ស្របពេលដែលករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ការណ៍ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនសុខចិត្តចុះចាញ់លោក ចូ បៃដិន (Joe Biden) នៅក្នុងការបោះឆ្នោត បានធ្វើឲ្យពួកគេមិនអាចផ្តល់ព័ត៌មានសំខាន់ៗដល់មន្ត្រីរបស់លោក បៃដិន ដើម្បីជួយទប់ស្កាត់ជំងឺនេះ។
លោកវេជ្ជបណ្ឌិត Atul Gawande ដែលជាទីប្រឹក្សាផ្នែកជំងឺកូវីដ១៩ ម្នាក់របស់លោក បៃដិន បានបញ្ជាក់ក្នុងកម្មវិធី «This Week» របស់ទូរទស្សន៍ ABC ថា៖ «វាជាប្រយោជន៍សម្រាប់ប្រទេសជាតិដែលក្រុមអន្តរកាល [របស់លោក បៃដិន] ទទួលបាននូវព័ត៌មានទាក់ទិននឹងការវាយតម្លៃអំពីការគំរាមកំហែង យល់ដឹងអំពីផែនការនៃការចែកចាយវ៉ាក់សាំង ដូចជាឃ្លាំងស្តុកទុកឧបករណ៍នានា និងស្ថានភាពនៃម៉ាស់និងស្រោមដៃជាដើម»។
លោកបានបន្ថែមថា៖ «មានព័ត៌មានជាច្រើនដែលចាំបាច់ត្រូវចែកចាយ។ យើងមិនត្រូវរង់ចាំឲ្យដល់នាទីចុងក្រោយនោះទេ»។
លោក ត្រាំ បានបដិសេធមិនព្រមសុខចិត្តចុះចាញ់លោក បៃដិន នៅក្នុងការបោះឆ្នោត ខណៈដែលលោកបន្តទាមទារខាងផ្លូវច្បាប់ថា ការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា មានការលួចបន្លំ ហើយលោកបានរារាំងរដ្ឋបាលរបស់លោកមិនឲ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមអន្តរកាលរបស់លោក បៃដិន នៅគ្រប់ទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់។
លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក និងជាអ្នកជំនាញម្នាក់នៅក្នុងក្រុមការងារវីរុសកូរ៉ូណារបស់លោក ត្រាំ បានប្រាប់បណ្ដាញព័ត៌មាន CNN ថា៖ «ជាការពិត វាជាការប្រសើរ ប្រសិនបើយើងអាចចាប់ផ្តើមធ្វើការជាមួយពួកគេ»។
លោក Fauci និយាយថា លោកបានធ្វើការជាមួយក្រុមអន្តរកាលនយោបាយ ដែលទាក់ទិននឹងការផ្ទេរតំណែងប្រធានាធិបតីចំនួន ៦ អាណត្តិមកហើយ៕