ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​រំឭក​យុទ្ធជន​ពលី


លោក​អនុ​ប្រធាន ​Mike Pence​ បាន​ដាក់​កម្រង​ផ្កា​នៅ​​កន្លែង​បញ្ចុះសព​យុទ្ធជន​នៅ ​Arlington កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
លោក​អនុ​ប្រធាន ​Mike Pence​ បាន​ដាក់​កម្រង​ផ្កា​នៅ​​កន្លែង​បញ្ចុះសព​យុទ្ធជន​នៅ ​Arlington កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

កាលពី​ថ្ងៃចន្ទ សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​រំឭក​យុទ្ធជន​ពលី។ ​ដោយ​សារ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក​ Donald Trump ​កំពុងទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ ដូច្នេះ​លោក​អនុ​ប្រធាន ​Mike Pence​ បាន​ដាក់​កម្រង​ផ្កា​នៅកន្លែង​បញ្ចុះសព​យុទ្ធជន​នៅ ​Arlington ​ជាប់​រដ្ឋធានី​វ៉ាស៊ីនតោន។ ​

មុន​ពេល​វិល​ត្រឡប់​មក​មាតុភូមិវិញ​ ​លោក ​Trump ​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ឈប់​សម្រាកនៅថ្ងៃ​អង្គារដោយ​ថ្លែង​ទៅ​កាន់​កងទ័ព​អាមេរិក​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​ Yokosuka ​នៅ​ជិត​ទីក្រុង​តូក្យូ។​ លោក​ថ្លែង​អំពី ​«លក្ខណៈ​ជាសកល​នៃ​ភាព​ជា​ដៃគូ​រវាង​ជប៉ុន​ និង​សហ​រដ្ឋ​អាមេរិក»។​

នៅទី​បញ្ចុះ​សព​យុទ្ធជន​នៅ​ Arlington លោក​ Pence ​បាន​ប្រាប់​ឥស្សរជន​យោធា​រាប់​រយ​នាក់​និង​សាច់ញាតិ​ថា ​ពលិកម្ម​របស់​យុទ្ធជន​ទាំងនេះ​ធំធេង​ណាស់​ដែល​ស.រ.អា. «មិន​អាច​តប​ស្នង​វិញ​ឲ្យ​បាន​ពេញលេញ។ ​ការ​ពលី​ជីវិត​ដើម្បី​ជាតិ​នេះ​មិន​មាន​អ្វី​ប្រៀប​ធៀប​បាន​ទេ»។ ​

លោក​បាន​មាន​ប្រសាសន៍​ថា​ «យើង​នឹង​មិន​អាច​ភ្លេច​ពួកគេ​បាន​ទេ​ ហើយ​យើង​នឹង​មិន​ដែល​ភ្លេច​គោរព​ពួក​គេ​ទេ។កាតព្វកិច្ច​របស់ពួក​គេ​គឺ​បម្រើ​ជាតិ។ ​កាតព្វកិច្ច​របស់​យើង​គឺ​ផ្តល់​កិត្តិយស​ដល់​ពួក​គេ»។​

ព្យុះហយាត្រា​ និង​ពិធី​រំឭក​ការ​ចងចាំ​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ទាំង​តូចទាំង​ធំ​កាលពី​ថ្ងៃចន្ទ​ដើម្បី​រំឭក​នូវ​ការ​លះបង់​មិន​អាច​កាត់​ថ្លៃ​ដែល​ជន​ជាតិ​អាមេរិកាំង​រាប់សែន​នាក់​បាន​ទ្រទ្រង់​ដើម្បី​សេរីភាព​របស់​ប្រទេស​ដែល​មាន​អាយុ​២៤៣ឆ្នាំ​មក​នេះ។​

ជនជាតិ​អាមេរិក​ប្រមាណ​១លាន​១សែន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ជម្លោះ​ ​ប៉ុន្តែ​ចំនួន​ស្លាប់​ច្រើន​បំផុត​ជិត​កន្លះ​លាន​នាក់​គឺ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​សតវត្ស​ទី​១៩ រវាង​រដ្ឋភាគ​ខាងជើង​និង​រដ្ឋ​ភាគខាង​ត្បូងអំពី​បញ្ហា​ទាសភាព។ ចំនួន​ពលរដ្ឋ​អាមេរិកាំង​ស្លាប់​ច្រើន​បំផុតនៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នៅក្រៅ​ប្រទេស​គឺមាន​ជាង​៤០​ម៉ឺននាក់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២៕

XS
SM
MD
LG