ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​បិទ​ផ្នែកខ្លះ​នៃ​ដំណើរការ​របស់​ខ្លួន


វិមាន​សភា​នៅ​ពេល​ព្រឹកព្រលឹម​នៃពេល​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨។
វិមាន​សភា​នៅ​ពេល​ព្រឹកព្រលឹម​នៃពេល​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨។

ដំណើរការ​រដ្ឋាភិបាល​សហព័ន្ធ​ជិត​១ភាគ​៤បាន​អស់ប្រាក់​ដំណើរការ​នៅម៉ោង​១២​ និង ០១វិនាទី​ព្រឹក​ព្រលឹម​ឈាន​ចូល​ដល់​ថ្ងៃសៅរ៍​នេះ​ ម៉ោង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

មាន​ការងារ​របស់​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ជាង​៨សែន​នាក់​ត្រូវរំខាន ​ហើយ​មាន បុគ្គលិក​ចំនួន​ជាង​ពាក់កណ្តាល​នៃចំនួន​នេះ​តម្រូវ​ឲ្យ​ធ្វើការ​ដោយ​មិនគិត​ប្រាក់ខែ។

ព្រឹទ្ធសភា​និង​សភា​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ដំណើរការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ កាលពី​យប់​ថ្ងៃសុក្រ​សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ផ្តល់​ថវិកា ៥ពាន់​លាន​ដុល្លារ​ដល់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​ដែល​លោក​ទទូច​ជាចាំ​បាច់ ត្រូវ​សាង​សង់​ជញ្ជាំង​មួយ​តាម​ព្រំប្រទល់​ដែន​អាមេរិក ​និង​ ម៉ិកស៊ិក ​បន្ថែម​លើ​ថវិកា ចំណាយ​សម្រាប់​ក្រសួង​រដ្ឋាភិបាល​ផ្សេងៗ​ទៀត។

ក្រុមអ្នក​តាក់តែង​ច្បាប់​មាន​ពេល​ដល់​ពាក់​កណ្តាល​យប់​ដើម្បី​ចាត់​វិធានការ​ផ្តល់​ថវិកា គ្រប់គ្រាន់​ដល់​រដ្ឋាភិបាល។

លោក​ ត្រាំ​ បាន​និយាយ​តាម ​Twitter ​កាលពី​ថ្ងៃសុក្រ​ថា៖ ​«ប្រសិន​បើ​គណបក្ស ប្រជាធិប​តេយ្យ​បោះឆ្នោត​បដិសេធ ​នោះនឹង​មានការ​បិទ​រដ្ឋាភិបាល​រយៈ​ពេល​យ៉ាង​យូរ»។

កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ​សភា​តំណាង​រាស្ដ្រ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​បាន​អនុម័ត​ច្បាប់​គម្រោង​ចំណាយ​បណ្តោះ​អាសន្ន​ដែល​រួម​មាន​ថវិកា​សម្រាប់​ធ្វើ​ជញ្ជាំង​តាម​សំណើ​លោក​ប្រធានាធិបតី ហើយ​ព្រឹទ្ធ​សភា​ត្រូវ​បាន​រំពឹង​ថា ​នឹង​បោះឆ្នោត​លើ​វិធានការ​នេះ​នៅ​ថ្ងៃ​សុក្រ​ដោយ​សង្ឃឹម​ថា​នឹង​កែប្រែ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នៅ​ពាក់​កណ្តាល​យប់​ថ្ងៃ​សុក្រ។​

តែ​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៅ​ថ្ងៃសៅរ៍ ​នេះ​ថា គណបក្ស​ប្រជាធិប​តេយ្យ​បាន​ផ្តល់​សំណើរ​ជាច្រើន​ដល់​គណបក្ស​សាធារណរដ្ឋ​ដើម្បី ឲ្យ​រដ្ឋាភិបាល​បន្ត​បើកទ្វារ​ រួមទាំង​ថវិកា​ដល់ផ្នែក​សន្តិសុខ​ព្រំដែន​ផង ​តែ​មិនមែន ថវិកា​សម្រាប់​សាងសង់​ជញ្ជាំង​ដែលថ្លៃ​ហើយ​ស្នើ​ដោយ​ប្រធានាធិបតី​ទេ។​ ក្រុម​គណបក្ស​ប្រជាធិប​តេយ្យ​បាន​និយាយ​ថា​បើ​ប្រធានាធិបតី​និង​គណបក្ស​សាធារណរដ្ឋ បន្ត​ជ្រើសរើស​ជម្រើស​បន្តការ​បិទទ្វារ​រដ្ឋាភិបាល​សហព័ន្ធ ​គណបក្ស​ប្រជាធិប​តេយ្យ ដែល​គ្រប់គ្រង​សំឡេងភាគច្រើន​នឹង​ផ្លាស់ប្តូរ​ការ​អនុម័ត​ច្បាប់​ដើម្បី​បើកទ្វារ​រដ្ឋា​ភិបាល​ឡើងវិញ​នៅ​ខែមករា៕

XS
SM
MD
LG