លោកប្រធានាធិបតី Donald Trump បានថ្លែងថាលោកគ្រោងនឹងចេញសម្តែងការគោរពដល់ប្រជាពលរដ្ឋអាមេរិកាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃបុណ្យឯករាជ្យរបស់អាមេរិកនៅថ្ងៃទី៤ ខែកក្កដាខាងមុខ ជាការជំនួសឲ្យគម្រោងដង្ហែក្បួនយោធាដែលត្រូវបានលុបចោលកាលពីឆ្នាំមុន។
លោក Trump បានសរសេរនៅលើ Twitter របស់លោកកាលពីថ្ងៃអាទិត្យថា «នៅថ្ងៃទី៤ ខែកក្កដាខាងមុខ យើងនឹងមានពិធីជួបជុំគ្នាដ៏ធំបំផុតមួយនៅរដ្ឋធានីវ៉ាស៊ីនតោនជាប្រវត្តិសាស្ត្រ»។
ជាធម្មតានៅថ្ងៃបុណ្យឯករាជ្យតែងតែមានមនុស្សរាប់ពាន់នាក់មកជួបជុំគ្នានៅទីលាន National Mall និងមានការប្រគុំតន្ត្រីនៅវិមានរដ្ឋសភានៅពេលថ្ងៃលិច ហើយនៅពេលយប់មានការបាញ់កាំជ្រួញអបអរពិធីនេះផងដែរ។ ក៏ប៉ុន្តែលោក Trump បានថ្លែងថា ពិធីបុណ្យនៅឆ្នាំនេះលោកនឹងរៀបចំនៅបូជនីយដ្ឋាន Lincoln Memorial នៅទល់មុខនឹងលាន National Mall ហើយនឹងមានការបាញ់កាំជ្រួញ និងការសម្តែងផ្សេងៗទៀត។
លោក Trump មានបំណងរៀបចំក្បួនដង្ហែរយោធាដូចទៅនឹងពិធីបុណ្យឯករាជ្យរបស់ប្រទេសបារាំង និងបានស្នើឲ្យរៀបចំក្បួនដង្ហែរនេះនៅតាមមហាវិថី Pennsylvania ក្នុងរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់ទិវាអតីតយុទ្ធជនកាលពីខែវិច្ឆិកាឆ្នាំមុន ដែលជាខួបលើក១០០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។
ផែនការរៀបចំក្បួនដង្ហែនេះត្រូវបានលុបចោលវិញ បន្ទាប់ពីមន្ត្រីក្រសួងការពារប្រទេសធ្វើប៉ាន់ស្មានថា នឹងត្រូវចំណាយរហូតដល់៩២លានដុល្លារដើម្បីរៀបចំពិធីនេះនៅរដ្ឋធានីវ៉ាស៊ីនតោន៕