កងទ័ពអាកាសសហរដ្ឋអាមេរិកបានធ្វើការហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B ពីរគ្រឿង អមដោយយន្តហោះចម្បាំងកូរ៉េខាងត្បូង និងយន្តហោះចម្បាំងជប៉ុន លើឧបទ្វីបកូរ៉េកាលពីថ្ងៃសៅរ៍ម្សិលមិញ។
ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ថា បេសកកម្មនេះគឺជា «ការឆ្លើយតបដោយផ្ទាល់» ទៅនឹងការបាញ់គ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ៣ និងថ្ងៃទី ២៨ ខែកក្កដាកន្លងទៅនេះ។
លោកឧត្ដមសេនីយ៍ Terrence O'Shaughnessy មេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បាននិយាយថា៖ «ប្រទេសកូរ៉េខាងជើងនៅតែជាការគំរាមកំហែងដ៏ខ្លាំងក្លាជាទីបំផុតចំពោះស្ថិរភាពនៅក្នុងតំបន់។ យើងនៅតែផ្ដល់អាទិភាពលើវិធីសាស្ត្រការទូត ប៉ុន្តែយើងមានការទទួលខុសត្រូវចំពោះសម្ព័ន្ធមិត្តរបស់យើង និងចំពោះប្រទេសជាតិរបស់យើង ដើម្បីបង្ហាញអំពីការប្ដេជ្ញាមិនប្រែប្រួលរបស់យើង ស្របពេលដែលយើងត្រៀមខ្លួនសម្រាប់ពេលមានករណីអាក្រក់ធ្ងន់ធ្ងរណាមួយកើតឡើង។ ប្រសិនបើជាសម្ព័ន្ធមិត្តរបស់យើងហៅឲ្យយើងជួយ យើងត្រៀមឆ្លើយតបដោយកម្លាំងខ្លាំងក្លាឲ្យបានលឿនជាទីបំផុត នៅពេលណាក៏បាន»។
បេសកកម្មរួមគ្នារយៈពេល ១០ ម៉ោងនេះ បានចាប់ផ្ដើមចេញពីមូលដ្ឋានទ័ពអាកាស Andersen នៅលើកោះ Guam។ យន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសសហរដ្ឋអាមេរិកត្រូវបានចូលរួមជាមួយដោយយន្តហោះចម្បាំង F-2 របស់ជប៉ុនចំនួនពីរគ្រឿង នៅលើដែនអាកាសជប៉ុន។ បន្ទាប់មក យន្តហោះទម្លាក់គ្រាប់បែកអាមេរិកទាំងនេះ បានហោះពីលើឧបទ្វីបកូរ៉េ ដែលអមដោយយន្តហោះចម្បាំងកូរ៉េខាងត្បូងចំនួន ៤ គ្រឿង។
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាថ្មីម្ដងទៀត បានរិះគន់ប្រទេសចិនថាបានបរាជ័យបញ្ឈប់កម្មវិធីគ្រាប់ផ្លោងមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕