ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកប្រាប់អ.ស.បជាផ្លូវការថា ខ្លួនត្រៀមចាកចេញពីអង្គការសុខភាពពិភពលោក


រូបឯកសារ៖ ទីស្នាក់ងារអង្គការសុខភាពពិភពលោកនៅក្រុងហ្សឺណែវ ប្រទេសស្វីស។
រូបឯកសារ៖ ទីស្នាក់ងារអង្គការសុខភាពពិភពលោកនៅក្រុងហ្សឺណែវ ប្រទេសស្វីស។

សេតវិមានបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិថា ខ្លួនដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ថ្វីបើមានការកើនឡើងនូវករណីជំងឺកូវីដ១៩ក្នុងសហរដ្ឋអាមេរិកក៏ដោយ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានផ្អិបការផ្តល់ថវិការបស់សហរដ្ឋអាមេរិកសម្រាប់អង្គការសុខភាពពិភពលោកកាលពីខែមេសា ហើយមួយខែក្រោយមក បានប្រកាសពីគោលបំណងរបស់លោកចាកចេញពីអង្គការនេះ។ លោកប្រធានាធិបតីត្រាំបានចោទប្រកាន់ថា អង្គការនេះបានលម្អៀងទៅប្រទេសចិននៅក្នុងចំណាត់ការរបស់ខ្លួននៃការផ្ទុះឡើងនូវមេរោគកូរ៉ូណា ហើយទាមទារឲ្យមានការធ្វើកំណែទម្រង់។

លោកប្រធានាធិបតីត្រាំបាននិយាយកាលពីខែឧសភាថា៖ «យើងបានរៀបរាប់ពីការធ្វើកំណែទម្រង់ដែលអង្គការនេះ ត្រូវតែធ្វើនិងចូលរួមដោយផ្ទាល់ ក៏ប៉ុន្តែគេបានបដិសេធពុំព្រមធ្វើ។ ពីព្រោះតែអង្គការនេះបានខកខានធ្វើកំណែទម្រង់ដ៏សំខាន់ យើងសម្រេចផ្តាច់ទំនាក់ទំនងនៅថ្ងៃនេះជាមួយអង្គការនេះ​»​។

នៅក្រោមច្បាប់របស់អង្គការសុខភាពពិភពលោក ប្រទេសដែលចាកចេញពីអង្គការនេះត្រូវតែផ្តល់ដំណឹងរយៈពេលមួយឆ្នាំ។ ប្រសិនបើលោកប្រធានាធិបតីត្រាំចាញ់ឆ្នោតនៅខែវិច្ឆិកា លោកប្រធានាធិបតី​ថ្មីអាចសម្រេចស្ថិតនៅក្នុងអង្គការនេះបាន។

សហរដ្ឋអាមេរិកនាំមុខពិភពលោកដោយមានការឆ្លងជំងឺកូវីដ១៩ជិត៣លានករណី ហើយមានមនុស្សស្លាប់ជិត១សែន៣ម៉ឺន១ពាន់នាក់។

ពួកអ្នកជំនាញសុខាភិបាលសហរដ្ឋអាមេរិកបានហៅចំណាត់ការរបស់ប្រធានាធិបតីត្រាំថា មិនគិតវែងឆ្ងាយ ហើយបំផ្លាញកិច្ចសហប្រតិបត្តិការរាប់ទសវត្សរ៍នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺទាំងអស់។

លោកវេជ្ជបណ្ឌិត Thomas File Jr. ប្រធានសង្គមជំងឺឆ្លងអាមេរិក និយាយថា៖ «ការបោះបង់ចោលកៅអីរបស់យើងធ្វើឲ្យសហរដ្ឋអាមេរិកចេញពីការធ្វើសេចក្តីសម្រេចសាកលដើម្បីប្រយុទ្ធប្រឆាំងវីរុសនិងការខំប្រឹងប្រែងសាកលដើម្បីអភិវឌ្ឍថ្នាំវ៉ាក់សាំងនិងការព្យាបាល ដោយធ្វើឲ្យយើងងាយទទួលតែគ្រោះថ្នាក់ពីជំងឺកូវីដ១៩ ហើយបាត់បង់តួនាទីរបស់យើងជាមេដឹកនាំខាងសុខភាពសាកល»៕

XS
SM
MD
LG