កិច្ចប្រជុំកម្រិតកំពូលចុងក្រោយរបស់អង្គការសេដ្ឋកិច្ច និងនយោបាយរបស់តំបន់អាស៊ីអាគ្នេយ៍កំពុងដំណើរការនៅក្នុងរដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ី នៅចំពេលដែលក្រុមមន្ត្រីហៅថា ជាពេលដែលត្រូវបង្កើនសន្តិសុខទ្វេដង បន្ទាប់ពីមានការវាយប្រហារដ៏ផ្តាច់ផ្តិលជីវិតនៅទីក្រុងប៉ារីស។
ខណៈដែលអំពើភេរវកម្ម និងជម្លោះដែនទឹកដីស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះ ពាណិជ្ជកម្មនៅក្នុងតំបន់ក៏គួរតែជាប្រធានបទគន្លឹះមួយទៀតនៅក្នុងការពិភាក្សាគ្នានោះដែរ។
កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាន នៅក្នុងសប្តាហ៍នេះ គឺជាកិច្ចប្រជុំចុងក្រោយគេ មុនពេលបើកសម្ពោធន៍សហគមន៍សេដ្ឋកិច្ចអាស៊ាននៅថ្ងៃទី៣១ ខែធ្នូនេះ។
ប៉ុន្តែសម្រាប់សហគមន៍ពាណិជ្ជកម្មវិញ ពួកគេមានការរំពឹងតិចតួចណាស់សម្រាប់កិច្ចប្រជុំអាស៊ាននេះ ទោះបីជាមានវត្តមានរបស់មេដឹកនាំដ៏មានឥទ្ធិពលជាច្រើននៅក្នុងតំបន់និងក្រៅតំបន់នេះក៏ដោយ។
លោក Anthony Nelson គឺជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន។
«កិច្ចប្រជុំក្នុងខែវិច្ឆិកានេះរួមមានកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលផ្តោតជាសំខាន់ទៅលើបញ្ហាសន្តិសុខ និងនយោបាយ។ ដូច្នេះបញ្ហាទាំងនោះនឹងក្លាយជាផ្នែកដ៏ធំមួយនៃអ្វីដែលកើតឡើងជុំវិញកិច្ចប្រជុំកំពូលនេះ។ កិច្ចការជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ទំនងបានកើតឡើងជុំវិញកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន កាលពីខែសីហា»។
សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងមានវិសាលភាពសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៧ក្នុងពិភពលោក មានគោលបំណងបង្កើតទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្មដែលមានលក្ខណៈប្រកួតប្រជែងខ្លាំង។ អ្នករៀបចំសង្ឃឹមថា សហគម៍នេះ នឹងធ្វើឲ្យប្រសើរឡើងដល់លំហូរដោយសេរីនៃទំនិញ សេវាកម្ម វិនិយោគទុន ពលកម្មជំនាញ និងមូលធនទូទាំងតំបន់អាស៊ាន ដោយធ្វើឲ្យតំបន់នេះទាំងមូលក្លាយជាតំបន់ ដែលមានការរីកចម្រើន និងកាន់តែមានលក្ខណៈប្រកួតប្រជែងជាងមុន។
ប៉ុន្តែ នៅពេលដែលសហគមន៍សេដ្ឋកិច្ចនេះមានរូបរាងពិតប្រាកដនៅឆ្នាំក្រោយ ក្រុមអ្នកវិភាគនិយាយថា គេនឹងឃើញមានការផ្លាស់ប្តូរតែបន្តិចបន្តួចប៉ុណ្ណោះនៅដំណាក់កាលដំបូង ដោយសារតែនៅមានកិច្ចការជាច្រើនទៀតដែលគេត្រូវធ្វើ។
«ក្នុងគម្រោងគយរដ្ឋាករមួយដែលគេហៅថា បង្អួចតែមួយរបស់អាស៊ាន នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ប៉ុន្តែដោយចាប់ផ្តើមនៅឆ្នាំក្រោយ ពួកគេនឹងសាកល្បងអនុវត្តជាមួយប្រទេសចំនួន៥ក្នុងចំណោមប្រទេសអាស៊ានទាំង១០។ ធ្លាប់មានកិច្ចព្រមព្រៀងទទួលស្គាល់គុណភាពនៃអ្នកមានវិជ្ជាជីវៈជំនាញរវាងបណ្តាប្រទេសអាស៊ានកាលពីមុនដែរ ប៉ុន្តែ នៅតែមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ ទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងទាំងនោះ»។
អ្នករិះគន់ខ្លះនិយាយថា សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងផ្តល់ផលប្រយោជន៍លើសលុបដល់ក្រុមហ៊ុនជាជាងពលរដ្ឋភាគច្រើននៅក្នុងតំបន់នេះ។
សន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាពលរដ្ឋអាស៊ានបានសម្តែងក្តីកង្វល់របស់ពួកគេនៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីដើមឆ្នាំនេះថា សមាហរណកម្មសេដ្ឋកិច្ចតំបន់នេះនឹងនាំមកនូវកំណើនសេដ្ឋកិច្ចមិនស្មើភាពគ្នា និងគ្មាននិរន្តរភាព ហើយនឹងបណ្តាលឲ្យមានភាពក្រីក្រ និងវិសមភាពទ្រព្យសម្បត្តិកាន់តែធ្ងន់ធ្ងរឡើង។
លោក Jerald Joseph គឺជាសហប្រធាននៃវេទិកាប្រជាពលរដ្ឋអាស៊ាន។
«កម្មករចំណាកស្រុកឆ្លងដែនមិនទទួលបានការការពារ និងផលប្រយោជន៍ក្នុងកម្រិតដូចគ្នា នៅក្នុងកិច្ចចរចាទាំងមូលទេ។ ដូច្នេះ វាគួរឲ្យអាសូរបន្តិចបន្តួចដែរ និងជាការបាត់បង់ឱកាស ប្រសិនបើការណ៍នេះមិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងឯកសារនៃកិច្ចព្រមព្រៀងនាពេលខាងមុខនេះ»។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧នេះរួមបញ្ចូលដៃគូសន្ទនារបស់អាស៊ានផងដែរ ដែលរួមមាន ចិន ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក សាយ មុន្នី