ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក Biden «បាន​ឈ្នះ [ការ​បោះឆ្នោត] ដោយសារ​ការ​បោះឆ្នោត​មាន​ការ​លួច​បន្លំ»


លោក Joe Biden (ឆ្វេង) ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ និង​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន។
លោក Joe Biden (ឆ្វេង) ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ និង​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ «បាន​ឈ្នះ» ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក​កាល​ពី​ជិត​ពីរ​សប្ដាហ៍​មុន ប៉ុន្តែ​លោក​នៅតែ​បន្ដ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា លោក​បាន​ចាញ់​ការ​បោះឆ្នោត ដោយសារ​តែ​ការ​បោះឆ្នោត​នោះ​មាន​ការ​លួចបន្លំ។

លោក​ប្រធានាធិបតី Trump ខាង​គណបក្ស​សាធារណរដ្ឋ បាន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ជា​ផ្លូវការ​ទេ​ថា​លោក​ចាញ់​លោក Biden នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី បើ​ទោះបីជា​បណ្ដាញ​ព័ត៌មាន​ធំៗ​របស់​សហរដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​អស់​រយៈពេល​មួយ​សប្ដាហ៍​មក​ហើយ​ថា លោក Biden ទទួល​បាន​ចំនួន​អង្គ​បោះឆ្នោត​ច្រើន​ជាង ២៧០ ក្នុង​ចំណោម​អង្គ​បោះឆ្នោត​សរុប​ចំនួន ៥៣៨ ដែល​ត្រូវការ​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។ ប្រធានាធិបតី​ជាប់​ឆ្នោត​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ខាង​មុខ​នេះ។

នៅ​ក្នុង​សារ​មួយ​ក្នុង​ចំណោម​សារ​ជា​បន្ដបន្ទាប់​លើ Twitter លោក Trump បាន​និយាយ​សំដៅ​ដល់​លោក Biden ថា «លោក​បាន​ឈ្នះ [ការ​បោះឆ្នោត] ដោយសារ​ការ​បោះឆ្នោត​មាន​ការ​លួច​បន្លំ»។

លោក Trump បាន​ធ្វើ​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​អំពី​ការ​បោះឆ្នោត​នេះ ដោយ​និយាយ​ថា «អ្នក​សង្កេតការណ៍​បោះឆ្នោត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​ដំណើរការ​បោះឆ្នោត​ទេ។ សន្លឹកឆ្នោត​ត្រូវ​បាន​រាប់​ដោយ​ក្រុមហ៊ុន​ឯកជន Dominion ដែល​ប្រកាន់​ឆ្វេង​និយម​ជ្រុល និង​មាន​កិត្តិនាម​អាក្រក់ និង​ឧបករណ៍​មិន​សុក្រឹត ដែល​មិន​អាច​សូម្បី​តែ​គណនា​ចំនួន​សន្លឹកឆ្នោត​នៅ​រដ្ឋ Texas បាន (ដែល​ខ្ញុំ​បាន​ឈ្នះ​យ៉ាង​ច្រើន​នៅ​រដ្ឋ​នោះ!) ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្លែងក្លាយ និង​មិន​ព្រម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​បញ្ហា​ជាច្រើន​ទៀត»។

ក្រុមហ៊ុន Twitter បាន​ដាក់​សញ្ញា​ឲ្យ​អ្នក​អាន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​អះអាង​របស់​លោក Trump ដោយ​បញ្ជាក់​ថា៖ «ការ​អះអាង​អំពី​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​អាច​ប្រកែក​តវ៉ា​បាន»។

បន្ទាប់​មក លោក Trump បាន​បញ្ជាក់​អំពី​ទស្សនៈ​របស់​លោក​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត ដោយ​និយាយ​ថា៖ «លោក [Biden] បាន​ឈ្នះ​តែ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ចុះចាញ់​អ្វី​ទាំងអស់! យើង​នៅ​មាន​ពេល​ច្រើន​ទៀត។ នេះ​គឺ​ជា​ការ​បោះឆ្នោត​ដែល​មាន​ការ​លួច​បន្លំ»។

ខណៈ​ដែល​បណ្ដឹង​តវ៉ា​ផ្លូវ​ច្បាប់​មួយ​ចំនួន​អំពី​ការ​បោះឆ្នោត​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​តុលាការ​សហរដ្ឋ​អាមេរិក​នៅ​តាម​បណ្ដា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ​ចំនួន លោក Trump បាន​ចាញ់​ក្នុង​សំណុំ​រឿង​ជាច្រើន​មក​ហើយ ដែល​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត និង​នៅ​ក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត។ ពាក្យ​បណ្ដឹង​មួយ​ចំនួន​គឺ​ពាក់ព័ន្ធ​នឹង​ចំនួន​សន្លឹកឆ្នោត​បន្ដិចបន្ដួច ដែល​បើ​ទោះ​ជា​លោក Trump ឈ្នះ​ពាក្យ​បណ្ដឹង​ទាំង​នោះ​ក៏ដោយ ក៏​នៅ​តែ​មិន​អាច​ផ្លាស់ប្ដូរ​ជ័យជម្នះ​របស់​លោក Biden នៅ​ក្នុង​រដ្ឋ​នីមួយៗ​បាន​ដែរ៕

XS
SM
MD
LG