ពួកអ្នកស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិកបានចាប់ផ្តើមស៊ើបអង្កេតកាលពីថ្ងៃសៅរ៍អំពីការលួចនិងការធ្លាក់យន្តហោះអាកាសចរណ៍មួយគ្រឿងកាលពីយប់ថ្ងៃសុក្រ នៅជិតទីក្រុង Seattle ក្នុងតំបន់ភាគពាយ័ព្យរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោកស្រី Debra Eckrote នាយកប្រចាំតំបន់របស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបានប្រាប់ពួកអ្នកយកព័ត៌មានថា ទីភ្នាក់ងាររបស់លោកស្រីកំពុងជួយក្រុមមកពីការិយាល័យស៊ើបអង្កេតសហព័ន្ធធ្វើឯកសារពីការធ្លាក់នេះ ហើយនឹងស្វែងរកប្រដាប់ថតទិនន្ន័យជើងហោះហើររបស់យន្តហោះនោះ ហើយនឹងរកសាកសពមនុស្ស។
ពួកអាជ្ញាធរនិយាយថា បុគ្គលិកម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Horizon Air បានលួចយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនដែលមិនមានអ្នកដំណើរឬអ្នកបើកបរនៅលើយន្តហោះ នៅឯចំណតយន្តហោះអន្តរជាតិ Seattle Tacoma បានហោះហើយបើកក្រឡាប់ផ្ងា មុនពេលធ្លាក់នៅលើកោះ Ketron ដែលមានមនុស្សរស់នៅចន្លោះៗ។
ការិយាល័យប៉ូលិសស្រុក Pierce បានប្រាប់ឲ្យដឹងតាមប្រព័ន្ធ Twitter ថា អ្នកធ្វើការនៅនឹងដីម្នាក់ដែលមានអាយុ២៩ឆ្នាំបានបើកយន្តហោះធុន Bombardier Q 400 ម៉ាស៊ីន២ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ Horizon Air ចេញពីចំណតយន្តហោះអន្តរជាតិក្រុង Seattle Tacoma។ ការិយាល័យប៉ូលិសបានពណ៌នាបុរសនោះថា «ធ្វើអត្តឃាត»។
គេអាចឮសំឡេងថតរបស់ពួកអ្នកត្រួតត្រាចរាចរណ៍អាកាសចរណ៍ ព្យាយាមបញ្ចុះបញ្ចូលបុរសនោះដែលពួកគេហៅថា "Rich" ដើម្បីឲ្យបើកយន្តហោះចុះ។
ក្រោយមក បុរសដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះនោះ ត្រូវបានគេឮនិយាយថា «ខ្ញុំជាមនុស្សដាច់យ៉ៃ»៕