ប្រធានមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានមានប្រសាសន៍កាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន អាចនឹងបាត់បង់ថវិកាជំនួយចំនួន១៧ពាន់៥រយលានដុល្លារ ប្រសិនបើ ប្រទេសនេះមិនបង្កើនល្បឿនកំណែទម្រង់នយោបាយ និងទប់ស្កាត់អំពើពុករលួយទេនោះ។
លោកស្រី Christine Lagarde ប្រធានគ្រប់គ្រងមូលនិធិផ្តល់ប្រាក់កម្ចីដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រើពាក្យខ្លាំងៗថា «ដោយគ្មានកិច្ចខំប្រឹងប្រែងខ្លាំងក្លាថ្មីដើម្បីធ្វើកំណែទម្រង់អភិបាលកិច្ច និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយទេនោះ វាអាចនឹងពិបាកក្នុងការមើលឃើញថាតើកម្មវិធីដែលឧបត្ថម្ភដោយមូលនិធិ IMF អាចបន្ត និងទទួលបានជោគជ័យដោយវិធីណា»។
វិបត្តិនេះ បានកើតមានឡើងចាប់តាំងពីការលាលែងពីតំណែងភ្លាមៗកាលពីសប្តាហ៍មុនរបស់លោក Aivaras Abromavicius រដ្ឋមន្រ្តីធ្វើកំណែទម្រង់ក្រសួងហិរញ្ញវត្ថុរបស់អ៊ុយក្រែនដើម្បីតវ៉ាប្រឆាំងការចោទប្រកាន់ថា មានការពុករលួយនៅក្នុងរដ្ឋ។
ការលាលែងពីតំណែងរបស់លោក បានបង្ហាញពីការបែកបាក់នៅក្នុងរដ្ឋាភិបាលចម្រុះដែលកំពុងដឹកនាំប្រទេស និងប្រតិបត្តិការដ៏រដិបរដុបទៅលើកំណែទម្រង់ដែលត្រូវបានគេសន្យានៅក្រោមកម្មវិធីរបស់មូលនិធិ IMF៕