ក្រុមតាលីបង់កាលពីថ្ងៃអង្គារ បានបំបែកមនុស្សរាប់រយនាក់ដែលបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាច្រើននៅក្នុងរដ្ឋធានីកាប៊ុល ដោយបាញ់គ្រាប់កាំភ្លើងទៅលើអាកាស ដែលជាសញ្ញាថ្មីៗបំផុតនៃការមិនព្រមស្តាប់តាមរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ប្រឆាំងនឹងចលនាអ៊ីស្លាមជ្រុលនិយមតាលីបង់ ដែលបានក្តោបក្តាប់អំណាចកាលពីខែមុន។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ពួកអ្នកកាន់អំណាចថ្មីរបស់អាហ្វហ្គានីស្ថាន នៅមិនទាន់បានបង្កើតរដ្ឋាភិបាលថ្មីនៅឡើយទេ ក៏ប៉ុន្តែមនុស្សជាច្រើននៅក្នុងរដ្ឋធានីកាប៊ុល មានការភ័យខ្លាចពីការគ្រប់គ្រងបែបព្រៃផ្សៃនិងការជិះជាន់សង្កត់សង្កិនដូចអ្វីដែលក្រុមតាលីបង់បានធ្វើកាលពីពួកគេកាន់អំណាចនៅចន្លោះឆ្នាំ១៩៩៦ និង២០០១នោះ។
មានការតវ៉ាប្រឆាំងយ៉ាងហោចណាស់ក៏៣ដែរ បានត្រូវធ្វើឡើងនៅទូទាំងរដ្ឋធានីកាប៊ុលនៅក្នុងការបង្ហាញការតស៊ូដែលមិនអាចនឹកស្មានដល់ ក្នុងអំឡុងពេលនៃការកាន់អំណាចកាល ពីពេលមុនរបស់ក្រុមតាលីបង់ នៅពេលដែលមនុស្សត្រូវបានគេប្រហារជីវិតជាសាធារណៈ ហើយចោរលួចបានត្រូវគេកាត់ដៃចោលនោះ។
អ្នកតវ៉ាម្នាក់ឈ្មោះ Sarah Fahim បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅពេលធ្វើការតវ៉ាប្រឆាំងនៅខាងក្រៅស្ថានទូតប៉ាគីស្ថាន ដែលនៅទីនោះមនុស្សជាង៧០នាក់ ភាគច្រើនជាស្ត្រី បានប្រមូលផ្តុំគ្នា។ គាត់និយាយថា «ស្ត្រីជនជាតិអាហ្វហ្គានីស្ថាន ចង់ឲ្យប្រទេសជាតិរបស់គេមានសេរីភាព។ ពួកគេចង់ឲ្យប្រទេសរបស់គេមានការកសាងឡើងវិញ។ យើងមានការធុញទ្រាន់ណាស់»។
អ្នកតវ៉ាម្នាក់ទៀតអាយុ២៥ឆ្នាំ បាននិយាយថា «យើងចង់ឲ្យពលរដ្ឋទាំងអស់របស់យើង មានការរស់នៅជាធម្មតា។ តើយើងរស់នៅក្នុងស្ថានភាពបែបនេះបានយូរប៉ុន្មាន?»។
ហ្វូងមនុស្ស បានកាន់បដានិងស្រែកអំពីការមិនសប្បាយចិត្តរបស់ពួកគេជុំវិញបញ្ហាសន្តិ សុខ ការចាកចេញដោយសេរីទៅក្រៅប្រទេសនិងបានចោទប្រកាន់ពីការជ្រៀតជ្រែកដោយប្រទេសប៉ាគីស្ថាន ដែលតាមប្រវត្តិសាស្ត្រមានចំណងទាក់ទងយ៉ាងជិតស្និទ្ធជាមួយពួកមេដឹកនាំតាលីបង់។
ប៉ាគីស្ថានជាប្រទេសមួយនៃប្រទេស៣ដែលបានទទួលស្គាល់រដ្ឋាភិបាលតាលីបង់កាលពីពេលមុន បានរងការចោទប្រកាន់ពីការផ្តល់ទីជម្រកសុខសាន្តដល់មេដឹកនាំតាលីបង់បន្ទាប់ ពីពួកគេ ត្រូវបានបណ្តេញចេញពីអំណាចដោយការលុកលុយដែលដឹកនាំដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០១៕