វេជ្ជបណ្ឌិតនៅប្រទេសអង់គ្លេស អ៊ីតាលី ព័រទុយហ្គាល់ និងអេស៉្បាញកំពុងស្វែងរកលទ្ធភាពនៃទំនាក់ទំនងរវាងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងររបស់កុមារនិងជំងឺកូវីដ១៩។ ចំនួនកុមារអាយុផ្សេងៗគ្នានៅក្នុងបណ្តាប្រទេសនៅអឺរ៉ុបដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែក្តៅខ្លួននិងបញ្ហាបេះដូងបានកើនឡើង។ កុមារមួយចំនួនមានបញ្ហាហ្គាសក្នុងពោះវៀន ដូចជាក្អួតនិងរាគជាដើម។
កុមារទាំងនេះទំនងរងគ្រោះដោយសារជំងឺ Kawasaki ដែលច្រើនកើតនៅផ្នែកខ្លះនៅអាស៊ី ដែលប៉ះពាល់ដល់ក្មេងអាយុក្រោម៥ឆ្នាំ។ រោគសញ្ញាមានដូចជា ស្បែកកន្តួលរមាស់ ហើមក្រពេញ ហើយក្នុងករណីធ្ងន់ធ្ងរមួយចំនួនធ្វើឲ្យរលាកបេះដូងនិងសរសៃឈាម។ មូលហេតុដែលបង្កឲ្យមានជំងឺនេះគឺមិនច្បាស់លាស់នោះទេ។
ជំងឺកូវីដ១៩ គឺជាជំងឺដែលបង្កមកពីវីរុសកូរ៉ូណាប្រភេទថ្មី ដែលកម្រកើតមានចំពោះកុមារ។ ប៉ុន្តែការកើនឡើងខុសប្រក្រតីទៅលើកុមាររងគ្រោះដែលមានរោគសញ្ញាដូចជំងឺ Kawasaki ពេលមានការរាតត្បាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យក្រុមអាជ្ញាធរសុខាភិបាលនៅអឺរ៉ុបមានការប្រុងប្រយ័ត្ន។
បន្ទាប់ពីបានឮពីពេទ្យកុមារ ប្រព័ន្ធសុខាភិបាលជាតិអង់គ្លេសបានចេញការព្រមានថា៖ «នៅ៣សប្តាហ៍ចុងក្រោយនេះ ហាក់ដូចមានការកើនឡើងនៃចំនួនកុមារគ្រប់វ័យ ដែលមានរោគសញ្ញារលាកប្រព័ន្ធជាច្រើន ដែលតម្រូវឲ្យសម្រាកព្យាបាលនៅទូទាំងទីក្រុងឡុងដ៏ និងនៅតាមតំបន់ផ្សេងៗទៀតក្នុងចក្រភពអង់គ្លេស»។
កុមារខ្លះត្រូវបានធ្វើតេស្តរកឃើញថា មានជំងឺកូវីដ១៩ ប៉ុន្តែមិនមែនទាំងអស់នោះទេ។ ការណ៍នេះនាំឲ្យមានការគិតថាករណីខ្លះ ប្រហែលជាបង្កឡើងដោយវីរុសផ្សេងទៀត។ ការធ្វើតេស្តឈាមបង្ហាញថា ពួកគេមានបញ្ហារលាកធ្ងន់ធ្ងរ ស្រដៀងទៅនឹងតេស្តឈាមរបស់មនុស្សពេញវ័យដែលឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
នាយកសេវាសុខាភិបាលជាតិអង់គ្លេសលោក Stephen Powis ថ្លែងថា នៅមិនទាន់អាចនិយាយបានថា ជំងឺស្រដៀងនឹងជំងឺ Kawasaki និងជំងឺកូវីដ១៩មានទំនាក់ទំនងគ្នា។ ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោកបានថ្លែងថា៖«យើងបានសាកសួរនាយកមន្ទីរកុមារជាតិឲ្យពិនិត្យទៅលើបញ្ហានេះជាបន្ទាន់»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានថ្លែងថា សេចក្តីរាយការណ៍នេះធ្វើឲ្យលោកមានការបារម្ភយ៉ាងខ្លាំង។
ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលកុមារដែលឈឺបានថ្លែងថា រោគសញ្ញាបង្ហាញថា រាងកាយរបស់ពួកគេអាចរងគ្រោះដោយសារសារធាតុពុល។ កុមារជាច្រើនត្រូវសម្រាកព្យាបាលឲ្យបានដិតដល់។
ក្រុមអាជ្ញាធរសុខាភិបាលអង់គ្លេសបានបញ្ជាក់ថា កុមារទំនងមិនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នោះទេ ប៉ុន្តែឪពុកម្តាយគួរតែស្វែងរកគ្រូពេទ្យ ប្រសិនបើកុមារធ្លាក់ខ្លួនឈឺធ្ងន់។ ពួកគេក៏បានស្នើឲ្យក្រុមគ្រូពេទ្យពិនិត្យសុខភាពកុមារដែលក្តៅខ្លួននិងឈឺពោះ ដើម្បីធ្វើតេស្តឈាមរកសញ្ញាពាក់ព័ន្ធនឹងបញ្ហារលាក។
ពេទ្យជំនាញផ្នែកបេះដូងជនជាតិអ៊ីតាលីលោក Matteo Ciuffreda បានប្រាប់យកព័ត៌មាន Reuters ថា ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងភាគខាងជើង Bergamo បានឃើញមានកុមារយ៉ាងហោចណាស់២០នាក់ ដែលមានអាយុក្រោម៩ឆ្នាំ រលាកសរសៃរឈាមធ្ងន់ធ្ងរ តាំងពីចុងខែមីនា គឺ៦ដងច្រើនជាងការរំពឹងទុកសម្រាប់រយៈពេលមួយឆ្នាំ។
លោកបានថ្លែងថា ពេទ្យបេះដូងកុមារនៅទីក្រុង Madrid និងទីក្រុង Lisbon ក៏បានប្រាប់លោកថា ពួកគេឃើញមានករណីស្រដៀងគ្នា។ ប៉ុន្តែលោកថ្លែងថា មានកុមារតិចតួចប៉ុណ្ណោះដែលធ្វើតេស្តរកឃើញថាមានផ្ទុកជំងឺកូវីដ១៩។ លោក Ciuffreda ថ្លែងថា ត្រូវមានការសិក្សាឲ្យបានច្រើនជាងនេះដើម្បីសន្មតពីមូលហេតុដែលបង្កឲ្យមានការកើនឡើងរោគសញ្ញាស្រដៀងនឹងជំងឺ Kawasaki ចំពោះកុមារនៅអឺរ៉ុប។
ពេទ្យឯកទេសកុមារនៅអាមេរិកមិនទាន់រាយការណ៍ពីករណីស្រដៀងគ្នានេះនៅអាមេរិកនៅឡើយទេ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា