ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡា​កាយ​សម្ព័ន្ធ​អាមេរិក​បាន​មេដាយ​ប្រាក់​រីឯ​កីឡាហែល​ទឹក​បាន​មេដាយមាស


កីឡាការិនី​កាយ​សម្ព័ន្ធ​អាមេរិក នាង​ Simone Biles​ នៅ​ក្រោយ​ការ​​​លោត​ផ្លោះ​​​លើ​តុ​​​នៅ​តូក្យូ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។
កីឡាការិនី​កាយ​សម្ព័ន្ធ​អាមេរិក នាង​ Simone Biles​ នៅ​ក្រោយ​ការ​​​លោត​ផ្លោះ​​​លើ​តុ​​​នៅ​តូក្យូ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។

មួយថ្ងៃ​បន្ទាប់​ពី​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​នារី​ជា​ក្រុម​វគ្គ​ផ្តាច់​ព្រ័ត្រ​ នាង​ Simone Biles​ នៃ​សហរដ្ឋ​អាមេរិក​បាន​ដកខ្លួន​ចេញ​ពី​ការ​ប្រកួត​លក្ខណៈ​បុគ្គល​នៅ​ឯ​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ។​

សេចក្តី​ថ្លែង​ការណ៍​ចេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ដោយ​ក្រុម​កីឡាកាយ​សម្ព័ន្ធ​អាមេរិក ​(USA Gymnastics)​ បាន​និយាយ​ថា​នាង​ Biles ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ពូកែ​អស្ចារ្យ​កំពុង​ដក​ខ្លួន​ពី​ការ​ប្រកួត​បន្ទាប់​ពី​ការ​វាយ​តម្លៃ​ផ្នែក​សុខភាព​បន្ថែមដោយ​ផ្តោត​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​នាង។​

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ពេទ្យ​នឹង​ពិនិត្យ​សុខភាព​នាង ​Biles ​ប្រចាំ​ថ្ងៃ​សម្រាប់​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​លក្ខណៈ​បុគ្គល​នៅ​សប្តាហ៍​ក្រោយ។​

នាង ​Biles ​អាយុ​២៤​ឆ្នាំ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ជាក្រុម​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​នាង​លោត​ផ្លោះ​ខុស​បច្ចេកទេស​លើ​តុ​និង​នាង​ភ្លាត់​ជើង​មក​ក្រោយ​ពេល​ជើង​ដល់​ដី។​ បន្ទាប់​ពី​នាង​បាន​ចាក​ចេញ​ជាមួយ​គ្រូ​បង្ហាត់​មួយ​រយៈ​ខ្លី​ នាង​បាន​វិល​មក​ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម​វិញ​ដោយ​រុំ​កែង​ជើង។​

ដោយសារ​នាង​ Biles​ មិន​បាន​ចូលរួម​គណៈកម្មាធិការ​អូឡាំពិក​រុស្ស៊ី​បាន​យក​មេដាយមាស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាក្រុម​ហើយ​សហរដ្ឋ​អាមេរិក​បាន​មេដាយ​ប្រាក់​និង​អង់គ្លេស​បាន​មេដាយ​សំរឹទ្ធ។​

ក្នុង​ពេល​ជាមួយ​គ្នានេះ​ដែរ​ទីបំផុត​មេដាយ​មាស​មួយ​នៅ​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​បាន​ទៅ​នាង​ Katie Ledecky។​ តារា​អាមេរិក​រូប​នេះ​បាន​លេច​មុខ​វិញ​បន្ទាប់​ពី​ការ​ប្រកួត​អន់​បំផុត​នៃ​អាជីព​កីឡា​ដ៏​អស្ចារ្យ​របស់​នាង​ដោយ​ដណ្តើម​បាន​មេដាយ​មាស​លើក​ដំបូង​ក្នុង​វិញ្ញាសា​ហែល​ទឹក​ក្បាច់​សេរី​ចម្ងាយ​១.៥០០​ម៉ែត្រ​សម្រាប់​នារី។​ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​AP។​

នាង​ Ledecky​ បាន​ចាប់​ផ្តើម​នាំ​មុខ​ឆ្ងាយ​តាំងពី​ចាប់ផ្តើម​ បន្ទាប់​មក​នាង​ប្រឹង​ថែម​ទៀត​ឈ្នះ​ដាច់​ដៃគូ​កីឡាការិនី​អាមេរិក​គឺ​នាង ​Erica Sullivan។​

នាង ​Ledecky​ បាន​ប៉ះ​ទីផ្តាច់​ព្រ័ត្រ​មុនគេ​ក្នុង​រយៈ​ពេល​១៥​នាទី​៣៧,៣៩​វិនាទី។ ​នាង​ Sullivan​ បាន​មេដាយ​ប្រាក់​រី​ឯ​មេដាយ​សំរិទ្ធ​បាន​ទៅ​នាង​ Sarah Kohler ​កីឡាការិនី​អាល្លឺម៉ង់។​ នាង​ Ledecky​បាន​លេចមុខ​បន្ទាប់​ពី​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​៥​ក្នុង​ការ​ប្រកួត​ហែល​ទឹក​ក្បាច់​សេរី​ចម្ងាយ​២០០​ម៉ែត្រ៕​

អត្ថបទ​នេះ​រួមមាន​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AP ​រាយ​ការណ៍​ពី​ទីក្រុង​តូក្យូ

XS
SM
MD
LG