ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​សង្ឃឹម​ថា​នឹង​អាច​ជួយ​បន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


ផែនទី​បង្ហាញ​ពី​​ដែន​សមុទ្រ​ដែល​ចិន​ទាមទារ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
ផែនទី​បង្ហាញ​ពី​​ដែន​សមុទ្រ​ដែល​ចិន​ទាមទារ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ ការ​សន្ទនា​ជា​ប្រចាំ​របស់​ខ្លួន​ជាមួយ​ភាគី​ជម្លោះ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​អាច​នឹង​កាត់​បន្ថយ​ភាព​តាន​តឹង។​ សហរដ្ឋ​អាមេរិក​ ចង់​ឃើញ​គូភាគី​ទាំង​អស់​ដោះស្រាយ​ទំនាស់​នេះ​ដោយ​សន្តិវិធី​ ដើម្បី​ផលប្រយោជន៍​សន្តិភាព​ពិភពលោក។​

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ថ្លែង​ថា ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជួប​ពិភាក្សា​ជា​ប្រចាំ​ជាមួយ​នឹង​គូភាគី​ជម្លោះ​ទាំង​អស់​ដែល​ទាមទារ​ដែន​កោះ​នៅ​ដែន​សមុទ្រ​ចិនភាគ​ខាងត្បូងដើម្បី​អ្វី​មួយ​ដែល​លោក​អះអាង​ថា ​ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ស្កត់ ម៉ាស៊ែល ​(Scot Marciel) ​ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​និង​តំបន់​អាស៊ាន​ដែល​បាន​ផ្តល់កិច្ច​សម្ភាសន៍មួយ​ដល់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ដើម្បី​ជួប​ជាមួយ​មន្ត្រី​កម្ពុជា។

លោក​ Marciel ថ្លែង​ថា៖ «យើង​មាន​ការ​សន្ទនា​ទៀង​ទាត់​ជាមួយ​ភាគី​ទាំង​អស់​ហើយ​យើង​បាន​ផ្លាស់ប្ដូរ​ យោបល់​អំពី​វិធីសាស្ត្រ​ដែល​ប្រហែល​ជា​អាច​កាត់​បន្ថយ​ភាព​តានតឹង​បាន។​ ប៉ុន្តែ ចំណាប់​អារម្មណ៍​សំខាន់​របស់​យើង​គឺ​ថា ពិភព​លោក​ទាំងមូល​មាន​ផលប្រយោជន៍​ចំពោះ​សន្តិភាព​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ចង់​ឃើញ​ការ​ ដោះស្រាយ​បញ្ហា​ទាំង​នេះ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​និងមាន​លក្ខណៈ​ការទូត។ ដូច​នេះ​យើង​នឹង​បន្ត​នាំសារ​នេះ​ទៅ​គ្រប់​រដ្ឋធានី​និង​រាជធានី​ដែល​ពាក់ព័ន្ធ»។

លោក​ថ្លែង​បញ្ជាក់​ចំៗ​ឈ្មោះ​ប្រទេស​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ទាំង​នោះ​គឺ​ ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូចជា​ វៀតណាម​ ហ្វីលីពីន ម៉ាឡេស៊ី ​និង​ព្រុយណេ​ ដែល​ស្ថិត​ក្នុង​តំបន់​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក ​បាន​កំណត់​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ថា​ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ផង​នោះ។

លោក ​ស្កត់ ម៉ាស៊ែល ​បាន​អះអាង​ថា ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ពិត​ជា​រឿង​ដ៏​សំខាន់។​ តែ​សហរដ្ឋ​អាមេរិក​ប្រកាន់​គោលជំហរ​របស់​ខ្លួន​ដដែល​គឺ​មិន​លម្អៀង​ទៅ​រក​ប្រទេស​ណា​មួយ​ដែល​មាន​ជម្លោះ​ក្នុង​ការ​ទាមទារ​ដែន​កោះ​នៅ​សមុទ្រ​ចិនខាង​ត្បូង​នោះ​ទេ។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​យើង​និយាយ​ដដែលៗ​ អ្វី​ដែល​សំខាន់​គឺ​របៀប​នៃ​ការ​ដោះស្រាយ​ជម្លោះ​តាម​សន្តិវិធី​ ដោយ​ប្រើ​យន្តការ​ការ​ទូត​និង​តាម​យន្តការ​ច្បាប់។​ មិន​មែន​ដោយ​ការ​បង្ខិត​បង្ខំ​គំរាម​កំហែង​ខាង​សេដ្ឋកិច្ច​នោះ​ទេ។​ ដូចនេះ​យើង​ប្រកាន់​គោលជំហរ​ជាប់លាប់​ គឺ​ដំបូង​គាំទ្រ​ឲ្យ​មាន​ការ​ចរចា​អំពី​ក្រមប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​រវាង​អាស៊ាន​និង​ចិន​ ដែល​នឹង​កំណត់​នូវ​ច្បាប់​ទម្លាប់​នៃ​ការ​ប្រតិបត្តិ​មួយ​ចំនួន។​ ហើយ​យើង​ក៏​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​និមួយៗ​ចៀស​វាង​នូវ​សកម្មភាព​ដែល​បង្កើន​ភាព​តាន​តឹង​ ពីព្រោះ​វា​នឹង​ត្រូវ​ប្រើ​ប្រាស់​ពេលវេលា​មួយ​រយៈ​ដើម្បី​ដោះស្រាយ​ទំនាស់​អធិបតេយ្យភាព​ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​ដែល​ជម្លោះ​ត្រូវ​បាន​ដោះស្រាយ​តាម​សន្តិវិធី​ដោយ​ភាគី​ម្ខាងៗ​ ចៀសវាង​ឲ្យ​បាន​នូវ​ទង្វើ​ដែល​បង្ក​ភាព​តានតឹង»។

ប្រទេស​ចិន​បង្ហាញ​ការ​រំលោភ​បំពាន​លើ​ប្រទេស​នានា​ដែល​ទាមទារ​យក​ដែន​ កោះ​ដែរ​នោះ​ ដោយ​បាន​ប្រើ​កម្លាំង​យោធា​គំរាម​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ សហរដ្ឋ​អាមេរិក​ទាំង​នោះ​ ក្នុង​តំបន់​ដូច​ជា​ហ្វ៊ីលីពីន ​និង​វៀតណាម​ជាដើម។​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ចន ឃែរី​ (John Kerry) ​បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​សម្របសម្រួល​មួយ​ក្នុង​ពេល​កិច្ច​ប្រជុំ​វេទិកា​សន្តិសុខ​តំបន់​ក្នុង​ប្រទេស​ភូមា​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ ​ដោយ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​បញ្ឈប់​សកម្មភាព​បង្ក​ជម្លោះ។

សំណើ​ដែល​មិន​ទាន់​មាន​ការ​គាំទ្រ​ពេញលេញ​នេះ​ កើត​ឡើង​ក្រោយ​ពេល​ ប្រទេស​ចិន​បាន​ដាក់​ការដ្ឋាន​ខួងប្រេង​ក្នុង​ដែន​សមុទ្រ​ដែល​ប្រទេស​ក្នុង​តំបន់​ អាស៊ាន​បាន​ទាមទារ​ជា​កម្មសិទ្ធិ​ផង​នោះ។​ បញ្ហា​នេះ​ត្រូវ​គេ​សង្កេត​ឃើញ​ថា បាន​បង្ក​ទៅ​ជា​ជម្លោះ​តានតឹង​ក្នុង​តំបន់។​ សំណើ​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ ចន ឃែរី ​ត្រូវ​បដិសេធ​ដោយ​ប្រទេស​ចិន។​ ហើយ​សមាជិក​អាស៊ាន​ខ្លះ​រារែក​ក្នុង​ការ​បង្ហាញ​ជំហរ​នៅ​ឡើយ។

ក្នុង​សប្តាហ៍​នេះ​លោក​ ស្កត់ ម៉ាស៊ែល​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បី​ក្នុង​តំបន់​ អាស៊ាន​ គឺ​ថៃ ​កម្ពុជា​និង​វៀតណាម​ ដើម្បី​អ្វី​មួយ​ដែល​គេ​គិត​ថា​ជា​ការ​ស្វះស្វែង​រក​ឲ្យ​មាន​ការ​គាំទ្រ​សំណើ​បញ្ឈប់​ការ​បង្ក​ជម្លោះ​ក្នុង​តំបន់​ដែន​សមុទ្រ​ដែល​មាន​ ជម្លោះ។​ លោក​ម៉ាស៊ែល​ថ្លែង​ថា​ ក្នុង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ វៀតណាម​ទំនង​ជា​មាន​ការ​ពិភាក្សា​គ្នា​អំពី​ជំហរ​វៀតណាម​ចំពោះ​បញ្ហា​សមុទ្រ​ ចិន​ខាង​ត្បូង​ដែរ។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «បាទ​ជា​រឿយៗ​ខ្ញុំ​តែង​តែ​និយាយ​អំពី​រឿង​នេះ​ពេល​ខ្ញុំ​នៅ​ប្រទេស​វៀតណាម។ យើង​នឹង​បញ្ជាក់​ម្ដង​ទៀត​នូវ​គោល​ជំហរ​របស់​យើង ​និង​អ្វី​ដែល​យើង​គិត។​ ខ្ញុំ​ច្បាស់​ថា​ ប្រទេស​វៀតណាម​នឹង​មាន​យោបល់​ថា​ តើ​ត្រូវ​សម្រួល​ភាព​តានតឹង​ដោយ​វិធី​ណា។​ យើង​ពិត​ជា​រីករាយ​នឹង​ស្ដាប់​នូវ​យោបល់​ទាំង​នោះ​ផង​ដែរ»។

បញ្ហា​ទាមទារ​ដែន​អធិបតេយ្យ​នៅ​ដែន​សមុទ្រ​ភាគខាង​ត្បូង​ប្រទេស​ចិន​បាន​ ក្លាយ​ទៅ​ជា​រឿង​មួយ​ដែល​អាស៊ាន​ត្រូវ​គេ​មើល​ឃើញ​ថា ​គ្មាន​សាមគ្គីភាព​នោះ​ទេ។​ ដោយសារ​ប្រទេស​អាស៊ាន​ខ្លះ​ដែល​គ្មាន​ជម្លោះ​ផ្ទាល់​ជាមួយ​ចិន​ហាក់​ដូច​ជា​មិន​សូវ​ចង់​ធ្វើ​សកម្មភាព​អ្វី​ដែល​បង្ក​វិវាទ​ជាមួយ​ចិន​ដូច​ប្រទេស​ដែល​មាន​ជម្លោះ​ផ្ទាល់។

លោក​នាយ​ឧត្តមនាវី ​សាំញូអ៊ែល ​ឡុកលៀ ​(Samuel J. Locklear) ​មេ​បញ្ជាការ​ កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វ៊ិក ​បាន​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា ​កង​យោធា​សហរដ្ឋ​អាមេរិក​និង​ចិន ​មាន​ការ​ប្រឈម​មុខ​គ្នា​ខ្លះ​ក្នុង​តំបន់​ខាង​កើត​និង​សមុទ្រ​ចិន​ភាគខាង​ត្បូង។​ តែ​លោក​ថា​ សហរដ្ឋ​អាមេរិក​នឹង​ព្យាយាម​ធ្វើ​ កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ចិន​ដើម្បី​បន្ថយ​ការ​ប្រឈម​មុខ​ទាំង​នោះ។

លោក Locklear​ ថ្លែង​ថា៖ «យើង​នឹង​បន្ត​ធ្វើ​ការ​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​នឹង​ដៃគូរ​ចិន​របស់​យើង​លើ​បញ្ហា​ដែល​ទាក់ទង​ ជា​ពិសេស​បញ្ហា​កម្លាំង​សន្តិសុខ​ផ្ទៃ​សមុទ្រ​និង​កម្លាំង​យោធា​ថា​ តើ​យើង​ត្រូវ​ប្រតិបត្តិការ​វិធី​ណា​ប្រកប​ដោយ​វិជ្ជាជីវៈ​រវាង​គ្នា​និង​គ្នា។ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​នឹង​លុប​បំបាត់​លទ្ធភាព​ដែល​អាច​មាន​ការ​យល់​ច្រឡំ​ ហើយ​ឈាន​ដល់អ្វី​ដែល​ជា​សកម្មភាព​តានតឹង​ខ្លាំង​ឡើង​នោះ»។

ប្រទេស​អាស៊ាន​និង​ចិន​កំពុង​តាក់តែង​ក្រម​ប្រតិបត្តិ​មួយ​ដើម្បី​ស្វះស្វែង​រក​ការ​ បញ្ចប់​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​ចិន​និង​អាស៊ាន​ ហើយ​នឹង​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​នយោបាយ​និង​សន្តិសុខ​ ស្ថិរភាព​រវាង​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក។​ អាស៊ាន​ដែល​មាន​នយោបាយ​មិន​ជ្រៀត​ជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​សមាជិក​ទាំង​១០​នោះ ​ហាក់​ដូច​ជា​រួញរា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ពេល​ចិន​ដែល​ មាន​ឥទ្ធិពល​ក្នុង​តំបន់ ​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​មាន​ជម្លោះ​តែ​ប៉ុណ្ណោះ។​ តែ​ប្រទេស​អាស៊ាន​ខ្លះ​បាន​អះអាង​ថា អាស៊ាន​១០​ប្រទេស​ដែល​បាន​តាក់តែង​ក្រមប្រតិបត្តិ​រួម​គ្នា​នោះ​ គួរ​រួម​គ្នា​ចរចា​តាម​រយៈ​ពហុភាគី​និង​តាម​រយៈ​សំឡេង​រួម​តែ​មួយ​របស់​អាស៊ាន​ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​នេះ​ជាមួយ​នឹង​ចិន៕

XS
SM
MD
LG