ការបិទមួយផ្នែកនៃរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកបានឈានចូលដល់ថ្ងៃទី ២ ហើយ នៅ ថ្ងៃអាទិត្យនេះ។
វិធានការនេះបានប៉ះពាល់ដល់រដ្ឋាភិបាលប្រហែល ២៥ ភាគរយ ដែលមន្ត្រីរដ្ឋាភិបាលជាងពាក់កណ្ដាលក្នុងចំណោមមន្ត្រីរដ្ឋាភិបាលទាំងអស់ប្រហែល ៨ សែននាក់ នឹងបន្តធ្វើការដោយគ្មានប្រាក់បៀវត្សរ៍ ដោយពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ដែលពួកគេធ្វើការនៅក្នុងអំឡុងពេលនេះ នៅពេលណាដែលរដ្ឋាភិបាលបើកឡើងវិញតែប៉ុណ្ណោះ។
បន្ទាប់ពីថ្ងៃបុណ្យ Christmas បញ្ចប់ទៅ ទើបសភា និងលោកប្រធានាធិបតី Donald Trump នឹងរកដំណោះស្រាយចំពោះភាពជាប់គាំងនេះ ដោយសារតែថ្ងៃច័ន្ទ និងថ្ងៃអង្គារខាងមុខនេះគឺជាថ្ងៃឈប់សម្រាក ហើយព្រឹទ្ធសភាអាមេរិកមិនទាន់មានគម្រោងជួបពិភាក្សាគ្នាម្ដងទៀតនោះទេរហូតដល់ថ្ងៃព្រហស្បតិ៍ខាងមុខ។
មូលហេតុដែលបណ្ដាលឲ្យមានការបិទរដ្ឋាភិបាលមួយផ្នែកនេះ គឺដោយសារមានការមិនឯកភាពគ្នាចំពោះរឿងថវិកាសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនរបស់លោក Trump។ លោក Trump ចង់ឲ្យសភាផ្ដល់ថវិកាចំនួន ៥ ពាន់ ៧ រយលានដុល្លារ សម្រាប់ដំណាក់កាលដំបូងនៃថវិកាសរុបចំនួន ២០ ពាន់លានដុល្លារដែលលោក Trump ត្រូវការ សម្រាប់ការសាងសង់ជញ្ជាំងព្រំដែននៅភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក។
ប៉ុន្តែ ករណីនេះគឺផ្ទុយពីការសន្យារបស់លោក Trump នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតរបស់លោកកាលពីឆ្នាំ ២០១៦ ដែលលោកបានបញ្ជាក់ថា លោកនឹងឲ្យប្រទេសម៉ិកស៊ិកជាអ្នកចំណាយលើការសាងសង់ជញ្ជាំងព្រំដែននេះ។
សភាបានបដិសេធសំណើរបស់លោក Trump សម្រាប់សាងសង់ជញ្ជាំងព្រំដែន ដែលលោក Trump អះអាងថា ដើម្បីរារាំងអន្តោប្រវេសន៍ខុសច្បាប់៕