សរអាបានពង្រឹងចំណងទាក់ទងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងថា គួរតែដើរតួនាទីដឹកនាំមួយ ក្នុងតំបន់ក្នុងរយៈពេលជាច្រើនឆ្នាំទៅអនាគត។
«ខ្ញុំបានពង្រឹងកិច្ចសហប្រតិបត្តិការរបស់អាមេរិកជាមួយអាស៊ានបន្ថែមទៀត ពីព្រោះអាស៊ានដែលសាមគ្គីគ្នា រួមបញ្ជូលគ្នា ដោយមានប្រសិទ្ធិភាព នៅកណ្តាលទ្វីបអាស៊ី ជាកម្លាំងមួយនៃស្ថេរភាព ភាពរុងរឿង និងសន្តិភាព»។ នេះជាប្រសាសន៍របស់លោក អូបាម៉ា ក្នុងទីក្រុងគូឡាឡាំពួ (Kuala Lumpur) កាលពីថ្ងៃសៅរ៍។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយ សេតវិមាន និងក្រុមមេដឹកនាំអាស៊ានបានថ្លែងថា ពួកគេបាន «បង្កើន» ទំនាក់ទំនងរបស់ខ្លួន ដល់កម្រិតភាពជាដៃគូនៃយុទ្ធសាស្ត្រអាស៊ាន-សរអា ដោយមានគោលដៅរួម ក្នុងការបង្កើតតំបន់អាស៊ីប៉ាស៊ីហ្វិកមួយដែលមានសុខសន្តិភាព និងរុងរឿង។
លោក អូបាម៉ា បានថ្លែងថា អាស៊ាន ដើរតួនាទីសំខាន់បំផុតមួយ ក្នុងការជំរុញទៅមុខនូវរបៀបរៀបរយផ្អែកលើវិន័យ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថាភាពជាដៃគូថ្មីនេះនឹងដឹកនាំចំណងទាក់ទងរបស់ពួកគេ សម្រាប់ពេលរាប់សិបឆ្នាំទៅមុខ។ លោកបានលើកទឹកចិត្តដល់ផែនការរបស់អាស៊ាន ដើម្បីបង្កើតក្រុមប្រតិបត្តិអន្តរជាតិមួយ សម្រាប់សមុទ្រចិនខាងត្បូង ដែលជាប្រធានបទមួយនៃជម្លោះដែនដីជាច្រើនក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយ ដែលពាក់ព័ន្ធជាមួយប្រទេសចិន និងបណ្តាប្រទេសឯទៀតក្នុងតំបន់។ អាស៊ានបានពិភាក្សាបទប្រតិបត្តិមួយជាមួយប្រទេសចិនអស់ពេលជាង១០ឆ្នាំមកហើយ ប៉ុន្តែមិនដែលមានអំណាចធ្វើឲ្យភាគីទាំងអស់អនុវត្តតាមនោះទេ។ ផែនការដែលទើបប្រកាសថ្មីរបស់អាស៊ាននឹងបង្កើតជាច្បាប់អន្តរជាតិ សម្រាប់ដំណោះស្រាយដោយសន្តិវិធីនូវជម្លោះទាំងឡាយ ដែលមានរួមទាំងសំណួរអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃការហោះហើរផងដែរ៕