម័យ​ប្រជុំ​របស់​ខ្លួន តែ​ព្រឹទ្ធសភា​មាន​គម្រោង​ជួប​ប្រជុំ​គ្នា។

ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដែល​ចំ​ថ្ងៃ​ទី​៤ ខែ​មីនា ​មាន​ជាប់​ទាក់ទិន​ទៅ​នឹង​ទ្រឹស្តី​នៃគំនិត​ឃុបឃិត​ទុច្ចរិត​មួយ​របស់​ក្រុម​ស្តាំ​និយម​ ដែលថា​លោក Trump នឹង​វិលត្រឡប់​ទៅ​កាន់​អំណាច​វិញ​នៅ​ថ្ងៃ​ទី៤ ខែ​មីនា​នេះ ដោយ​លោកធ្លាប់​បាន​អះអាង​មិន​ពិត​ម្តងហើយ​ម្តង​ទៀត​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ច្រើន​ដែល​បាន​ធ្វើ​ឲ្យ​លោក​ចាញ់​ឆ្នោត។

ថ្ងៃ​ទី៤ ខែមីនា ធ្លាប់​ជាថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​សម្រាប់​ប្រធានាធិបតី​អាមេរិក មុន​ពេល​ត្រូវ​ប្តូរ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី២០ ខែ​មករា​វិញ​ ក្នុង​ឆ្នាំ​១៩៣៣៕

XS
SM
MD
LG