មូលនិធិសិល្បៈអធិបតេយ្យភាព ឬ The Sovereign Art Foundation បានជ្រើសរើសស្នាដៃសិល្បៈរបស់អ្នកស្រី Anida Yoeu Ali ដែលជាសិល្បការិនីខ្មែរសញ្ជាតិអាមេរិកម្នាក់ឲ្យឈ្នះពានរង្វាន់សិល្បៈលើកទី១១ដ៏ល្បីល្បាញនៅអាស៊ីដែលមានឈ្មោះថា the Sovereign Asian Art Prize។
អ្នកស្រី Anida Yoeu Ali ដែលជាសិល្បការិនីខ្មែរសញ្ជាតិអាមេរិកមួយរូប បានផលិតស្នាដៃសិល្បៈជារូបភាពផ្សេងៗក្រោមគម្រោងដែលមានឈ្មោះថា Spiral Alley ឬជាភាសាខ្មែរថា ផ្លូវជារង្វង់ ។ ស្នាដៃសិល្បៈរបស់អ្នកស្រីមួយនេះត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការប្រកួតប្រជែងយកពានរង្វាន់ដែលមានឈ្មោះថា The Sovereign Asian Art Prize លើកទី១១ ដោយលោកស្រី Kate Cary Evans ស្ថាបនិក និងជានិពន្ធនាយកនៃកម្រងឯកសាររបស់មូលនិធិសិល្បៈឈ្មោះ Art Radar។
កាលពីថ្ងៃសុក្រកន្លងទៅនេះ មូលនិធិសិល្បៈអធិបតេយ្យភាព ឬហៅថា The Sovereign Art Foundation ដែលមានទីតាំងនៅទីក្រុងហុងកុង បានសម្រេចថាស្នាដៃសិល្បៈរបស់អ្នកស្រី Anida Yoeu Ali បានឈ្នះពានរង្វាន់របស់មូលនិធិសម្រាប់ឆ្នាំនេះ។ ពានរង្វាន់នេះគឺជាពានរង្វាន់ខាងសិល្បៈដ៏ល្បីល្បាញបំផុតមួយនៅតំបន់អាស៊ី ដែលមិនត្រឹមតែផ្តល់កិត្តិនាម និងពានរង្វាន់តែប៉ុណ្ណោះទេ តែថែមទាំងផ្តល់ជាមូលនិធិជាថវិកាចំនួន៣ម៉ឺនដុល្លារដល់សិល្បករដែលឈ្នះផងដែរ។
មូលនិធិសិល្បៈអធិបតេយ្យភាពនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣។ មូលនិធិនេះគឺជាអង្គការសប្បុរសធម៌មួយ ដែលជួយដល់កុមារក្រីក្រតាមរយៈសិល្បៈ ដោយមានផ្តល់ជាការអប់រំ ការប្រឹក្សា និងផ្តល់ជាគម្រោងនីតិសម្បទាន។ ហើយសព្វថ្ងៃនេះ មូលនិធិនេះកំពុងតែផ្តល់ជំនួយដល់ប្រទេសកម្ពុជា វៀតណាម ម៉ុងហ្គោលី នេប៉ាល់ និងស្រីលង្កា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិនេះ ឲ្យដឹងថា ស្នាដៃសិល្បៈរបស់អ្នកស្រី Anida គឺប្រើប្រាស់វិធីសាស្ត្រជាការអប់រំច្រើនផ្នែក ដើម្បីបង្កើតជារូបភាព ការតាំងពិព័រណ៍ និងការសម្តែង ដែលអង្កេតមើលលើឥទ្ធិពលរវាងសិល្បៈ ស្មារតីខាងផ្លូវចិត្ត និងខាងនយោបាយដើម្បីឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណបែបអន្តរកាលនៅកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះផងដែរ អ្នកស្រី Anida បាននិយាយដោយរំភើបថា «ខ្ញុំសង្ឃឹមថា ការទទួលបានពានរង្វាន់របស់ខ្ញុំនេះនឹងជំរុញ និងលើកទឹកចិត្តដល់សិល្បៈករផ្សេងៗទៀតឲ្យបន្តបង្កើតស្នាដៃសិល្បៈរបស់ខ្លួនទៅមុខទៀត មិនថាវាពិបាកយ៉ាងណាក៏ដោយ»។
អ្នកស្រី បានបន្ថែមទៀតថា បើទោះបីជារបបប្រល័យពូជសាសន៍ខ្មែរក្រហមបានសម្លាប់សិល្បៈករខ្មែររាប់រយនាក់ក៏ដោយ ក៏ស្មារតីខាងសិល្បៈនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់មនុស្សគ្រប់រូប ដែលមានជីវិតឆ្លងផុតពីសម័យខ្មែរក្រហម រួមទាំងប្រជាពលរដ្ឋខ្មែរដែលបានរស់នៅក្រៅប្រទេសដោយសារតែសង្គ្រាម ក្នុងនោះរួមមានទាំងរូបអ្នកស្រីផងដែរ។
អ្នកស្រី Anida បាននិយាយថា «ខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាជនជាតិខ្មែរដែលរស់នៅក្រៅប្រទេសដោយសារតែសង្គ្រាម ដែលបានចូលរួមរក្សា និងកសាងកេរមរតករបស់ខ្មែរតាមរយៈការងារសិល្បៈរបស់ខ្ញុំ»។
អ្នកស្រី Anida Yoeu Ali គឺជាស្ត្រីខ្មែរម៉ូស្លីមមួយរូប ដែលបានទៅរស់នៅសហរដ្ឋអាមេរិកដោយសារតែរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ អ្នកស្រីក៏ជាសហស្ថាបនិកស្ថានីយ៍សិល្បៈមួយដែលមានឈ្មោះថា Studio Revolt ដែលជាទីស្នាក់ការសិល្បៈ និងប្រព័ន្ធសារព័ត៌មានឯករាជ្យមួយនៅរាជធានីភ្នំពេញ។ ស្នាដៃសិល្បៈរបស់អ្នកស្រីមានដូចជា ការសម្តែង ការតាំងពិព័រណ៍ ការផលិតរូបភាព និងខ្សែភាពយន្តឯកសារជាដើម។
ស្នាដៃសិល្បៈដ៏កម្រមួយរបស់អ្នកស្រី Anida ត្រូវបានជ្រើសរើសឲ្យឈ្នះពានរង្វាន់ក្នុងចំណោមស្នាដៃសិល្បៈចំនួន២៣៦របស់សិល្បៈករជាច្រើននាក់ ដែលតំណាងឲ្យប្រទេសចំនួន១៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាប្រទេសអូស្ត្រាលី សិង្ហបុរី បាគីស្ថាន និងទីក្រុង Dubai។
កម្មវិធីរាត្រីសមោសរប្រគល់ពានរង្វាន់ the Sovereign Asian Art Prize លើកទី១១នេះនឹងប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង នៅថ្ងៃសុក្រ ទី៨ខាងមុខនេះ៕