ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Fauci រំឭកដាស់តឿនពលរដ្ឋអាមេរិកាំងកុំឲ្យមើលស្រាល ពេលអត្រាការស្លាប់ដោយជំងឺកូវីដ១៩ ធ្លាក់ចុះ


រូបឯកសារ៖ លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិជំងឺឆ្លង ថ្លែងនៅវិមាន Capitol Hill​ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិជំងឺឆ្លង ថ្លែងនៅវិមាន Capitol Hill​ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

នៅពេលដែលសហរដ្ឋអាមេរិកមានការឆ្លងមេរោគកូរ៉ូណាទាំងអស់ជិត៣លានករណី អ្នកជំនាញជំងឺឆ្លងកំពូលរបស់អាមេរិកបានរំឭកដាស់តឿនពលរដ្ឋអាមេរិកាំងកាលពីថ្ងៃអង្គារម្សិលមិញកុំឲ្យមើលស្រាលអំពីការធ្លាក់ចុះនៃអត្រាការស្លាប់ក្នុងប្រទេសដោយសារការរាតត្បាតនៃមេរោគកូរ៉ូណានេះ។

លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិជំងឺឆ្លង បានធ្វើកំណត់សម្គាល់ក្នុងអំឡុងនៃសម័យប្រជុំសួរនិងឆ្លើយជាមួយលោក Doug Jones សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកតាមគេហទំព័រ Facebook។

លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា៖ «ចូរកុំមិនព្រួយបារម្ភអំពីអត្រាស្លាប់ទាបនេះ។ មានកត្តាជាច្រើនផ្សេងទៀតដែលមានគ្រោះថ្នាក់និងអាក្រក់បំផុតអំពីវីរុសនេះ។ ចូរកុំមើលស្រាលឲ្យសោះ»។

សហរដ្ឋអាមេរិកមានមនុស្សស្លាប់ជាង១សែន៣ម៉ឺន១ពាន់៤រយ៥៧នាក់ដោយសារជំងឺកូវីដ១៩រហូតមកដល់ថ្ងៃពុធនេះ។ នេះបើតាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញ កាលពីយប់ថ្ងៃអង្គារនៅលើ Twitter ថា៖ «អត្រាស្លាប់មកពីមេរោគកូរ៉ូណាបានធ្លាក់ចុះ១០ដង»។

ក៏ប៉ុន្តែលោកវេជ្ជបណ្ឌិត Fauci បានរំឭកដាស់តឿននៅដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងការរាតត្បាតនៃរលកទី១យ៉ាងខ្លាំងនៅឡើយ។ ការដាស់តឿននាពេលថ្មីៗនេះរបស់លោកវេជ្ជបណ្ឌិត Fauci ស្តីពីស្ថានភាពនៃការផ្ទុះឡើងមេរោគកូរ៉ូណាក្នុងសហរដ្ឋអាមេរិក បានកើតមានឡើងនៅថ្ងៃជាមួយគ្នាដែលរដ្ឋបាលរបស់ប្រធានាធិបតីត្រាំបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិថា ខ្លួននឹងដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក ថ្វីបើមានការកើនឡើងចំនួនករណីនៃជំងឺកូវីដ១៩ក្នុងសហរដ្ឋអាមេរិកក៏ដោយ៕

XS
SM
MD
LG