កិច្ចប្រជុំម្ចាស់ជំនួយអន្តរជាតិមួយដែលមានគោលបំណងរៃអង្គាសថវិកាឱ្យបានយ៉ាងហោចណាស់ចំនួន៧ពាន់លានដុល្លារសម្រាប់ផ្តល់ជាមូលនិធិជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរីបានបើកដំណើរការនៅក្នុងទីក្រុងឡុងដ៍។
សន្និសីទដែលនាំមុខដោយអង្គការសហប្រជាជាតិមានអ្នកចូលរួមមកពីរដ្ឋាភិបាលនានា អង្គការជំនួយមនុស្សធម៌ និងក្រុមអង្គការសង្គមស៊ីវិល ដើម្បីមកពិភាក្សាពីការទទួលយកជំនួយបន្ទាន់សម្រាប់ជួយដល់ពលរដ្ឋស៊ីរីជិត៥លាននាក់ដែលបានរត់ភៀសខ្លួនទៅប្រទេសហ្សកដានី លីបង់ តួកគី និងប្រទេសដទៃទៀត និងដើម្បីបង្កើតយុទ្ធសាស្រ្តរយៈពេលវែងដើម្បី ជួយពួកគេកសាងជីវិតជាថ្មី ក្នុងនោះមានការអប់រំ និងការងារ។
មានមនុស្សរាប់សែននាក់បានទៅកាន់ទ្វីបអឺរ៉ុបដើម្បីស្វែងរកសិទ្ធិជ្រកកោន។ នេះគឺជាវិបត្តិជនចំណាកស្រុកដ៏ច្រើនជាងគេបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
អង្គការសហប្រជាជាតិកំពុងស្វះស្វែងរកថវិកាជំនួយចំនួន១ពាន់ពីររយលានដុល្លារថែមទៀតដើម្បី ជួយដល់ប្រទេសដែលរងផលប៉ះពាល់ដើម្បីរៀបចំផែនការឆ្លើយតបសម្រាប់ដោះស្រាយបញ្ហាជនភៀសខ្លួនទាំងនោះ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បាននិយាយថា ជំនួយនេះនឹងផ្តល់ឱ្យពលរដ្ឋស៊ីរីដែលរងផលប៉ះពាល់នូវ «ក្តីសង្ឃឹមមួយដែលពួកគេត្រូវការចាំបាច់ដើម្បីបញ្ឈប់អ្នកដទៃទៀតកុំឱ្យគិតថា ពួកគេគ្មានជម្រើសអ្វីទេក្រៅពីការប្រថុយជីវិតធ្វើដំណើរប្រកបដោយគ្រោះថ្នាក់មកកាន់ទ្វីបអឺរ៉ុប។ លោក Camron បានប្រកាសមុនកិច្ចប្រជុំថា រដ្ឋាភិបាលអង់គ្លេសនឹងបរិច្ចាគទឹកប្រាក់ចំនួន១.៧៥០លានដុល្លារជួយដល់កិច្ចខិតខំប្រឹងប្រែងនេះ។
សន្និសីទនេះចាប់ផ្តើមឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអង្គការសហប្រជាជាតិបានប្រកាសផ្អាកកិច្ចចរចាសន្តិភាពក្រុងហ្សឺណែវសម្រាប់ប្រទេសស៊ីរីរហូតដល់ដំណាច់ខែកុម្ភៈ៕