អ្នកស្រី Melania Trump ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិកកាលពីថ្ងៃចន្ទ ដែលនេះជាដំណើរទស្សនកិច្ចតែម្នាក់ឯងលើកដំបូងបង្អស់ទៅកាន់បរទេសរបស់អ្នកស្រី ចាប់តាំងពីស្វាមីរបស់អ្នកស្រីក្លាយជាប្រធានាធិបតីអាមេរិកមក។
សេតវិមានបានឲ្យដឹងថា ទស្សនកិច្ចទៅកាន់ប្រទេសចំនួន៤របស់អ្នកស្រី ដែលរួមមានប្រទេស ហ្គាណា ម៉ាឡាវី កេនយ៉ា និងអេហ្ស៊ីប នឹងផ្តោតទៅលើការថែទាំសុខភាពម្តាយនិងទារកទើបនឹងកើតនៅក្នុងមន្ទីរពេទ្យ ការអប់រំសម្រាប់កុមារ ការយល់ដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្រនៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ហើយនិងរបៀបដែលសហរដ្ឋអាមេរិកកំពុងតែគាំទ្រដល់ប្រទេសនីមួយៗដើម្បីឲ្យប្រទេសទាំងនោះអាចពឹងផ្អែកលើខ្លួនឯងបាន។
សុខុមាលភាពកុមារបានក្លាយជាចំណុចផ្តោតសំខាន់នៃយុទ្ធនាការ «Be Best» របស់អ្នកស្រី Melania Trump ដែលទើបតែចាប់ផ្តើមអនុវត្តកាលពីដើមឆ្នាំនេះ។
ទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់អ្នកស្រីអាចនឹងស្មុគស្មាញដោយសារតែសកម្មភាពនិងពាក្យសម្តីរបស់ស្វាមីអ្នកស្រី ដែលបានប្រើពាក្យសម្តីមិនសមរម្យហៅប្រទេសនៅអាហ្វ្រិកទាំងនោះ។
លោក Judd Devermont ដែលជានាយកកម្មវិធីអាហ្វ្រិកនៃមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រនិងការសិក្សាអន្តរជាតិ បានមានប្រសាសន៍ថា អ្នកស្រី Melania Trump «មានភារកិច្ចធំៗមួយចំនួនក្នុងទស្សនកិច្ចនេះ ហើយវាមិនសូវយុត្តិធម៌សម្រាប់អ្នកស្រីនោះទេ ដោយសារតែនេះមិនមែនជាអ្វីដែលទស្សនកិច្ចរបស់អ្នកស្រីគួរផ្តោតនោះទេ»៕