ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ផ្ដល់​ប្រាក់ ១.៦០០ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន Novavax ឲ្យ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩


រូបឯកសារ៖​ វ៉ាក់សាំងដែលមានបិទតែមថា «វ៉ាក់សាំងកូវីដ១៩» ក្នុងរូបថតមួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖​ វ៉ាក់សាំងដែលមានបិទតែមថា «វ៉ាក់សាំងកូវីដ១៩» ក្នុងរូបថតមួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ចសន្យា​ផ្ដល់​ប្រាក់​ចំនួន ១.៦០០ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន Novavax, Inc. ឲ្យ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។

ការ​ចុះ​កិច្ចសន្យា​ផ្ដល់​ប្រាក់​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដល់​ក្រុមហ៊ុន​ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋ Maryland នេះ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​ធំ​បំផុត​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុង​ការ​បង្កើន​ល្បឿន​ការផលិត​វ៉ាក់សាំង​និង​វិធី​ព្យាបាល​ជំងឺ​កូវីដ១៩។ ​

លោក Stanley Erck នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Novavax នេះ​ គ្រោង​នឹង​ចាប់​ផ្ដើម​ចែកចាយ​វ៉ាក់សាំង​ចំនួន ១០០ លាន​ដូស​នៅ​ក្នុង​ត្រីមាស​ទី​បួន​ឆ្នាំ​នេះ។ លោក​ថ្លែង​ថា គម្រោង​នេះ​ប្រហែល​ជា​នឹង​បញ្ចប់​នៅ​ខែ​មករា​ ឬ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ។

ក្រសួង​សុខាភិបាល​និង​សេវា​ពលរដ្ឋ​ និង​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​គ្នា​មួយ​ថា ដោយសារ​តែ​រដ្ឋាភិបាល​សហព័ន្ធ​ជា​អ្នក​ផ្ដល់​ថវិកា​សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ ពួកគេ​នឹង​ទទួល​បាន​វ៉ាក់សាំងចំនួន ១០០ លាន​ដូស​ពី​គម្រោង​ស្រាវជ្រាវ​នេះ។

កិច្ចសន្យា​នេះ​ត្រូវ​ធ្វើ​ឡើង ខណៈ​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ កំពុង​តែ​កើនឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក ហើយ​សហរដ្ឋអាមេរិក​ក៏​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​ផង​ដែរ។ កំណើន​ករណី​ឆ្លង​នេះ​បាន​ធ្វើឲ្យ​បណ្ដា​រដ្ឋ​និង​ទីក្រុង​មួយ​ចំនួន​ដាក់​វិធាន​បិទ​សកម្មភាព​សង្គម​ជាថ្មី​ទៀត៕

XS
SM
MD
LG