ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ចរចា​រវាង​ចិន​និង​អាស៊ាន​មិន​រំពឹង​ថា​នឹង​មាន​ដំណោះស្រាយ​សម្រាប់​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង​ទេ


រូបថត​ពី​លើ​យន្តហោះ បង្ហាញ​នាវា​ល្បាត​របស់​ចិន​Haijian លេខ​៤៩ (មុខ) និង​កប៉ាល់​Haijian លេខ​៥០ បើក​ក្នុង​សមុទ្រ​ចិន​ខាង​កើត កាលពី​ខែ​ថ្ងៃ​ទី​២៣​មេសា ឆ្នាំ​២០១៣​នេះ។

វ៉ាស៊ីនតោន៖​ ភាព​តាន​តឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​សប្តាហ៍​នេះ​ រវាង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ពី​ប្រទេស​ចិន​និង​សមាជិក​ ១០​ នៃ​សមាគម​ប្រទេស​ អាស៊ី​អាគ្នេយ៍​ ឬ​ អាស៊ាន។​ បញ្ហា​នេះ​រំពឹង​ថា​ នឹង​ជា​ការ​យកចិត្ត​ទុក​ដាក់​ដ៏​ធំ​មួយ​នៅ​ក្នុង​របៀបវារៈ​នៅ​ទី​ក្រុង​ ប៉េកាំង​ដែរ។​ បញ្ហា​នេះ​ក៏​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​របៀប​វារៈ​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​ ប្រ៊ុយណេ​ រវាង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ក្នុង​តំបន់​ ជា​មួយ​សមភាគី​ពី​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃទៀត​ផង​ តែ​ ដំណោះ​ស្រាយ​មួយ​ប្រហែល​ទំនងជា​មិន​អាច​សម្រេច​បាន​ទេ។​

ប្រទេស​សមាគម​ អាស៊ាន​ ចង់​បាន​ដំណោះស្រាយ​ដ៏​ឆាប់​រហ័ស​ដើម្បី​ធ្វើ​កិច្ច​ចរចា​អំពី​ក្រម​ប្រតិបត្តិ​មួយ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង​ និង​កិច្ច​ចរចា​ពហុភាគី​ស្តី​ពី​ជម្លោះ​ដែន​ទឹក​នៅ​ជុំវិញនិង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ តែ​ជំហរ​ទាំង​ពីរ​នេះ​ មាន​ទំនាស់​ជា​មួយ​រដ្ឋាភិបាល​ចិន​ ដែល​បាន​ដំឡើង​ការ​ទាមទារ​យក​ដែន​ទឹក​សមុទ្រ​របស់​ខ្លួន​កាន់​តែ​តឹង​ឡើងៗ។

Click to enlarge
Click to enlarge
បន្ទាប់​ពី​បាន​ចំណាយ​ពេល​កន្លះ​ថ្ងៃ​នៅកន្លែង​លំហែកាយ​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​នេះ​ រដ្ឋមន្រ្តី​ការ​បរទេស​របស់​សមាគម​ អាស៊ាន​ បាន​ប្រកាស​ថា​ខ្លួន​នឹង​និយាយ​ដោយ​សំឡេង​តែ​មួយ​ អំពី​បញ្ហា​ធ្វើ​កិច្ច​ចរចា​យ៉ាង​ឆាប់​រហ័ស​លើ​ក្រម​ប្រតិបត្តិ​ដែល​គេ​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ​ ដើម្បី​ទុក​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​តម្រូវ​ឲ្យ​ហត្ថលេខី​គោរព​តាម​ សម្រាប់
គ្រប់​គ្រង​សកម្មភាព​នាវាចរ​ និង​រៀបចំ​ធ្វើ​វេទិកា​មួយ​សម្រាប់​កិច្ច​ចរចា​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​ទឹក​នោះ​ផង។​

លោក​ James​ Clad​ អតីត​ឧបការី​រង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​នៃសហរដ្ឋ​អាមេរិក​ ថ្លែង​ថា​ សេចក្តី​ប្រកាស​របស់​សមាគម​ អាស៊ាន​ ទំនង​ជា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ច្រើន​ទេ។

«ទី​មួយ​គឺ​ខ្ញុំ​មិន​ជឿ​ថា​ អាស៊ាន​ នឹងអាច​និយាយ​ដោយ​សំឡេង​តែ​មួយ​បាន​ទេ។​ ជា​បថម​ រដ្ឋាភិបាល​កម្ពុជា​ កន្លែង​ដែល​កិច្ច​ប្រជុំ​មួយ​របស់​ប្រមុខ​រដ្ឋ​បាន​ប្រព្រឹត្ត​ធ្វើ​មិន​យូរ​ប៉ុន្មាន​ថ្មីៗ​នេះ​ បាន​ខំ​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើ​តម្រូវ​ចិត្ត​មិត្ត​របស់​ខ្លួន​នៅ​ក្រុង​ ប៉េកាំង។​ ដូច្នេះ​ គំនិត​ថា​នឹង​មាន​សំឡេង​តែ​មួយ​ពី​ អាស៊ាន​ នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ តាម​ធម្មជាតិ​និងតាម​បទ​ពិសោធន៍​ គឺ​ប្រហែល​មិន​អាច​ទៅ​រួច​ទេ។​ ទោះ​ជា​យ៉ាង​នេះ​ក៏​ខ្ញុំ​គិត​ថា​ ជា​ការ​ល្អ​ដែល​គេ​ចាប់​ផ្តើម​ជា​មួយ​នឹងការ​និយាយ​កម្លា​ តែ​ខ្ញុំ​មិន​គិត​ថា​កិច្ច​ចរចា​ជា​មួយ​ប្រទេស​ចិន​នឹង​មាន​ចេញ​ជា​លទ្ធផល​ដ៏​សំខាន់​ណា​មួយ​ទេ​ ពីព្រោះ​ចិន​មុខ​ជានឹង​លើក​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​ ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ជា​រៀង​រហូត​មក»។

កម្ពុជា-ចិន

ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​កម្ពុជា​និង​ចិន​បាន​ទទួល​ការ​ពិនិត្យ​ពិច្ច័យ​យ៉ាង​ដិតដល់​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​កម្ពុជា​បាន​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ​នៃ​សន្និសីទ​កំពូល​របស់​ អាស៊ាន​ នៅ​ក្រុង​ភ្នំពេញ។​ ក្នុង​នោះ​ ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​ក្រុម​រដ្ឋមន្រ្តីមិន​អាច​យល់​ស្រប​គ្នា​បាន​ លើ​ភាសា​នៃ​សេចក្តី​ប្រកាស​រួម​មួយ​ ជា​សញ្ញា​ដែល​បង្ហាញ​ថា​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​បន្ត​រវាង​រដ្ឋ​មន្រ្តី​ទាំង​ ១០។​

កាល​ពី​សប្តាហ៍​មុន​ រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​បាន​ធ្វើ​កិច្ច​ចរចា​ជា​មួយ​សមភាគី​ពី​ប្រទេស​ចិន​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាង​មុន​រវាង​ អាស៊ាន​និង​ចិន។​ ក៏​ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ​កម្ពុជា​ លោក​ ឡៅ ម៉ុងហៃ​ បាន​ប្រាប់​ វីអូអេ​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​លេង​ល្បែង​ចាស់របស់​ចិន។

ប្រទេស​ចិន​និយាយ​ថា​ ខ្លួន​មិន​រួសរាន់​នឹង​ធ្វើ​ការ​ចរចា​អំពីក្រម​ប្រតិបត្តិ​មួយ​ទេ​ ហើយ​ក៏​ប្រឆាំង​ទល់​នឹង​ដំណោះ​ស្រាយ​ពហុភាគី​ចំពោះ​ជម្លោះ​ដែន​ទឹក​នេះ​ ដោយ​ចង់​ធ្វើ​កិច្ច​ចរចា​ជា​ឧភតោភាគី​ជា​មួយ​ប្រទេស​ជិតខាង​របស់​ខ្លួន​ មួយ​ទល់​នឹង​មួយ​វិញ។

ផ្នែកកាទូតរបស់ស.រ.អា

សរអា​ដែល​និយាយ​ថា​ខ្លួន​មិនគាំទ្រ​ភាគី​ណា​មួយ​នៅ​ក្នុង​ជម្លោះ​ដែន​ទឹក​នេះ​ បាន​ដំឡើង​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​ទូត​នៅ​ក្នុង​បញ្ហា​នេះ។

លោក​ David​ Shear​ ឯកអគ្គរដ្ឋទូត​សរអា​ប្រចាំ​ប្រទេស​ វៀតណាម ​បាន​ប្រាប់​វីអូអេ​ថា​ ក្រម​ប្រតិបត្តិ​មួយ​ជា​ជំហាន​ដ៏​សំខាន់សម្រាប់​តំបន់។

«យើង​កំពុង​ចូល​រួម​នៅ​ក្នុង​កិច្ច​ចរចា​ដ៏​សកម្ម​មួយ​ជា​មួយ​មន្រ្តី​ វៀតណាម​ អំពី​បញ្ហា​នេះ​ ហើយ​យើង​និយាយ​គ្នា​អំពី​បញ្ហា​ផ្សេងៗ​ទៀត​ រួម​ទាំង​សកម្មភាព​នៅ​លើ​ទឹក​ រួម​ទាំង​បញ្ហា​ទាក់​ទង​នឹង​ការ​ចរចា​ជា​មួយ​ភាគី​ចិន​ស្តី​អំពី​ក្រម​ប្រតិបត្តិ​មួយ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​យើង​ជឿ​ថា​បើ​យក​ទៅ​អនុវត្ត​ នឹង​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​យ៉ាង​ច្រើន​នៅ​លើ​ទឹក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង»។

សរអា​និង​វៀតណាម​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​បញ្ហា​មួយ​ចំនួន​ ដូច​ជា​សិទ្ធិ​មនុស្ស។​ ប៉ុន្តែ​លោក​ Alexander​ Vuving​ នៃ​មជ្ឈមណ្ឌល​ អាស៊ី​-ប៉ាស៊ីហ្វ៊ីក​ សម្រាប់​ការ​សិក្សា​សន្តិសុខ​ មាន​ជំនឿ​ថា​ ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​មួយ​រវាង​សរអា​និង​វៀតណាម​ ពិត​ជា​អាច​ធ្វើ​ឲ្យ​សម្រេច​បាន​នៅ​ក្នុង​រយៈ​ពេល​យូរ​ ដោយ​មក​ពី​មាន​ភាព​គឃ្លើន​របស់​ចិន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ការ​«ងាក​រេ»​របស់​រដ្ឋបាល​លោក​ អូបាម៉ា​ ឆ្ពោះ​ទៅ​រក​ទ្វីប​ អាស៊ី។

លោក​ Vuving​ និយាយ​ថា​ នៅ​មាន​ឧបសគ្គ​ច្រើន​ទៀត​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​វៀតណាម​និង​សរអា​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ។​ តែ​លោក​ថ្លែង​ថា​ ក្នុង​រយៈ​ពេល​យូរ​ទៅ​មុខ​ ការ​ទាក់​ទង​ឧភតោភាគី​នេះ​នឹង​មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង​ជាង​មុន​ ដោយ​មក​ពី​ប្រទេស​ចិន​ធ្វើ​សេចក្តី​ប្តេជ្ញា​កាន់​តែ​ខ្លាំងនៅ​ក្នុង​ការ​ទាម​ទារ​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​ក្នុ្ងង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​ការ​ប៉ះ​ទង្គិច​ផ្ទាល់​ជា​មួយ​ផល​ប្រយោជន៍​របស់​វៀតណាម​នៅ​ក្នុង​ជម្លោះ​ទឹក​សមុទ្រ​នេះ។

ហ្វីលីពីន

សរអា​ក៏​កំពុង​និយាយ​ជា​មួយ​ប្រទេស​ ហ្វ៊ីលីពីន​ដែរ​ រួម​ទាំង​កិច្ច​ចរចា​អំពី​ការ​ដំឡើង​វត្តមាន​ផ្លាស់​វេន​នៃ​កង​កម្លាំង​និង​សម្ភារៈ​របស់​សរអា។​ កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​រដ្ឋមន្រ្តី​ការ​ពារ​ប្រទេស​ Chuck​ Hagel​ បានប្រកាស​អំពី​ការ​ដំឡើងថវិកា​យ៉ាង​ច្រើន​របស់​សរអា​ សម្រាប់​កម្មវិធី​អប់រំ​និង​ហ្វឹក​ហ្វឺន​ផ្នែក​យោធា​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។​

លោក​អតីត​ឧបការី​រង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ James​ Clad​ ថ្លែង​ថា​ ការ​ចូល​រួម​របស់​សរអា​កំពុង​ជួយ​ពង្រឹង​ជំហរ​របស់​ប្រទេស​នៃ​សមាគម​ អាស៊ាន។​

«ខ្ញុំ​គិត​ថា​ អ្វី​ដែល​ត្រូវ​យល់​គឺថា​ ជា​មួយ​រដ្ឋបាល​នេះ​ ការ​មាន​ប្រៀប​ធំ​ ការ​ចំណេញ​ធំ​នៅ​ក្នុង​កិច្ចការ​ទូត​ គឺ​ លោក​អតីត​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ Robert​ Gates​និង​លោក​ស្រី​អតីត​រដ្ឋមន្រ្តី​ការ​បរទេស​ Hillary​ Clinton​ បាន​អញ្ជើញ​ទៅ​ក្រុង​ Hanoi​ ក្នុង​ឆ្នាំ​ ២០១០​ ហើយ​បាន​សម្តែង​អំពី​ជំហរ​របស់​ប្រទេស​អាមេរិក​ថា​ បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ​ជា​ពហុភាគី។​ នេះ​ជា​ការ​ចំណេញ​យ៉ាង​ធំ​សម្រាប់​ប្រទេស​ អាស៊ាន។​ ប្រទេស​ចិន​មិន​សប្បាយ​ចិត្ត​ទេ​ នៅ​ពេល​នោះ​ក៏​ដូច​ជា​ពេល​នេះ​ដែរ។​ ដូច​នេះ​ពេល​ដែល​មហា​អំណាច​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​ប្រទេស​តូច​ជាង​ខ្លួន​ គេ​ចូល​ចិត្ត​ទាក់​ទង​ជា​ឧភតោភាគី​ ដែល​ធ្វើ​ឲ្យ​គេ​មាន​ប្រៀប​ជាង»។

លោក​ស្រី​ Su​ Xiaohui​ នៃ​វិទ្យាស្ថាន​ចិន​សម្រាប់​ការ​សិក្សា​អន្តរជាតិ​ បាន​ថ្លែង​ថា​ ប្រទេស​ចិន​មិន​អាច​ទទួល​យក​គំនិត​នៃ​ការ​ចរចា​ជា​ពហុភាគិ​បាន​ទេ។

លោកស្រី​ Xu​ ពោល​ថា​ ប្រទេស​ ហ្វ៊ីលីពីន​ ជឿ​ថា​ខ្លួន​នឹង​ចាញ់​ប្រៀប​ប្រទេស​ចិន​នៅ​ក្នុង​កិច្ច​ចរចា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ការ​អភិវឌ្ឍន៍​របស់​ចិន​នឹង​នាំ​ឲ្យ​ទន់​ខ្សោយ​ដល់​ជំហរ​របស់​ប្រទេស​ ហ្វ៊ីលីពីន។​ ហេតុ​ដូច្នេះ​ គេ​មិនចង់​ធ្វើ​កិច្ច​ចរចា​ឧភតោភាគី​ ជា​មួយ​ប្រទេស​ចិន​ទេ។​

គេ​មាន​ជំនឿ​ថា​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ធនធាន​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​សន្ធឹក​សន្ធាប់។​ នេះ​ជា​កន្លែង​ដែល​មាន​ជម្លោះ​ដែន​ទឹក​រវាង​ប្រទេស​ចិន​ និង​ប្រទេស​ឯ​ទៀត​ មាន​រួម​កោះ​ តៃវ៉ាន់​ ប្រទេស​ វៀតណាម​ ប្រ៊ុយណេ​, ម៉ាឡេស៊ី​ និង​ ហ្វ៊ីលីពីន។​ ប្រទេស​ចិន​និង​ជប៉ុន​ក៏​កំពុង​ជាប់​ជំពាក់​ក្នុង​ជម្លោះ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ នៅ​សមុទ្រចិន​ភាគ​ខាង​កើត​ដែរ៕

ព័ត៌មាននេះ បានផ្តល់ឲ្យដោយ​លោក Fred Wang ពីទីក្រុងប៉េកាំង Tra Mi ពីរដ្ឋធានី Washington និង​លោក គង់ សុឋានរិទ្ធពីរាជធានីភ្នំពេញ។ របាយការណ៍​នេះ ជា​កិច្ចសហការណ៍​របស់វីអូអេផ្នែកភាសាចិនកុកងឺ វៀតណាម និងខ្មែរ។

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន
XS
SM
MD
LG