ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​អាមេរិកាំង​យក​រូបថត​ពី​របប​ខ្មែរ​ក្រហម​ដាក់​តាំង​ពិព័រណ៍​នៅ​កម្ពុជាជា​លើក​ដំបូង


អ្នក​កាសែត​អាមេរិកាំង​ និង​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​​គឺ​លោកស្រី​អេលីហ្សាបែត​ ប៊ែកខឺ​ (ស្តាំ)
អ្នក​កាសែត​អាមេរិកាំង​ និង​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​​គឺ​លោកស្រី​អេលីហ្សាបែត​ ប៊ែកខឺ​ (ស្តាំ)

រូបថត​ដ៏​កម្រ​អំពី​ទិដ្ឋភាព​នានា​ក្នុងរបប​ខ្មែរ​ក្រហម​ និង​ខ្សែអាត់​សំឡេង​នៃ​បទ​សម្ភាស​ជាមួយ​មេ​ដឹកនាំ​កំពូល​របស់​របប​នេះ​ នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ដល់​សាធារណជន​ខ្មែរ​ជា​លើក​ដំបូង​នៅ​សប្តាហ៍​ក្រោយ​នេះ​នៅ​ឯ​មជ្ឈ​មណ្ឌលធនធាន​សោតទស្សន៍​បុប្ផាណា​ក្នុង​ទីក្រុង​ភ្នំពេញ។

រូបថត​ទាំង​នោះ​ត្រូវ​បាន​ថត​នៅ​ចុង​ឆ្នាំ​១៩៧៨​ដោយ​អ្នក​កាសែត​អាមេរិកាំង​ និង​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះម្នាក់គឺ​លោកស្រី​អេលីហ្សាបែត​ ប៊ែកខឺ​ដែល​របប​ខ្មែរ​ក្រហម​បាន​អញ្ជើញឱ្យ​ទៅ​មើល​ពី​អ្វី​ដែល​របប​នេះ​ចាត់​ទុក​ថា ​ការរីក​ចម្រើន​តាម​ទិសដៅ​បដិវត្តន៍​របស់​គេ​ ​និង​អ្នកស្រី​ជួយ​ទប់​ស្កាត់​ការ​ចូល​ឈ្លាន​ពាន​ដោយ​កងទ័ព​វៀតណាម។

មាន​រូប​ភាព​ជាច្រើន​ដែល​លោកស្រី​អេលីហ្សាបែត ​ប៊េកខឺ​បាន​ថត​ដោយមាន​ការរៀប​ចំ​ជាស្រេច​ពី​អ្នក​ជូន​ដំណើរ​ និងរូបភាព​ខ្លះ​ត្រូវ​លោកស្រី​គេច​ចេញ​ពី​ការ​តាម​ឃ្លាំ​មើល​និង​ទៅ​ថត​ដោយ​ខ្លួន​ឯង។

លោកស្រី ​ប៊េកខឺ​បញ្ជាក់ថា​ ឯកសារ​ដែល​យក​ទៅ​ដាក់​តាំង​ពិព័រណ៍​គឺ​ដូចគ្នា​នឹង​ឯកសារនៅ​សាកលវិទ្យាល័យវ៉ាស៊ីនតោន​ ហើយ​លោកស្រី​បាន​ពន្យល់បន្ថែម​ពី​ការ​សម្រេច​ចិត្ត​ប្រគល់​ឯកសារឱ្យ​ទៅ​មជ្ឈ​មណ្ឌល​បុប្ជាណា​ដាក់​បង្ហាញ​នោះ។ ​លោកស្រី​ពន្យល់​ថា​ លោកស្រី​ធ្វើដូច្នេះ​ក្នុង​គោល​បំណង​ចង់​ឱ្យ​សាធារណជន​ខ្មែរ​អាច​មើល​ឃើញ​ដោយ​សេរី​ និង​ស្តាប់​អតីត​មេដឹកនាំ​និយាយ​ដោយ​ខ្លួន​ឯង៖

«ខ្ញុំ​មិន​ចង់​ឱ្យ​ឯកសារ​នេះ​ស្ថិត​តែ​នៅ​ក្នុង​បណ្ណាល័យ​និង​តុលាការ​ទេ។​ ខ្ញុំ​ចង់​ឱ្យ​ពលរដ្ឋ​កម្ពុជា​អាច​ដើរ​មក​មើល​ដោយ​ខ្លួន​ឯង​បាន»។

សៀវភៅ​កត់​ត្រា​ខ្សែអាត់​សំឡេង ​និង​រូបថត​ដែល​លោកស្រី​អេលីហ្សាបែត ​ប៊េកខឺប្រមូល​បាន​ក្នុង​ពេល​លោកស្រី​ធ្វើ​ការ​នៅ​កម្ពុជា​នោះ​ ត្រូវ​បាន​លោកស្រី​ប្រគល់​ជា​លើក​ដំបូង​ទៅឱ្យ​សាកល​វិទ្យាល័យវ៉ាស៊ីនតោន​ក្នុង​រដ្ឋ​ស៊ីអាថលរក្សា​ទុក​ ព្រោះ​លោកស្រី​ធ្លាប់​សិក្សា​នៅ​ទីនោះ ​ហើយ​ដឹង​ថា​ គេ​មាន​បណ្ណាល័យ​ល្អ​និង​កម្មវិធី​សិក្សា​ពី​តំបន់​អាស៊ី។ ​ក្នុង​បណ្តា​ឯកសារ​ទាំង​នោះ ​ក៏​មាន​ទាំង​រូបថត​កាលពី​លោកស្រី​ធ្វើ​ជា​អ្នក​រាយ​ការណ៍​ព័ត៌មាន​អំពី​សង្គ្រាមនៅ​កម្ពុជា​ក្នុង​សម័យ​លន់ នល់​ផង​ដែរ។ ​មួយ​ចំណែក​ខ្លះ​នៃ​ឯកសារ​នេះ​ក៏​ត្រូវ​ប្រគល់​ទៅ​ឱ្យ​សាលាក្តី​ខ្មែរ​ក្រហម​ប្រើ​ប្រាស់​ក្នុង​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែរ។

លោកស្រីប៊េកខឺ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​កាសែត​ Washington Post ​និង​ The New York Times ​និង​បាន​និពន្ធ​សៀវភៅ​ស្តីពី​របប​ខ្មែរ​ក្រហម​ដែល​មាន​ចំណង​ជើង​ថា​ «នៅ​ពេល​ដែល​សង្គ្រាម​បាន​រលត់​ទៅ»​ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា​ បើ​បាន​ចូលមក​មើល​ឯកសារ​ទាំង​នេះ​ហើយ​គឺ​ពលរដ្ឋ​ខ្មែរ​មិន​ចាំ​បាច់​មើល​សៀវភៅ​របស់​លោកស្រីទេ។

«តើ​គេ​ចាំ​បាច់​រក​សៀវភៅ​ខ្ញុំ​ធ្វើ​អ្វី​? ​ពួកគេ​មិន​ចាំ​បាច់​ស្វែង​រក​សៀវភៅ​ខ្ញុំ​ទេ។ ​ខ្ញុំ​ចង់​ឱ្យ​ពួកគេ​ដើរ​ចូល​មក​ ហើយ​ស្តាប់​សំឡេង​ខ្សែអាត់​ដែល​ខ្ញុំ​រៀប​រាប់​ ហើយ​ស្តាប់​ឮ​សម្តី​ប៉ុល ពត។ គឺ​អាច​ចូល​បាន​ដោយ​សេរី»។

ក្នុង​រូប​ថត​ដែល​ត្រូវ​ដាក់​តាំង​ពិព័រណ៍​ ដែល​លោក​ស្រី​ប៊េកខឺ​បង្ហាញ​ឱ្យ​វីអូអេ​បាន​ឃើញមាន​រូបភាព​ស្ងាត់​ជ្រងំ​នៃ​ទីក្រុង​ភ្នំពេញ។ ​ទីធ្លា​ជុំ​វិញ​ផ្សារ​ថ្មី​ទាំង​មូល​ឃើញ​មាន​តែ​មនុស្ស​ម្នាក់​ជិះ​កង់​កញ្ចាស់​មួយ​ឆ្លង​កាត់​ ហើយ​អគារ​ធំៗ​ត្រូវ​បិទ​ទ្វារ ​លំនៅដ្ឋាន​គ្មាន​មនុស្ស​រស់​នៅ​ ហើយ​មាន​តែ​ក្រុម​កងសន្តិសុខ​ប្រដាប់​ដោយ​អាវុធ​នៅ​យាម​ការពារ។

«វា​គឺ​ជា​កន្លែង​ចម្លែក។ ​រូបភាព​ទាំង​នេះ​មើល​ទៅ​ហាក់​ដូច​ជា​មិន​ចម្លែក​ទេ ​ប៉ុន្តែ​ពេល​នោះ ​គឺ​ជា​ប្រទេស​កម្ពុជា​មួយ​ដែល​គ្មាន​មនុស្ស។ ​កម្ពុជាត្រូវ​មាន​មនុស្ស​សើច​សប្បាយ ​មនុស្ស​ទទួល​ទាន​អាហារ​ មនុស្ស​រាំលេង ​មនុស្ស​បួងសួង​សូត្រ​ធម៌។​ តែ​អត់​មាន​អញ្ចឹង​ទាល់​តែ​សោះ។​ គឺ​គ្មាន​អ្វី​ទាល់​តែ​សោះ។​ គឺ​ជា​ការ​បាត់​បង់​នូវ​ជីវិត​ពិត​ប្រាកដ»។

ក្រៅពី​នោះ​មាន​រូប​ថត​ញញឹម​ពព្រាយ​របស់​មេដឹកនាំ​ជាន់​ខ្ពស់​គឺ​ប៉ុល ពត​ និង​អៀង​ សារី ​រដ្ឋ​មន្ត្រី​ការ​បរទេស ក្នុង​ពេល​ជួប​សម្ភាស​ជាមួយ​នឹង​អ្នក​កាសែត។​ ក៏​មាន​រូប​ថត​ដែលបង្ហាញ​ពី​សកម្ម​ភាព​ធ្វើការ​នៅ​វាលស្រែ ​ចំការ ​ការដ្ឋាន​ទំនប់​ទឹក ​រោង​សិប្បកម្ម​និង​គ្រួសារ​គម្រូ​ដែល​មាន​ឪពុក ​ម្តាយ​និង​កូន​តូចៗ​ពីរ​នាក់​ឈរ​នៅ​មុខ​ផ្ទះ​ឈើប្រក់​ក្បឿង​បង្ហាញ​ទឹក​មុខ​ញញឹម។ លោកស្រី​យល់​ថា ​រូប​ទាំង​នេះ​គឺ​ជា​ការ​រៀបចំ​ជាមុន​ដោយ​របប​ខ្មែរ​ក្រហម​ ដោយ​សារ​រាល់​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​គឺ​ត្រូវ​យាម​កាម​យ៉ាង​តឹង​រឹង​ជាប់​ជានិច្ច។

ពិព័រណ៍​នេះ​មាន​ឈ្មោះ​ថា​ ​«ដំណើរ​ដ៏​គ្រោះ​ថ្នាក់​របស់​អ្នក​រាយការណ៍​ព័ត៌មាន ​ទៅ​កាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ» ​ហើយនឹង​ត្រូវ​បើក​សម្ពោធ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩​ខែ​កុម្ភៈ ​ដោយបើកឱ្យពលរដ្ឋ​ខ្មែរ​ទូទៅ​ចូល​ទស្សនា​ដោយ​ឥតគិត​ថ្លៃ​រហូត​ដល់​ថ្ងៃ​ទី​២៩​ខែ​កុម្ភៈ។​ លោកស្រី​អេលីហ្សាបែត​ ប៊េកខឺ​ក៏​នឹង​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ផង​ដែរ។

លោក​ស្តានីស្លាស ​ទូហ្សេ ​អ្នក​គ្រប់​គ្រង​គម្រោង​នៃ​មជ្ឈ​មណ្ឌល​ធន​ធាន​សោត​ទស្សន៍បុប្ផាណា ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍តាម​ទូរស័ព្ទថា​ លោក​បាន​ជ្រើស​យក​រូបភាព​ចំនួន​២៥​មក​ផ្តិត​ពង្រីក​ឱ្យ​ធំ ​សម្រាប់​ដាក់​តាំង​ក្នុង​សាល​ មាន​រូបភាពប្រហែល​៤០​ទៀត​ត្រូវ​ដាក់​ជា​រូបភាព​បញ្ចាំង​លើ​អេក្រង់​កុំព្យូទ័រ​និង​ទូរទស្សន៍​ ហើយ​សំឡេង​សម្ភាស​ដាក់​ក្នុង​កំព្យូទ័រ​ដោយ​មាន​កាស​ពាក់​ត្រចៀក​ដើម្បី​ស្តាប់​ឮ​បាន។​ សំឡេង​របស់​លោកស្រី​អេលីហ្សាបែត​ ដែលរៀបរាប់​ពី​រូបភាព​ទាំង​នោះ​ ត្រូវ​បាន​គេ​ថត​ទុក​ដើម្បី​ឱ្យ​អ្នក​ចូល​ទស្សនា​ស្តាប់​បាន។

លោក​ស្តានីស្លាស​បញ្ជាក់​បន្ថែម​ថា៖

«រូបថត​ទាំង​២៥​គឺ​តំណាង​ឱ្យ​ដំណើរ​របស់​លោកស្រី​អេលីហ្សាបែត ​ដែល​យើង​ជ្រើស​រើស​ជាមួយ​លោក​ស្រី ​ហើយ​វា​មាន​ប្រធាន​បទ​ចំនួន​៥ ​គឺ​មាន​ទីក្រុង​គ្មាន​មនុស្ស​នៅ​ពីព្រោះ​ ដូច​លោក​ដឹង​ហើយ​ថា​ ពួកខ្មែរ​ក្រហម​បាន​បណ្តេញ​អ្នកក្រុង​ទាំង​អស់​ឱ្យ​ទៅ​រស់​នៅ​ជនបទ។ ​ដូច្នេះ​ទីក្រុង​ភ្នំពេញ​ទាំង​មូល​គ្មាន​ប្រជា​ពលរដ្ឋ​រស់នៅ។ ​ដូច្នេះ​វា​ជា​ការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​បង្ហាញ​រូបភាព​ទាំងនេះ​ដែល​គ្មាន​មនុស្ស​នៅ​តាម​ផ្លូវ។​ ក៏​មាន​រូបថត​ជាច្រើន​នៅ​ឯ​ជន​បទ​ដែល​យើង​អាច​មើល​ឃើញ​មនុស្ស​ដើរ​នៅ​តាម​វាល​ស្រែ​ ឬ​ក៏​នេសាទ​ត្រី​ ឬក៏​សាងសង់​ផ្លូវ​ ហើយ​ជាការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​ដែល​ឃើញ​ពួកគេ​ស្លៀកពាក់​ខ្មៅ​ទាំង​អស់​ ហើយ​បង់កក្រម៉ា។​ ហើយ​មាន​រូបភាព​ដទៃ​ទៀត​ទាក់​ទង​នឹង​កងយោធា។ ​យើង​អាច​ឃើញ​ទាហាន​ខ្មែរ​ក្រហម។ ក៏​មាន​រូបថតមេដឹកនាំ​ខ្មែរក្រហម ​ដូច្នេះ​យើង​អាច​ឃើញ​ប៉ុល ពត ​ឬ​ក៏​អៀង សារី»។

បន្ទាប់​ពី​ពិព័រណ៍​ផ្លូវ​ការ​ចប់​ទៅ​ ​រូបភាពខ្សែអាត់​សំឡេង​និង​ឯកសារ​ផ្សេងៗ​ទៀត​នឹង​ត្រូវ​បន្ត​រក្សា​ទុកក្នុង​បណ្ណាសារ​អចិន្រ្តៃយ៍របស់​មជ្ឈ​មណ្ឌលបុប្ផាណា​សម្រាប់​ឱ្យ​អ្នក​ចូល​ទស្សនា​អាច​ស្រាវជ្រាវ​បាន​គ្រប់​ពេល៕

XS
SM
MD
LG