ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារមន្ទីរ​ស.រ.អា.​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​រៀបចំ​ពិព័រណ៍​អំពី​អំពើ​វាល​ពិឃាដ​របស់​ខ្មែរក្រហម


សារមន្ទីរ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​រៀបចំ​តាំង​ពិព័រណ៍​ដ៏​កម្រមួយ​ស្តី​អំពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​នៅ​ខែ​ឧសភា​នេះ។​ ពិព័រណ៍​នេះ​រួម​មាន​រូបថត​អំពី​ទារុណកម្ម​នៅ​គុក ទួលស្លែង និង​ពិព័រណ៍​ជា​សម្ភារៈ​ផ្ទាល់​ខ្លួន​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម។ (រូបថត​ដោយ៖ ទែន សុខស្រីនិត)
សារមន្ទីរ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​រៀបចំ​តាំង​ពិព័រណ៍​ដ៏​កម្រមួយ​ស្តី​អំពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​នៅ​ខែ​ឧសភា​នេះ។​ ពិព័រណ៍​នេះ​រួម​មាន​រូបថត​អំពី​ទារុណកម្ម​នៅ​គុក ទួលស្លែង និង​ពិព័រណ៍​ជា​សម្ភារៈ​ផ្ទាល់​ខ្លួន​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម។ (រូបថត​ដោយ៖ ទែន សុខស្រីនិត)

សារមន្ទីរ​ស.រ.អា.អំពី​អំពើ​ប្រល័យ​ពូជសាសន៍ United States​ Holocaust​ Memorial Museum ​កំពុង​រៀបចំ​ការ​តាំង​ពិព័រណ៍​អំពី​អំពើ​វាល​ពិឃាដ​ខ្មែរក្រហម​ដើម្បី​ឲ្យ​ភ្ញៀវ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ជុំវិញ​ពិភពលោក​ទស្សនា​ផង​ដែរ។

ការ​រៀបចំ​តាំង​ពិព័រណ៍នេះ​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល​ គឺ​ការ​តាំង​ពិព័រណ៍​នៅ​ក្នុង​សារមន្ទីរ​ផ្ទាល់​ និង​ការ​តាំង​ពិព័រណ៍តាម​រយៈ​គេហទំព័រ​អំពី​រូប​គំនូរ​នៃ​សកម្មភាព​របស់​ខ្មែរក្រហម​ទាក់ទង​នឹង​កាប់​សម្លាប់​ ការ​ធ្វើ​ទារុណកម្ម​ក្នុង​ទសវត្សរ៍​១៩៧០​ ហើយ​នឹង​រូបភាព​នានា​របស់​ជន​រងគ្រោះ​ផង​ដែរ។​

សារមន្ទីរ​ស.រ.អា.អំពី​អំពើប្រល័យ​ពូជសាសាន៍​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នឹង​សម្រាំង​កន្លែង​ដើម្បី​ដាក់​តាំង​រូប​សម័យ​ខ្មែរក្រហម​នៅ​ខែ​ឧសភា​នេះ​ រួមទាំង​រូបភាព​ធ្វើ​ទារុណកម្ម ​កាប់​សម្លាប់​ក្នុង​គុក​ទួលស្លែង ​ទីកន្លែង​ដទៃ​ទៀត​ ហើយ​នឹង​រូបភាព​ជន​រងគ្រោះ​នៃ​របប​វាល​ពិឃាដ​នេះ​ផង​ដែរ។​

ផ្ទាំង​គំនូរធំៗ​ ដែល​មាន​រូបភាពទាក់ទង​នឹង​ការ​កាប់​សម្លាប់​ ការ​ធ្វើ​ទារុណកម្ម​ និង​សកម្មភាព​របស់​ខ្មែរក្រហម​ជា​ច្រើន​ទៀត​ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩​ ហើយ​និង​រូបភាព​ជន​រងគ្រោះ​ ដែល​និយាយ​អំពី​ការ​ទាមទារ​យុត្តិធម៌ ​ត្រូវ​គេដាក់​តាំង​ទាំង​ក្នុង​សារមន្ទីរ ​និង​លើ​គេហទំព័រ ឬ​វេបសាយ​របស់​សារមន្ទីរ​ស.រ.អា.​អំពីអំពើ​ប្រល័យ​ពូជសាសន៍​គឺ ​Holocaust ​Museum។​

រូបថត​ជនរងគ្រោះ​នៅ​សារៈមន្ទី​ទួលស្លែង
រូបថត​ជនរងគ្រោះ​នៅ​សារៈមន្ទី​ទួលស្លែង

លោក ​Gregory Naranjo ​អ្នក​បង្កើត​ការ​តាំង​ពិព័រណ៍នៃ​សារមន្ទីរ ​Holocaust Museum​ បាន​ថ្លែង​ថា​ ឧក្រិដ្ឋកម្ម​សម័យ​ខ្មែរក្រហម​ជា​ឧក្រិដ្ឋកម្ម​អាក្រក់​បំផុត​ ដែល​ធ្វើឲ្យ​មនុស្ស​ជាង​១លាន​៧សែន​នាក់​ត្រូវ​សម្លាប់។​ ការ​តាំង​ពិព័រណ៍នេះ​ គឺ​ជា​ការ​រំឭកឲ្យ​ដឹង​ថា ​ឧក្រិដ្ឋ​កម្ម​របៀប​នេះ​មិនមែន​ចប់​ក្រោយ​ពេល​មាន​អំពើ​កាប់​សម្លាប់​នោះ​ទេ។​

«យើង​សង្ឃឹម​ថា​ ដោយ​មិន​ត្រឹមតែ​សម្លឹង​មើល​ចំពោះ​ការ​សម្លាប់​រង្គាល តែ​សម្លឹង​មើល​ថែម​ទៀត​អំពី​អំពើ​យង់ឃ្នង​ដទៃ​ទៀត ​ដូច​ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ការ​កាប់​សម្លាប់​នោះ​ យើង​អាច​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទស្សនា​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដែល​មក​ទស្សនា​ក្នុង​សារមន្ទីរ​និង​មនុស្ស​ច្រើន​ថែម​ទៀត​ដែល​ទស្សនា​តាម​គេហទំព័រ​របស់​យើង​។ ពួក​គេ​នឹង​គិត​ពិចារណា​អំពី​វិធី ដែល​យើង​អាច​ទប់​ស្កាត់​អំពើ​ឃោរឃៅ​ដ៏​ធំធេង ​ដោយ​យ៉ាង​ហោច​ណាស់​ក៏​បាន​ដឹង​អំពី​អំពើ​ឃោរឃៅ​ទាំង​នោះ ​បន្ទាប់​ពី​ការ​សម្លាប់​រង្គាល​កើត​ឡើង​ដែរ»។​

ការ​តាំង​ពិព័រណ៍រូបភាព​នេះ​នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ទី​១៦​ឧសភា ដល់​ខែ​តុលា​ឆ្នាំ២០១៧​ ហើយ​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​មិន​គិត​ថ្លែ។​ ការ​តាំង​ពិព័រណ៍រូបភាព​នេះជា​កិច្ច​សហការ​រវាង​សារមន្ទីរ ​Holocaust Museum​ ស.រ.អា. មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ សាលាក្តី​ខ្មែរក្រហម​ ហើយ​និង​អ្នក​រស់រាន​មាន​ជីវិត​ផង​ដែរ។​

លោកស្រី នៅ សារីម​ ជន​រងគ្រោះ​ដែល​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​ ហើយ​ជា​បុគ្គលិក​វីអូអេ​ចូលនិវត្តន៍​ បានថ្លែង​ថា​ លោកស្រី​បាន​ផ្តល់​រូបថត​ជូន​សារមន្ទីរ​ Holocaust Museum ​ជាច្រើន​ដើម្បី​ដាក់​តាំង។

អ្នក​ស្រី​នៅ​ សារឹម​ (កណ្តាល) ជាអតីត​អ្នកទោស​នៃ​មន្ទីរ​ឃុំ​ឃាំង​បឹងត្របែក​ក្នុងរបប​ខ្មែរក្រហម​ ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណីម្នាក់​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។
អ្នក​ស្រី​នៅ​ សារឹម​ (កណ្តាល) ជាអតីត​អ្នកទោស​នៃ​មន្ទីរ​ឃុំ​ឃាំង​បឹងត្របែក​ក្នុងរបប​ខ្មែរក្រហម​ ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណីម្នាក់​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

«ខ្ញុំអត់​ជំទាស់​អីទេ ​ពីព្រោះ​ខ្ញុំចង់​ឲ្យគេ​ដឹង​ឮ​ថា ​នៅ​ស្រុក​ខ្មែរ​មាន​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់។​ ដូច្នេះ ខ្ញុំ​អត់​ជំទាស់​អី​ទេ​ ខ្ញុំ​ចង់​ឲ្យ​គេ​ផ្សាយ​ ឲ្យ​គេ​ដឹង​អញ្ចឹង»។​

លោស្រី បៃ សុផានី ជន​រងគ្រោះ​ដែល​បាន​ដាក់​ពាក្យ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដើម្បី​តតាំង​នឹង​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម ​ក៏​បាន​អះអាង​ដែរ​ថា ​រឿង​លោកស្រី​ធ្វើ​សក្ខីកម្ម​ក្នុង​តុលាការ​ខ្មែរក្រហម​ត្រូវ​គេ​យក​មក​តាំង​ក្នុង​សារមន្ទីរ​ផង​ដែរ។ លោកស្រី​ក៏​បាន​អះអាង​ពី​ផល​ប្រយោជន៍​នៃ​ការ​តាំង​ពិព័រណ៍ក្នុង​សារមន្ទីរ Holocaust Museum ​ផង​ដែរ។

«ខ្ញុំ​ថា​ មាន​សារៈ​សំខាន់​ដែរ ​ជាពិសេស​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ដឹង​អំពី​រឿង​ពីមុន​មក។​ រឿង​ខ្លះ​គេ​អត់​បាន​ដឹង​ទេ។ ហើយ​ឲ្យ​អន្តរជាតិ​គេ​មើល​ឃើញ​ថា ​តើ​សម័យ​នោះ​ តើ​ខ្មែរ​រង​ទុក្ខវេទនា​យ៉ាង​ម៉េច? ​តើ​របប​កុម្មុយនីស្តខ្មែរក្រហម​ហ្នឹង​វា​ធ្វើ​បាប​យ៉ាង​ម៉េច?»​

លោកស្រី ប៉ៃ សុផានី រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា និង​លោកស្រី នៅ សារីម ដែល​រស់​នៅ​ក្នុង​រដ្ឋម៉ារីឡែន​ស.រ.អា.បាន​អះអាង​ថា​ លោកស្រី​នឹង​ព្យាយាម​ធ្វើ​ដំណើរ​មក​មើល​ការ​តាំង​ពិព័រណ៍ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ៕

XS
SM
MD
LG