សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់បន្ថែមចំនួន២៣លានដុល្លារដែលជាជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនដើម្បីជួយប្រទេសនេះដោះស្រាយវិបត្តិនៅក្នុងតំបន់ភាគខាងកើតរបស់ខ្លួន។
លោក John Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានប្រកាសកម្មវិធីជំនួយថ្មីនេះនៅក្នុងក្រុង Kyiv កាលពីថ្ងៃព្រហស្បតិ៍ដែលនៅទីនោះលោក បានជួបជាមួយក្រុមមន្រ្តីកំពូល រួមមានប្រធានាធិបតី Petro Poroshenko និងលោក Volodymyr Groysman នាយករដ្ឋមន្រ្តីដើម្បីពិភាក្សាកំណែទម្រង់របស់ប្រទេសអ៊ុយក្រែនហើយនឹងភាពផុយស្រួយនៃការឈប់បាញ់គ្នានៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមមានវិបត្តិមកឥឡូវនេះមានចំនួនសរុបទាំងអស់១៣៥លានដុល្លារ។
ថវិកាទាំងនោះ នឹងគាំទ្រទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) និងអង្គការមនុស្សធម៌ផ្សេងៗទៀតដើម្បីផ្តល់សេចក្តីត្រូវការសំខាន់ៗដល់មនុស្សរាប់ពាន់នាក់ដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងកើតមានឡើងរវាងកងទ័ពរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Donetskនិង Luhansk នៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។
យោងតាមអង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងថា មានមនុស្សងាយទទួលរងគ្រោះជាង១លាន៣សែននាក់នៅក្នុងប្រទេសអ៊ុយក្រែន រួមមានកុមារ ជនពិការនិងចាស់ជរាជាច្រើន។
ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មាននៅក្នុងរដ្ឋធានី Kyiv លោករដ្ឋមន្រ្តីការបរទេសអាមេរិកាំង បានមានប្រសាសន៍ថា មានភាពចាំបាច់ជាបន្ទាន់ដើម្បីអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ (Minsk) ដើម្បីបញ្ចប់នៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន៕