ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅថ្ងៃអង្គារបានប្រព្រឹត្តទៅដ៏មមាញឹកនៅមណ្ឌលកីឡាទឹកដោយមានវិញ្ញាសាកីឡាហែលទឹកសម្រាប់បុរសនិងស្ត្រីដោយមានអ្នកចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ៣នាក់។
នៅក្នុងវិញ្ញាសាហែលទឹកសម្រាប់នារីចម្ងាយ១០០ម៉ែត្រក្នុងក្បាច់ហែលកង្កែបមានការប្រកួតដែលមានការរំពឹងខ្ពស់រវាងកីឡាការិនីអាមេរិកគឺនាង Lilly King ដែលធ្លាប់ឈ្នះការប្រកួតនៅកីឡាអូឡាំពិកក្នុងទីក្រុង Rio ប្រទេសប្រេស៊ីលឆ្នាំ២០១៦ជាមួយនាង Tatjana Schoenmaker មកពីប្រទេសអាហ្រ្វិកខាងត្បូងប៉ុន្តែបែរជាបេក្ខនារីម្នាក់ទៀតគឺនាង Lydia Jacoby អាយុ១៧ឆ្នាំដែលទៅពីសហរដ្ឋអាមេរិកដែរ បានទទួលជ័យលាភីទី១គឺមេដាយមាស។ នាង Tatjana Schoenmaker ទទួលបានជ័យលាភីទី២គឺមេដាយប្រាក់ហើយនាង Lilly King ទទួលបានចំណាត់ថ្នាក់លេខ៣គឺមេដាយសំរឹទ្ធ។
មនុស្សជាច្រើនរយនាក់បានប្រជ្រៀតគ្នាមើលការប្រកួតហែលទឹកនោះនៅលើកញ្ចក់ទូរទស្សន៍នៅក្នុងចំណតរថភ្លើងក្នុងទីក្រុង Seward ក្នុងរដ្ឋ Alaska ដែលជាទីកន្លែងរស់នៅរបស់នាងJacoby។ ពួកគេហ៊ោកញ្ជ្រៀវអបអរ ខណៈពួកគេឃើញនាងកំពុងហែលតាមពីក្រោយនិងវ៉ាដាច់នាងSchoenmaker កីឡាការិនីមកពីប្រទេសអាហ្វ្រិកខាងត្បូងក្នុងជុំចុងក្រោយនៃការប្រកួតនោះ។
នាង Jacoby ជាកីឡាការិនីហែលទឹកទី១មកពីរដ្ឋ Alaska ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅក្នុងទីក្រុងតូក្យូ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពី Reuters និង AFP)