ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​អាមេរិកាំង​បាន​ស្លាប់​ក្នុង​ចំណោម​ជនរងគ្រោះ​ដោយសារ​ឧប្បទ្ទវហេតុ​ឡាន​ក្រុង​ក្រឡាប់​ក្នុង​ប្រទេស​ម៉ិកស៊ិក


សាកសព​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ឡាន​ក្រុង​ក្រឡាប់​នៅ​ក្នុង​ក្រុង Mahahual រដ្ឋ Quintana Roo ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ បាន​អះអាង​ថា​មាន​ជនជាតិ​អាមេរិកាំង​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅក្នុង​ឧប្បទ្ទវហេតុ​ឡាន​ក្រុង​មួយ​ក្រឡាប់​ក្នុង​ប្រទេស​ម៉ិកស៊ិក​ កាល​ពី​ព្រឹក​ថ្ងៃពុធ​ម្សិលមិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោកស្រី Heather Nauert បាន​សរសេរ​នៅ​លើ Twitter ថា​៖ «យើង​អាច​បញ្ជាក់​បាន​ថា​ មាន​ពលរដ្ឋ​អាមេរិកាំង​ច្រើន​នាក់​បាន​ស្លាប់​នៅក្នុង​ឧប្បទ្ទវហេតុ​មួយ​ក្នុង​ប្រទេសម៉ិកស៊ិក​ ហើយ​មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​បាន​រងរបួស»។ លោកស្រី​ក៏​បាន​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​ទៅ​ជន​រងគ្រោះ​ទាំង​នោះ​ផងដែរ។

លោកស្រី​បាន​សរសេរ​បន្ថែម​ទៀត​ថា «យើង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ស្រុក​ និង​បញ្ជូន​បុគ្គលិក​របស់​យើង​ទៅ​ជួយ​នៅ​កន្លែង​កើត​ហេតុ​ដោយ​ផ្ទាល់​ ហើយ​យើង​នឹង​បន្ត​តាមដាន​ស្ថានភាព​នេះ​តទៅទៀត»។

យោង​តាម​សារព៌មាន AP បាន​រាយការណ៍​ថា​ ក្រុម​មន្ត្រី​របស់​ប្រទេស​ម៉ិកស៊ិក​បាន​ថ្លែង​ថា​ ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ទាំង​១២នាក់​នោះ​ ​មាន​ជនជាតិ​អាមេរិកាំង​ចំនួន៨នាក់​ ជនជាតិ​ស៊ុយអែត២នាក់ និង​កាណាដា១នាក់។ គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ឧប្បទ្ទវហេតុ​នេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG