ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបករណ៍​ការពារ​ខ្លួន​សម្រាប់​បុគ្គលិក​ពេទ្យ​​នៅ​សហរដ្ឋអាមេរិក​ជិត​អស់​ម្ដង​ទៀត


រូបឯកសារ៖ ក្រុមបុគ្គលិកផ្នែកសុខាភិបាលប្រមូលផ្តុំនៅកន្លែងធ្វើតេស្តរកវីរុសកូរ៉ូណាមួយ នៅក្រុង Phoenix សហរដ្ឋអាមេរិក។

ឧបករណ៍​ការពារ​ខ្លួន​សម្រាប់​បុគ្គលិក​ពេទ្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ធ្លាប់​ជិត​អស់​ម្ដង​រួច​មក​ហើយ ឥឡូវ​នេះ​កំពុង​តែ​ជិត​អស់​ម្ដង​ទៀត ខណៈ​ដែល​ជំងឺ​កូវីដ១៩​កំពុង​តែ​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង ហើយ​ចំនួន​អ្នក​ជំងឺ​ដែល​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​កំពុង​តែ​កើន​ឡើង។ ​

សហជីព​គិលានុបដ្ឋាក​ជាតិ​មួយ​កំពុង​តែ​ព្រួយបារម្ភ​ថា បុគ្គលិក​ពេទ្យ​ទាំង​នោះ​នឹង​ត្រូវ​ប្រើប្រាស់​ឧបករណ៍​ការពារ​ខ្លួន​ដែល​ប្រើ​ហើយ​ឡើង​វិញ។ សមាគម​វេជ្ជបណ្ឌិត​មួយ​បាន​ព្រមាន​ថា ​បន្ទប់​ពិគ្រោះ​ជំងឺ​ត្រូវ​បិទ ដោយសារ​តែ​ពួកគេ​មិន​អាច​មាន​ម៉ាស់​និង​ឧបករណ៍​ការពារ​ខ្លួន​ផ្សេងៗ​ទៀត។ សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​ជំរុញ​ឲ្យ​រដ្ឋបាល​លោក ត្រាំ រៀបចំ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​មួយ​ដើម្បី​ទទួល​បាន​និង​ចែកចាយ​ឧបករណ៍​ការពារ​ខ្លួន​ ដែល​គេ​រំពឹង​ថា វិបត្តិ​ជំងឺ​កូវីដ១៩​នឹង​កាន់​តែ​អាក្រក់​នៅ​ពេល​រដូវ​ស្លឹក​ឈើជ្រុះ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​មក​ដល់។ ​

នៅ​ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​ផ្ទុះ​ឡើង​ដំបូង​កាល​ពី​ខែ​មីនា និង​ខែ​មេសា នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ស្ថានភាព​មាន​ភាព​វឹកវរ​ដោយសារ​តែ​គិលានុបដ្ឋាក​ត្រូវ​ប្រើប្រាស់​ថង់​ប្លាស្ទិក​សម្រាប់​ដាក់​សម្រាម​ធ្វើ​ជា​ឧបករណ៍​ការពារ​ខ្លួន។ កង្វះខាត​នេះ​ឧបករណ៍​ការពារ​ខ្លួន​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋ​និង​មន្ទីរពេទ្យ​មួយ​ចំនួន​ប្រជែង​គ្នា​ដើម្បី​បាន​ឧបករណ៍​ទាំង​នោះ ដោយ​ត្រូវ​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ខ្ពស់។

ឥឡូវ​នេះ ឧបករណ៍​ការពារ​ខ្លួន​មាន​ច្រើន​ជាង​មុន ហើយ​រដ្ឋ​និង​មន្ទីរពេទ្យ​ធំៗ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ពួកគេ​មាន​ឧបករណ៍​ការពារ​ខ្លួន​គ្រប់គ្រាន់។ ប៉ុន្តែ​បុគ្គលិក​វេជ្ជសាស្ត្រ​និង​សមាជិក​សភា​មួយ​ចំនួន​កំពុង​តែ​លើកឡើង​ពី​កង្វះខាត​ឧបករណ៍​ការពារ​ខ្លួន​នៅ​ពេល​ខាង​មុខ​នេះ៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG