ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ប្រកាស​រដ្ឋាភិបាល​អន្តរកាល​របស់​អាហ្វហ្គានីស្ថាន


អ្នកនាំពាក្យ​ក្រុម​តាលីបង់ លោក Zabihullah Mujahid ថ្លែង​ក្នុង​សន្និសីទ​សារព័ត៍​មាន​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។
អ្នកនាំពាក្យ​ក្រុម​តាលីបង់ លោក Zabihullah Mujahid ថ្លែង​ក្នុង​សន្និសីទ​សារព័ត៍​មាន​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

ក្រុម​តាលីបង់​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ប្រកាស​រដ្ឋាភិបាល​ឥស្លាម​អន្តរកាល​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដឹក​នាំ​ដោយ​ លោក ​Mullah Hasan Akhund ​សហការី​ដ៏​ជិត​ស្និទ្ធ​របស់​ស្ថានិក​ចលនា​ឥស្លាម ​លោក​ Mullah Omar​ ដែល​ស្លាប់​ទៅ​ហើយ។

ការ​ប្រកាស​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​តាលីបង់​បាន​ប្រកាស​ថា​ ពួកគេ​បាន​ចូល​កាន់កាប់​ខេត្ត Panjshir​ នៅ​ភាគខាង​ជើង​ដោយ​បញ្ចប់​ការ​តស៊ូ​ប្រដាប់​អាវុធ​តែមួយ​គត់​ប្រឆាំង​ការ​គ្រប់គ្រង​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ហែកហួរ​ដោយ​ជម្លោះ​នេះ។​

ខណៈ​កំពុង​ផ្តល់​ព័ត៌មាន​លម្អិត​នៃ​គណៈ​រដ្ឋមន្ត្រី​អន្តរកាល​នៅ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីក្រុង​កាប៊ុល​ អ្នក​នាំ​ពាក្យ​តាលីបង់​លោក​ Zabihullah Mujahid ​បាន​និយាយ​ថា​ ការ​តែងតាំង​ទាំងអស់​ជា​តួនាទី​ស្តីទី​ ហើយ​រដ្ឋមន្ត្រី​ក្រសួង​នានា​នឹង​ត្រូវ​តែង​តាំង​ឆាប់ៗ​នេះ។​

លោក​ Akhund ​ដែល​គេ​ជឿ​ថា​មាន​អាយុ​ខ្ទង់​៦០​ឆ្នាំ​អបអរសាទរ​មក​ពី​ខេត្ត ​Kandahar ​នៅ​ភាគខាង​ត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​កន្លែង​កំណើត​របស់​ក្រុម​តាលីបង់។ ​លោក​បាន​ដឹកនាំ​ក្រុម​ប្រឹក្សា​មេដឹកនាំ ដែល​ដឹកនាំ​ការ​វាយ​ប្រហារ​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​អំឡុង​សង្គ្រាម​ជិត​២០​ឆ្នាំ​មក​នេះ។​

លោក ​Mujahid ​បន្ថែម​ថា ​លោក ​Mullah Abdul Ghani Baradar ​ប្រធាន​ការិយាល័យ​នយោបាយ​របស់​ក្រុម​តាលីបង់​នឹង​ធ្វើ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​អន្តរកាល។ ​ លោក​ Sirajuddin Haqqani ​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ​លោក​ Amir Khan Muttaqi ​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ ហើយ​លោក ​Mohammad Yaqoob​ កូន​ប្រុស​របស់​លោក ​Omar ​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី។​

លោក ​Haqqani ​គឺ​ជា​មេដឹកនាំ​បណ្តាញ ​Haqqani ​ដែល​សហ​រដ្ឋ​អាមេរិក​កំណត់​ថា​ជា​អង្គការ​ភេរវករ​ពិភព​លោក។​

រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​ផ្តល់​រង្វាន់​១០​លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​លោក​ Haqqani ​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ទៅ​លើ​កងកម្លាំង​អាមេរិក​ និង​សម្ព័ន្ធមិត្ត​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។ ​សហ​រដ្ឋ​អាមេរិក​ថ្កោល​ទោស​បណ្តាញ ​Haqqani​ ថា​ ជា​«ក្រុម​បះបោរ​ដ៏​សាហាវ​និង​ទំនើប​បំផុត»។

មនុស្ស​យ៉ាង​តិច​១០​នាក់​នៅ​ក្នុង​គណៈ​រដ្ឋមន្រ្តី​តាលីបង់​ដែល​មាន​សមាជិក​៣៣​នាក់​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​បាន​ចរចា​កិច្ច​ព្រមព្រៀង​សន្តិភាព​ខែ​កុម្ភៈឆ្នាំ​២០២០ ​ជា​មួយ​សហ​រដ្ឋអាមេរិក​ ដោយ​បើក​ផ្លូវ​ឲ្យ​កងកម្លាំង​បរទេស​ទាំងអស់​ដកខ្លួន​ចេញ​ពីសង្គ្រាម​ជិត​២០​ឆ្នាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។​ ការ​ដកទ័ព​ចេញ​បាន​បញ្ចប់​នៅ​ថ្ងៃទី ៣១ ​ខែសីហា ​ស្រប​តាមការណែនាំ​របស់​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក Joe Biden៕​

(Margaret Besheer និង Patsy Widakuswara រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ)

XS
SM
MD
LG