សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានសម្រេចកាលពីថ្ងៃសៅរ៍ដើម្បីផ្តល់ ជំនួយចំនួន២លានដុល្លារដល់កម្ពុជាបន្ថែមទៀតសម្រាប់ការងារទប់ស្កាត់ការរីករាលដាលនៃវីរុស កូរ៉ូណា ឬ កូវីដ១៩ ដែលកំពុងរីករាលដាលក្នុងប្រទេស តំបន់ និងសកលលោក។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃសៅរ៍។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ជំនួយនេះគឺ«សម្រាប់ការគ្រប់គ្រងហានិភ័យ ការចូលរួមសហគមន៍ និង ការគាំទ្រដល់មន្ទីរពិសោធន៍» ហើយបានបន្ថែមថា៖ «ចាប់តាំងពីប្រទេសកម្ពុជា បានរាយការណ៍ពីករណីទី១ នៃកូវីដ១៩ កាលពីខែមករា ក្រុមគ្រូពេទ្យជំនាញនៃស្ថានទូតអាមេរិក នៅភ្នំពេញនិងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអង្គការ សុខភាពពិភពលោក និងស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីគាំទ្រការខិតខំការពារ ការរកឃើញនិងការឆ្លើយតបចំពោះមេរោគឆ្លងកូវីដ១៩»។
ក្រសួងសុខាភិបាលបានកម្ពុជាឱ្យដឹងកាលពីថ្ងៃសុក្រនេះថា ខ្លួនបានរកឃើញករណីទី៦ និងទី៧ ដែលមានឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅកម្ពុជា និងជាករណីដំបូងផងដែរដែលរកឃើញនៅរាជធានីភ្នំពេញ។ ករណីទាំងពីរចុងក្រោយនេះ កើតឡើងចំពោះបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ និងបុរសម្នាក់ទៀតជនជាតិប៊ែលហ្ស៊ិក វ័យ៣៣ឆ្នាំ។
ការរកឃើញបន្តបន្ទាប់និងការប្រកាសរបស់អង្គការសុខភាពពិភពលោក WHO ថា វីរុសកូរ៉ូណាជាមេរោគរាតត្បាតជាសាកលយ៉ាងឆាប់រហ័សនោះ បានធ្វើឲ្យកម្ពុជាសម្រេចរារាំងជនបរទេសមកពីប្រទេសចំនួន៥ ដែលកំពុងមានការរាលដាលវីរុសកូវីដ១៩ ខ្លាំងជាងគេលើពិភពលោក មិនចូលក្នុងប្រទេសកម្ពុជា។ នេះបើតាមលិខិតរបស់លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសផ្ញើជូនស្ថានទូត និងស្ថានកុងស៊ុលកម្ពុជានៅបរទេសកាលពី ថ្ងៃទី១៤ មីនាដើម្បីកុំផ្តល់ទិដ្ឋការដល់ជនបរទេសមកពីប្រទេសទាំង៥។ ក្នុងនោះមានដូចជា បារាំង អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។
ការផ្អាកចំនួន១ខែជាបឋមនេះគឺនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៦ ខែមីនា។តែការផ្អាកនេះមិនបានបញ្ជាក់ឲ្យដឹងថាតើនឹងអនុវត្តន៍ចំពោះជនបរទេសដែលមានលំនៅដ្ឋានឬមានទិដ្ឋការរួចហើយយ៉ាងណានោះទេ៕