ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោលការណ៍ណែនាំនៅអាមេរិកស្តីពីមេរោគកូរ៉ូណា «នឹងបន្ធូរបន្ថយ» ពេលបើកប្រទេសឡើងវិញ


រូ​បឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំឆ្លើយសំណួរអ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
រូ​បឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំឆ្លើយសំណួរអ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ មិនមានគម្រោងបន្តគោលការណ៍ណែនាំរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកស្តីពីការស្ថិតនៅឆ្ងាយពីគ្នាដើម្បីការពារមេរោគកូរ៉ូណាដែលផុតកំណត់នៅថ្ងៃព្រហស្បត៍នេះ ជាជំនួសវិញ នឹងផ្តោតលើការខំប្រឹងប្រែងធ្វើការជាមួយបណ្តារដ្ឋស្តីពីផែនការបើកប្រទេសឡើងវិញ។

អភិបាលរដ្ឋនីមួយៗនឹងសម្រេចថានៅពេលណាហើយវិធានការអ្វីដើម្បីបន្ធូរបន្ថយការរឹតត្បិតលើពាណិជ្ជកម្មមិនសំខាន់និងក្រុមមនុស្សដែលប្រមូលផ្តុំគ្នានិងអំពាវនាវឲ្យ មនុស្សស្ថិតនៅផ្ទះ។

លោកប្រធានាធិបតីត្រាំបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា គោលការណ៍ណែនាំ សហព័ន្ធចេញលើកទីមួយនៅពាក់កណ្តាលខែមីនានឹងបន្ធូរបន្ថយ ខណៈដែលរដ្ឋបាលរបស់លោកពិគ្រោះជាមួយពួកអភិបាលរដ្ឋអំពីផែនការរបស់ពួកគេ។

មន្រ្តីសុខាភិបាលបានរំឭកដាស់តឿនអំពីការចាត់វិធានការលឿនពែកឆ្ពោះទៅកាន់ «ការធ្វើឲ្យមានភាពប្រក្រតីឡើងវិញ» របស់លោកត្រាំ ដោយបាននិយាយថា ការធ្វើដូច្នេះអាចធ្វើឲ្យមានការឆ្លងមេរោគថ្មី។

រដ្ឋជាច្រើនកំពុងចាប់ផ្តើមអនុញ្ញាតឲ្យពាណិជ្ជកម្មប្រតិបត្តិការឡើងវិញដោយអនុវត្តគោលការណ៍ស្ថិតនៅឆ្ងាយពីគ្នាដូចជា ទុកចន្លោះរវាងតុនៅក្នុងភោជនីយដ្ឋាន ខណៈដែលរដ្ឋផ្សេងទៀតបានប្រកាសផែនការចាប់ផ្តើមបន្ធូរបន្ថយបទបញ្ជាបិទជិតក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។

លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា មានគម្រោងបញ្ជាឲ្យបិទឆ្នេរសមុទ្រនិងឧទ្យានរបស់រដ្ឋលោកនៅថ្ងៃសុក្រស្អែកនេះ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានបំពានបទបញ្ជាឲ្យស្ថិតនៅផ្ទះកាលពីចុងសប្តាហ៍មុន។

លោកអភិបាលរដ្ឋបានមានប្រសាសន៍ថា លោកនឹងពិចារណាបន្ធូរបន្ថយការរឹតត្បិតទូទាំងរដ្ឋនៅពេលវិធានការសំខាន់ៗមួយចំនួន ត្រូវបានបំពេញដូចជា ការធ្លាក់ចុះករណីមេរោគកូរ៉ូណាចំនួន២សប្តាហ៍ ហើយការធ្វើតេស្តមានគ្រប់គ្រាន់ ដែលពួកមន្រ្តី អាចដាក់តំបន់ដែលឆ្លងនោះឲ្យនៅពីគេបានឆាប់រហ័សនិងធ្វើតេស្តអ្នកដែលបានទាក់ទងជាមួយអ្នកឆ្លងមេរោគនោះ៕

XS
SM
MD
LG