ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​រដ្ឋាភិបាល​អាមេរិក​ឈាន​ចូល​ដល់​ថ្ងៃ​ទី ២៣ ហើយ


រូបឯកសារ៖ សន្តិសុខល្បាតសេតវិមាន ស្របពេលការបិទរដ្ឋាភិបាលឈានចូលថ្ងៃទី២២។ 

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា៖ «ខ្ញុំ​នៅ​សេតវិមាន​រង់ចាំ​លោក Chuck និង​លោកស្រី Nancy ដែល​ឡាំប៉ា ឲ្យ​ចូល​មក​ពិភាក្សា ដូច្នេះ​យើង​អាច​ចាប់ផ្ដើម​ជួយ​ប្រទេស​របស់​យើង​ទាំង​នៅ​ព្រំដែន និង​ទាំង​នៅ​ក្នុង​ប្រទេស‍»។

ការ​បិទ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដ៏​យូរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ចូល​ដល់​ថ្ងៃ​ទី ២៣ ហើយ នៅ​ថ្ងៃ​អាទិត្យ​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក​ប្រធានាធិបតី Donald Trump បាន​សរសេរ​នៅ​លើ Twitter អំពី​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​មេដឹកនាំ​សភា​របស់​គណបក្ស​ប្រជាធិបតេយ្យ។

ដោយ​និយាយ​សំដៅ​ទៅ​លើ​លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា និង​លោក Chuck Schumer មេដឹកនាំ​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា៖ «ខ្ញុំ​នៅ​សេតវិមាន​រង់ចាំ​លោក Chuck និង​លោកស្រី Nancy ដែល​ឡាំប៉ា ឲ្យ​ចូល​មក​ពិភាក្សា ដូច្នេះ​យើង​អាច​ចាប់ផ្ដើម​ជួយ​ប្រទេស​របស់​យើង​ទាំង​នៅ​ព្រំដែន និង​ទាំង​នៅ​ក្នុង​ប្រទេស‍»។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ លោក Trump បាន​សរសេរ​នៅ​លើ Twitter យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​នៅ​ឯ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​យើង។ យើង​នឹង​បិទ​រដ្ឋាភិបាល​យូរ​ទៀត រហូត​ទាល់តែ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ត្រឡប់​មក​ពី «ការ​ឈប់​សម្រាក‍» និង​ចូល​ធ្វើ​ការ​វិញ។ ខ្ញុំ​នៅ​សេតវិមាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចុះ​ហត្ថលេខា‍! ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា សុទ្ធតែ​បាន​ផ្អាក​ការងារ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ហើយ​នឹង​ត្រឡប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​នៅ​ថ្ងៃ​ច័ន្ទ‍»។

ការ​បិទ​រដ្ឋាភិបាល​នេះ​បាន​កើត​ឡើង ដោយសារ​លោក Trump បាន​ទាមទារ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក។ ការ​ទាមទារ​នេះ​ត្រូវ​បាន​រដ្ឋសភា​បដិសេធ។ កន្លង​មក លោក Trump បាន​និយាយ​ថា ជញ្ជាំង​ព្រំដែន​នេះ​គឺ​ត្រូវការ​ដើម្បី​រារាំង​ពួក​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ដែល​ព្យាយាម​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG