ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) បានពង្រឹងជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក ដោយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ត្រូវបានព្យាករណ៍ថា បានឈ្នះការបោះឆ្នោតនៅរដ្ឋ Arizona ដែលមានការប្រកួតប្រជែងខ្លាំង។
ប៉ុន្តែការផ្ទេរអំណាចជាផ្លូវការទៅឲ្យលោកនៅតែជាប់គាំង ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បដិសេធមិនទទួលស្គាល់បរាជ័យ។
ក្រុមស្រាវជ្រាវឈ្មោះ Edison បាននិយាយថា លោក បៃដិន ត្រូវព្យាករណ៍ថាឈ្នះនៅ Arizona បន្ទាប់ពីការរាប់សន្លឹកបោះឆ្នោតអស់ជាងមួយសប្តាហ៍ ចាប់តាំងពីថ្ងៃបោះឆ្នោត ទី៣ ខែវិច្ឆិកាមក។
លោកក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យទី ២ ក្នុងរយៈពេល ៧ ទសវត្ស ដែលបានឈ្នះឆ្នោតក្នុងរដ្ឋដែលតែងមាននិន្នាការទៅគណបក្សសាធារណរដ្ឋនេះ។
ជ័យជម្នះរបស់លោក បៃដិន នៅរដ្ឋ Arizona នាំឲ្យលោកទទួលបានសំឡេងអង្គបោះឆ្នោតសរុបទូទាំងប្រទេសចំនួន ២៩០។ លោក បៃដិន បានឈ្នះចំនួនអង្គបោះឆ្នោតលើស ២៧០ ដែលជាចំនួនកំណត់ជ័យជម្នះក្នុងការបោះឆ្នោតអាមេរិក និងដែលធ្វើឱ្យលោកនឹងត្រូវស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករាខាងមុខ។
អង្គបោះឆ្នោតបន្ថែមចំនួន ១១ នៅរដ្ឋ Arizona នេះក៏ធ្វើឱ្យលទ្ធភាពប្រឆាំងរបស់លោក ត្រាំ ចំពោះលទ្ធផលឆ្នោតនេះកាន់តែលំបាកនិងចុះខ្សោយ។ លោក ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ បានអះអាងដោយគ្មានភស្តុតាងថា លោកចាញ់ដោយសារការលួចបន្លំយ៉ាងច្រើន ប៉ុន្តែការប្តឹងតាមច្បាប់របស់លោកបានបរាជ័យនៅក្នុងតុលាការ ហើយមន្រ្តីបោះឆ្នោតរដ្ឋនានាបានរាយការណ៍ថា មិនមានភាពមិនប្រក្រតីធ្ងន់ធ្ងរទេ។
ការបដិសេធរបស់លោក ត្រាំ មិនទទួលយកការបរាជ័យបានរារាំងដំណើរការនៃការផ្ទេរអំណាចទៅរដ្ឋបាលថ្មី។ ទីភ្នាក់ងារសហព័ន្ធដែលបញ្ចេញមូលនិធិដល់ប្រធានាធិបតីជាប់ឆ្នោតថ្មី គឺទីភ្នាក់ងារសេវាកម្មទូទៅ (General Services Administration) មិនទាន់បានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន នៅឡើយទេ។
ដើម្បីបន្តតំណែងអាណត្តិទី ២ បានលោក ត្រាំ ចាំបាច់ត្រូវយកឈ្នះលើលោក បៃដិន វិញនៅរដ្ឋយ៉ាងតិចណាស់ ៣ តែលោក ត្រាំ មិនទាន់មានភស្តុតាងដែលអាចធ្វើឲ្យលោកឈ្នះបាននៅក្នុងរដ្ឋទាំងនេះទេ។
រដ្ឋនានាត្រូវកំណត់ឲ្យបញ្ជាក់លទ្ធផលឆ្នោតរបស់ពួកគេ នៅថ្ងៃទី៨ ខែធ្នូ និងជ្រើសរើសអង្គបោះឆ្នោតដែលនឹងជ្រើសរើសប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃទី ១៤ ខែធ្នូ៕