ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជំនួស​ឲ្យ​កិច្ច​ព្រមព្រៀង NAFTA ត្រូវ​បាន​សម្រេច​ឡើង


លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក (រូប​ឆ្វេង) និង​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម៉ិកស៊ិក Idelfonso Guajardo ធ្វើ​ដំណើរ​ទៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក (រូប​ឆ្វេង) និង​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម៉ិកស៊ិក Idelfonso Guajardo ធ្វើ​ដំណើរ​ទៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

បន្ទាប់ពី​បាន​ចរចា​គ្នា​ដ៏​តានតឹង​មក មន្ត្រី​សហរដ្ឋ​អាមេរិក និង​មន្ត្រី​កាណាដា​បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ពួកគេ​បាន​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ត្រី​ភាគី​កែ​សម្រួល​ឡើង​វិញ​មួយ​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក ដើម្បី​ជំនួស​ឲ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាង​ជើង​ដែល​ហៅ​កាត់​ថា NAFTA។

កិច្ច​ព្រមព្រៀង​អាមេរិក​ម៉ិកស៊ិក​កាណាដា ដែល​ហៅ​កាត់​ថា USMCA នេះ គឺ​ជា​មូលដ្ឋាន​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ដែល​មាន​ទឹក​ប្រាក់ ១ លាន ២ សែន​លាន​ដុល្លារ​អាមេរិក។ គេ​រំពឹង​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​សមភាគី​របស់​លោក​នៃ​ប្រទេស​កាណាដា និង​ម៉ិកស៊ិក នៅ​ក្នុង​រយៈពេល ៦០ ថ្ងៃ​ខាង​មុខ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើង​គិត​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​អស្ចារ្យ​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក»។ មន្ត្រី​រូប​នោះ​បាន​បន្ថែម​ទៀត​ថា៖ «កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​លោក​ប្រធានាធិបតី Donald Trump»។

សភា​អាមេរិក​ទំនងជា​នឹង​ពិភាក្សា​លើ​កិច្ច​ព្រមព្រៀង USMCA នេះ នៅ​ឆ្នាំ​ក្រោយ។ ជោគ​វាសនា​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​ស្ថិត​នៅ​លើ​ដៃ​របស់​សមាជិក​សភា ហើយ​គេ​នៅ​មិន​ច្បាស់​ទេ​ថា​តើ​សភា​នឹង​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ​ឬ​ក៏​អត់ ដោយសារតែ​គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល​ជា​នឹង​ដណ្ដើម​ការ​គ្រប់គ្រង​រដ្ឋសភា​មក​វិញ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក និង​លោកស្រី Chrystia Freeland រដ្ឋមន្ត្រី​ការបរទេស​កាណាដា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​គ្នា​ថា៖ «កិច្ច​ព្រមព្រៀង USMCA នេះ​នឹង​ផ្ដល់​ឲ្យ​កម្មករ កសិករ ម្ចាស់​កសិដ្ឋាន និង​ម្ចាស់​អាជីវកម្ម​នានា​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​មួយ​ដែល​នឹង​ឈាន​ទៅ​ដល់​ការ​មាន​ទីផ្សារ​សេរី​ជាង​មុន ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​យុត្តិធម៌​ជាង​មុន និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​របស់​យើង»៕

XS
SM
MD
LG