លោកជំទាវ Melania Trump ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បន្តដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍របស់លោកជំទាវនៅទ្វីបអាហ្វ្រិកនៅថ្ងៃពុធនេះ។
លោកជំទាវត្រាំបានចែកចាយភួយ និងរូបខ្លាឃ្មុំដល់ទារកដែលទើបកើត និងម្តាយរបស់ពួកគេនៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីអាក្រា (Accra) នៃប្រទេសហ្គាណា ភ្លាមៗបន្ទាប់ពីលោកជំទាវបានអញ្ជើញទៅដល់ទីនោះកាលពីថ្ងៃអង្គារ។
លោកជំទាវ Melania Trump កំពុងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកជំទាវទៅកាន់ប្រទេសហ្គាណា ម៉ាឡាវី កេនយ៉ា និងប្រទេសអេហ្ស៊ីប ដើម្បីពង្រីក និងលើកស្ទួយកិច្ចផ្តួចផ្តើមរបស់លោកជំទាវដែលហៅថា “Be Best” ដែលផ្តោតលើសុខមាលភាពរបស់កូនក្មេង។ ដំណើរទស្សនកិច្ចសុឆន្ទៈល្អកើតមានឡើងប៉ុន្មានខែបន្ទាប់ពីមានការរឹះគន់យ៉ាងខ្លាំងរបស់សាធារណជនដល់ការប្រើពាក្យសម្តីមិនល្អរបស់ប្រធានាធិបតី ដូណាល់ ត្រាំដែលពណ៌នាទ្វីបនោះដែលបណ្តាលឲ្យមានការចោទប្រកាន់ពីការប្រកាន់ពូជសាសន៍។
លោកJohn Campbell អ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់ការសិក្សាគោលនយោបាយទ្វីបអាហ្វ្រិកនៅឯក្រុមប្រឹក្សាទំនាក់ទំនងការបរទេសបានប្រាប់VOAថា «ដំណើរទស្សនកិច្ចដោយលោកជំទាវភរិយារបស់ប្រធានាធិបតីអាមេរិក ខ្ញុំគិតថា នឹងបង្ហាញថា ពលរដ្ឋអាមេរិកាំង គោលនយោបាយ និងរដ្ឋបាលរបស់អាមេរិកមានគោលបំណងច្រើនយ៉ាង»។
រដ្ឋបាលប្រធានាធិបតីត្រាំ បានអំពាវនាវឲ្យកាត់បន្ថយកម្មវិធីជំនួយមនុស្សធម៌យ៉ាងខ្លាំងសម្រាប់ទ្វីបអាហ្វ្រិកនៅក្នុងការស្នើថវិការបស់ខ្លួន ក៏ប៉ុន្តែសំណើនោះបានត្រូវរារាំងដោយសភា៕