ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក នឹង​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នៅ​កោះតៃវ៉ាន់ ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ


រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​សុខាមាលភាព​ពលរដ្ឋ​​របស់​សហរដ្ឋ​អាមេរិក​លោក Alex Azar ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​សុខាមាលភាព​ពលរដ្ឋ​​របស់​សហរដ្ឋ​អាមេរិក​លោក Alex Azar ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

​រដ្ឋមន្ត្រី Alex Azar នឹង​ក្លាយ​ជា​មន្ត្រី​សហរដ្ឋ​អាមេរិក​ជាន់​ខ្ពស់​បំផុត​ ដែល​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​​កោះតៃវ៉ាន់​​ ចាប់​តាំង​ពី​សហរដ្ឋ​អាមេរិក​ បាន​ប្តូរ​មក​ភ្ជាប់​​ទំនាក់ទំនង​ការទូត​មក​ជាមួយ​ចិន​ដីគោក​វិញ​នៅ​ឆ្នាំ​១៩៧៩។​​

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​សុខាមាលភាព​ពលរដ្ឋរបស់​សហរដ្ឋ​អាមេរិក​លោក Alex Azar នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ដែន​កោះ​តៃវ៉ាន់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដែល​ទង្វើនេះ​ បានធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​ការ​ខឹ​ង​សម្បា​រ ព្រោះ​ខ្លួនតែង​តែ​ចាត់​ទុក​ដែន​កោះ​តៃ​វ៉ាន់​ ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ចិន​ដី​គោក។

​រដ្ឋមន្ត្រី Alex Azar នឹង​ក្លាយ​ជា​មន្ត្រី​សហរដ្ឋ​អាមេរិក​ជាន់​ខ្ពស់​បំផុត​ ដែល​នឹង​ធ្វើ​ទស្សនកិច្ច​ទៅកោះតៃវ៉ាន់ ចាប់​តាំង​ពី​សហរដ្ឋ​អាមេរិក​ បាន​ប្តូរ​មក​ភ្ជាប់ទំនាក់ទំនង​ការទូត​មក​ជាមួយ​ចិន​ដីគោក​វិញ​នៅ​ឆ្នាំ​១៩៧៩។

សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​របស់​ក្រសួង ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា HHS នេះ បាន​ឲ្យ​ដឹង​ថា ដំណើរទស្សនកិច្ច​ជាប្រវត្តិសាស្រ្ត​របស់​លោក​ ​Azar​ គឺ​ដើម្បី​ពង្រឹង​នូវ​ភាព​ជា​ដៃ​គូរ​រវាងអាមេរិក​ និងកោះ​តៃ​វ៉ាន់​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការរាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

លោក ​Azar ក៏​បាន​សរសើរ​ដល់​កោះ​តៃ​វ៉ាន់​ផង​ដែរ អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ដោយ​«ជោគ​ជ័យគួរ​ឲ្យ​កត់​សម្គាល់​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ក្នុង​នាម​ជា​សង្គម​ប្រជាធិបតេយ្យ​មួយ​ប្រកប​ដោយ​សេរីភាព​និង​តម្លាភាព»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ Azar​ នឹង​ជួប​ពិភាក្សាជាមួយ​អ្នក​ជំនាញ​សុខភាព​តៃវ៉ាន់​ អំពី​ការ​ប្រយុទ្ធ​របស់កោះ​មួយ​នេះ​ប្រឆាំង​កូវីដ១៩ និង​តួ​នាទី​របស់​កោះ​តៃវ៉ាន់​ ​ក្នុង​នាម​ជា​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​បរិក្ខារ​ពេទ្យជា​សាកល​ និង​បច្ចេកវិទ្យា​ដ៏​សំខាន់។​

លោក​ Azar ក៏​បាន​ជួប​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ដ៏​កម្រ​មួយផង​ដែរ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ជា​មួយ​សមភាគី​កោះ​តៃវ៉ាន់​របស់​លោក គឺ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក Chen Shih-chung។​

​ការិយាល័យ​តំណាង​របស់​កោះ​តៃវ៉ាន់​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់​វីអូអេ​តាម​អ៊ីមែល​ថា៖ «កោះ​តៃវ៉ាន់​នឹង​ទន្ទឹង​រង់ចាំ​ការ​ចូលរួម​ដ៏​សកម្ម​របស់ប្រទេស​ប្រជាធិបតេយ្យ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រួម​គ្នា​ចំពោះការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ខណៈ​ដែល​ពង្រឹង​ផង​ដែរនូវ​កិច្ច​សហប្រតិបត្តិការ​រវាង​តៃវ៉ាន់-អាមេរិក នៅ​ក្នុង​វិស័យ​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ សន្តិសុខ​ និង​វិស័យសុខាភិបាល​ជា​សកល​ជា​ដើម»។

ក្រសួង​ការ​បរទេស​តៃវ៉ាន់​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោកនឹង​ជួប​ជាមួយ​ប្រធានាធិបតីកោះ​តៃវ៉ាន់​លោកស្រី​ Tsai Ing-wen នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចនោះ​ផងដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ដី​គោក លោក Wang Wenbin បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ទី​ក្រុង​ប៉េកាំង​នៅ​ថ្ងៃពុធ​នេះ​ថា៖ «កោះ​តៃវ៉ាន់​ ជា​បញ្ហា​ដ៏​រសើប​សំខាន់​បំផុត​សម្រាប់ទំនាក់ទំនង​អាមេរិក​និងចិន​ ហើយ​បា​ន​ទាម​ទារ​ឲ្យ​អាមេរិក​ ​បញ្ចប់​នូវ​គ្រប់​ទម្រង់ទាំង​អស់​នៃ​ទំនាក់ទំនង​ជាមួយ​កោះ​នេះ​ ដើម្បី​ជៀស​វាង​នូវការ​ខូច​ខាត​នៃ​ទំនាក់ទំនង​ទ្វេភា គីរវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​លើ​លោក​ទាំង​ពីរនេះ។​ អ្នក​នាំពាក្យ​ចិន​រូប​នេះ​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រសួង​ការ​បរទេស​ចិន​ បាន​បញ្ជូនសារតវ៉ាដ៏​ខ្លាំង​នេះទៅមន្ត្រី​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន​រួច​ហើយ។​

ក្រុង​ប៉េកាំង​ បាន​ចាត់​ទុកដែនកោះតៃវ៉ាន់​ជា​ទឹក​ដី​ដែល​បាន​បំបែក​ខ្លួន​ចេញ​ពី​ប្រទេស​ចិន ហើយ​សន្យា​ថា​ ខ្លួន​នឹង​ធ្វើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​ចាំបាច់​ ដោយ​រួម​ទាំង​ការ​ប្រើ​កម្លាំង​យោធា​ផង​ ដើម្បី​យក​ដែន​កោះ​មួយ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន៕

XS
SM
MD
LG