អតីតប្រធានាធិបតីស.រ.អា.ពីរនាក់នឹងថ្លែងសុន្ទរកថានៅថ្ងៃសៅរ៍នេះនៅក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធលោក John McCain សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Arizona យូរយាមកហើយនៅឯព្រះវិហារ Cathedral ជាតិក្នុងរដ្ឋធានី Washington។
លោក George W. Bush ប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋនិងលោក Barack Obama ប្រធានាធិបតីអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យនឹងរំលឹកអំពីមិត្តភក្តិរូបនេះរបស់អស់លោកនៅក្នុងពិធីមួយដែលលោក McCain បានគ្រោងនៅពេលលោកប្រយុទ្ធនឹងជំងឺមហារីកខួរក្បាល។ លោក McCain បានចាញ់លោក Bush នៅក្នុងការប្រកួតប្រជែងដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០០០ហើយលោកបានចាញ់លោក Obama នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកាំងកាលពីឆ្នាំ២០០៨។
គេបានតម្កល់សពលោក McCain នៅក្នុងអាគារសភាស.រ.អា. Capitol កាលពីថ្ងៃសុក្រ។ ភរិយារបស់លោក McCain គឺលោកស្រី Cindy កូន៧នាក់របស់លោកនិងម្តាយលោកដែលមានអាយុ១០៦ឆ្នាំជាមួយនិងសមាជិកសភាស.រ.អា.រាប់រយនាក់បានចូលរួមក្នុងពិធីមួយកាលពីថ្ងៃសុក្រនៅក្នុងកន្លែងមានដំបូលក្រឡូមនៃអាគារសភាជូនជាកិត្តិយសដល់លោក McCain។
ក្បួនដឹកម្ឈូសសពលោក McCain នៅថ្ងៃសៅរ៍នេះពីអាគារសភា Capitol ទៅកាន់ព្រះវិហារ Cathedral ជាតិនឹងឈប់នៅឯកន្លែងអនុស្សាវរីយ៍សង្គ្រាមវៀតណាមដែលនៅទីនោះលោកស្រី Cindy McCain នឹងដាក់កម្រងផ្កាមួយជូនជាកិក្តិយសដល់ជនដែលបានបូជាជីវិតនៅក្នុងសង្គ្រាមនោះ។
បន្ថែមពីលោក Obama និងលោក Bush ជនឯទៀតៗដែលមានកំណត់ថ្លែងសម្តែងការគោរពដល់វិញ្ញាណក្ខន្ធលោក McCain មានរួមបញ្ចូលលោក Lindsey Graham សមាជិកព្រឹទ្ធសភាស.រ.អា., លោកអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. Henry Kissinger ដែលបានផ្តល់ការណែនាំអំពីបញ្ហាប្រទេសវៀតណាមដល់លោក Richard Nixon ដែលជាប្រធានាធិបតីអាមេរិកាំងនៅពេលនោះ ព្រមទាំងពួកសមាជិកគ្រួសារលោក McCain ផងដែរ។
អ្នកលើកម្ឈូសលោក McCain មានរួមបញ្ចូលតារាភាពយន្ត Warren Beatty លោកអតីតអនុប្រធានាធិបតី Joe Bidenលោក Michael Bloomberg អតីតអភិបាលបុរីញូវយ៉ក និងអ្នកប្រឆាំងរុស្ស៊ីលោក Vladimir Kara-Murza៕