ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​កម្មករ​រំឭក​ពី​ការឈឺចាប់​លើ​ទូក​នេសាទ​ថៃ


យោង​តាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ថៃ​បាន​ឲ្យ​ដឹងថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ច្រើន​​ជាង​ ៣សែន​នាក់​បាន​នឹងកំពុង​ធ្វើការ​ក្នុង​ឧស្សាហ៍កម្ម​នេសាទ​ក្នុង​ប្រទេសថៃ។
ម៉ោង​ប្រមាណ​ជាង​ ៥​កន្លះ​ភ្លឺស្រាងៗ​ សេក​ វ៉ាន់​ត្រូវ​ប្រញាប់​ប្រញាល់​រៀបចំ​ខ្លួន​ និង​ឧបករណ៍​កីឡា​សម្រាប់​ហាត់ប្រាណ​នៅក្នុង​ក្លឹប​កីឡា​តូចមួយ​ស្ថិត​នៅ​ក្នុង​បរិវេណ​ស្តាត​អូឡាំពិក។ ការងារ​នេះ​ប្រហែល​ជា​លំបាក​សម្រាប់​អ្នក​ដទៃ​ពីព្រោះ​វាតម្រូវ​ឱ្យ​ធ្វើ​ការ​តាំងពី​ព្រលឹម​ទល់​យប់​ជ្រៅ​ម៉ោង​ប្រហែល​ជាង​ ៩​យប់។

​ក៏ប៉ុន្តែ​សម្រាប់លោក​ សេក​ វ៉ាន់ ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូចត់​ធ្វើ​ជា​កម្មករ​នេសាទ​ក្នុង​ប្រទេស​ថៃ​ដូច​ទាសករ​នោះមិន​មាន​អ្វី​ជា​រឿង​ធំដុំ​ឡើយ។ ជាកម្មករ​នេសាទ​ ​លោក​ត្រូវ​គេ​បង្ខំឲ្យ​ធ្វើការ​ងារ​រហូត​ដល់ជាង​២០​ម៉ោង​ក្នុង​មួយថ្ងៃ។

សេក ​វ៉ាន់​មាន​អាយុ ៣៤ឆ្នាំ​ និងមានស្រុក​កំណើត​មកពី​ខេត្ត​ស្វាយរៀង។

​លោក​ និង​ក្រុមយុវជន​ពេញ​កម្លាំង​ក្នុង​ភូមិ​ជាង​ ១០​នាក់ផ្សេង​ទៀត​បាន​ចាញ់​បោក​មេខ្យល់​និង​ធ្លាក់​ខ្លួន​ជា​កម្មករ​នេសាទ​ ដូច​ទាសករ​នៅ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជាង​ ២ឆ្នាំ​ គឺ​ចាប់​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១២។​ ក្រុម​ហ៊ុន​ចិន​មួយ បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ជ្រើសរើស​ពលករ​ទៅ​ប្រទេស​ចិន​ដោយ​ឃោសនា​ថា​កម្មករ​ដែល​ចេញទៅ​ធ្វើ​ការ​នឹង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ចាប់​ពី ១៥០​ ទៅ​៣៥០​ ដុល្លារ​ក្នុង​មួយ​ខែ។​

​ដោយសារ​ភាព​ក្រីក្រ​និង​ការ​គ្មាន​ការ​ងារ​ធ្វើ​បាន​ធ្វើ​ឲ្យ​លោក​ជឿ​ស្លុង​ទៅនឹងការ​ឃោស​នា​របស់​ក្រុមហ៊ុន។

ជាអកុសល​ការឃោសនា​នោះ​គ្រាន់​តែជា​ការបោកប្រាស់​តែប៉ុណ្ណោះ។​លោក​និង​មនុស្ស​ពេញ​វ័យ​ដប់​នាក់​ផ្សេង​ទៀត​ក្នុង​ភូមិ​របស់​លោក​ត្រូវ​ដឹក​ជញ្ជូន​តាម​យន្តហោះ​ដែល​លោកជឿថា​សំដៅ​ទៅ​កាន់​ប្រទេស​ចិន។ តាមពិត​យន្តហោះ​នោះ​បានចុះចត​នៅ​ប្រទេសថៃ​ហើយ​យុវជន​ទាំង​១១​នាក់ក្នុង​នោះ​មាន​រូប​លោក​ដែរ​ត្រូវ​គេ​ដឹក​ជញ្ជូន​ទៅឲ្យ​ធ្វើការ​លើនាវា​នេសាទ។

រយៈ​ពេលជាង​ពីរ​ឆ្នាំតាម​ពិតទៅ​លោក​សេក​ វ៉ាន់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​មាន​តែបាត​ដៃ​ទទេ​តែ​ប៉ុណ្ណោះ។

«ខ្លះ​បាន​មក​វិញ​អាខ្លះ​អត់ទាន់​បាន​មកវិញឥឡូវ​ហ្នឹង។ ពេលខ្ញុំ​ចូល​ផែ​មានខ្មែរ​យើង​និយាយ​ថា​មាន​ខ្មែរ​យើង​គេ​វាយ​ងាប់​ផង​ ជនជាតិ​គេ​ក៏មាន​ងាប់​ដែរ​វាទ្រំា​អត់​បាន​ឈឺ​ធ្វើការ​ច្រើន​ម៉ោង​ពេក​ ដេក​ដាច់​ខ្យល់​ស្លាប់​ទៅ។ ដូចកប៉ាល់​ខ្ញុំ​អូ៎ស! ​គេធ្វើបាប​ខ្លាំង​ណាស់។​ និយាយទៅ​បាយ​ជួន​កាល​វា​មិន​ឲ្យ​យើង​ហូប​ក៏មាន​ដែរ​ ប្រាំ​ថ្ងៃ​ឲ្យមី​ប្រាំកញ្ចប់​អីហ្នឹង»។​

​លោក​បន្ថែម​ថា​លើ​ទូក​របស់​លោក​ដែល​មាន​កម្មករ​ចម្រុះ​ជាតិ​សាសន៍​មកពី​កម្ពុជា​ ភូមា​ វៀតណាម ​ជាដើម​នោះ​ មិនមាន​ករណី​សម្លាប់​កម្មករទេ​ ប៉ុន្តែ​ម្ចាស់​កប៉ាល់​បាន​ប្រើ​ប្រាស់​ទារុណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ ​ដូចជា​ការ​ដាក់​ច្រវ៉ាក់​ក​ និង​ដាក់​ចូលទ្រុងដែក​ បង្អត់​អាហារ​ជាច្រើន​ខែ​ក៏​មាន។​

«អាមួយ​ហ្នឹង​វា​ស្រេក​ទឹក​តែ​អាថៅកែ​វា​អត់​ឱ្យ​ទឹក​វា​ផឹក។ ចឹង​អាថៅកែ​ហ្នឹងវា​ក៏វាយ​អាជនជាតិ​វៀតណាម​ហ្នឹង​ វាយ​ទៅ​អា​នោះ​វា​ត​ដៃ​វិញ​ ចឹង​ម្ចាស់​ទូក​ហ្នឹង​វា​ធើ្វ​ជា​ក្រឡឹង​ដែក​ដូច​គុកចឹង​ដាក់គ្នា​ក្នុង​ហ្នឹង​ដាក់​ច្រវ៉ាក់​ក​អត់​ឲ្យបាយស៊ី​ជាង​ ២០ថ្ងៃ​ ស្បែកវាហ្នឹង​រលួត​អស់​ហើយ។ មួយថ្ងៃ​ឲ្យបាយតិច​ជាមួយ​ផ្លែប៉េងបោះ​ពីរចំណិត​លាយ​ជាមួយ​ស្ករស។ យើង​ចង់​ទៅ​ជួយ​វា​ក៏​អត់​បាន​ដែរ»។​

តាមពិតទៅ​សេក​ វ៉ាន់​មិនមែន​ពលរដ្ឋ​ខ្មែរ​ដំបូង​ឡើយ​ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន​ និង​ត្រូវ​បាន​គេ​លក់​បន្ត​ទៅ​ធ្វើ​ការ​ជា​ទាសករ​នេសាទក្រៅប្រទេស។​

​កាល​ពី​សប្តាហ៍​មុន​នេះ​កាសែត​ The ​Guardian ដែល​ជា​កាសែត​ដ៏ល្បី​នៅលើ​ពិភព​លោក​បាន​ចេញផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​អស់​រយៈពេល​ ៦​ខែ​របស់​ខ្លួន​ដោយបាន​រកឃើញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និងការ​ប្រើ​ប្រាស់​កម្មករ​នេសាទ​បង្គារ​ដែល​មកពី​ប្រទេស​ផ្សេងៗ​ដែល​ក្នុង​នោះ​មាន​កម្ពុជា​ ឲ្យ​ធ្វើ​ការ​ដូច​ទាសករ។ ​

​កាសែត​ក៏បាន​ដក​ស្រង់​សម្តី​របស់​កម្មករ​ដោយ​បាន​ឡើង​ពី​ការ​ប្រើ​កម្មករ​ឲ្យ​ធ្វើការ​ពី​១៨​ទៅ ២២​ម៉ោង​ក្នុង​១ថ្ងៃៗ​ ការ​ធ្វើ​ទារុណ្ឌកម្ម​ និង​ការ​សម្លាប់កម្ម​ករនេសាទ​ជាច្រើ​នករណី។ ខណៈ​ពេល​ដែល​ផលិតផល​បង្គា​របស់​ប្រទេស​ថៃ​ជា​ប្រភព​ផ្គត់​ផ្គង់​យ៉ាង​សំខាន់​សម្រាប់​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។​

​ប្រទេស​ថៃ​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​នាំចេញ​ផលិតផល​សមុទ្រ​ដែល​រួម​មាន​ត្រី ​និង​បង្គារយ៉ាងធំ ​និង​សំខាន់​មួយ​នៅលើ​ពិភពលោក​ដោយ​មាន​កម្រិត​ពាណិជ្ជកម្ម​ក្នុង​រង្វង់​ជាង​៧​ពាន់​លាន​ដុល្លារ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះបើ​យោងតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ចេញ​ផ្សាយ​ក្នុងឆ្នាំ​ ២០១៣។

​ក៏ប៉ុន្តែបើ​យោងតាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Guardian ​ប្រទេស​មួយ​នេះ​នៅតែ​ត្រូវបានចាត់​ទុក​ថាកន្លែង​សំចត​និង​គោល​ដៅ​នៃការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ប្រើ​កម្មករ​នេសាទ​បែប​ទាសភាព​ដោយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រហែល​ជិត​កន្លះលាន​នាក់​បាន​ត្រូវគេប្រើ​ដូចជា​ទាសករ​នៅ​ក្នុង​ទឹកដី​ក្បែរ​ព្រំដែន​របស់​ប្រទេស​មួយ​នេះ។​

យោង​តាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ថៃ​បាន​ឲ្យ​ដឹងថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ច្រើនជាង​ ៣សែន​នាក់​បាន​នឹងកំពុង​ធ្វើការ​ក្នុង​ឧស្សាហ៍កម្ម​នេសាទ​ក្នុង​ប្រទេសថៃ​ ហើយ ៩០%​គឺ​ជា​ជន​ចំណាក​ស្រុក​ដែល​ងាយរងគ្រោះ​នឹង​ការ​ជិះជាន់​កម្លាំង​ពលកម្ម​ ឬ​ជួញដូរ។




​លោក​ស្រី​ លឹម មុន្នី​ ប្រធាន​កម្មវិធី​ផ្នែក​ស្ត្រី​និង​កុមារ​ដែល​ធ្វើ​ការ​លើ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​មាន​ប្រសាសន៍​ថាករណី​បោក​ប្រាស់​ពលករ​ពី​ខ្មែរ​ទៅធ្វើ​ការ​នៅ​ក្រៅប្រទេស​មិនមែន​ជា​រឿង​ថ្មី​ឡើយ។ ​

​លោក​ស្រី​បញ្ជាក់​ថាភាពក្រី​ក្រ​ និង​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​គ្រួសារ​ក្រី​ក្រ​លែង​គិតពី​គ្រោះថ្នាក់​ និង​ចាប់ផ្តើម​ផ្សងព្រេង​ទៅធ្វើ​ការ​ក្រៅប្រទេស​ ទោះ​បីដឹងថា​ប្រថុយ​ប្រថាន​យ៉ាងណា​ក្តី។

«គឺ​ជួបច្រើន​ណាស់​ពេលខ្លះ​គាត់ទូរស័ព្ទ​ពី​ប្រទេស​ថៃមក​ពេលខ្លះ​បាន​បាត់ទាំង​សំឡេង​បាត់​ទូរស័ព្ទ​ដោយ​សារ​គាត់​អត់​ដឹង​ថាខ្លួន​ឯងនៅ​កន្លែងណា។​គាត់​ដឹងតែថា​នៅ​ក្នុងសមុទ្រ​តែ​មិនដឹង​ថា​នៅ​សមុទ្រ​ណា។​ យើង​សន្និដ្ឋានថា​គាត់​ស្លាប់​។ ​អ្នកខ្លះ​បាន​លួច​រត់​មកវិញប្រាប់ថា​គាត់​លួច​ហែល​ទឹកចឹង​ទៅ​គ្នា​គាត់​ប៉ុន្មាន​នាក់​ត្រូវបាន​គេ​វាយ​ពន្លិច​ទឹក​ ស្លាប់​ប៉ុន្មាន​នៅ​សល់​តែ​គាត់ប៉ុន្មាន​ចឹងទៅ»។​

លោក​ ហ៊ុយ​ ពេជ្រ​សុវណ្ណ​ មន្ត្រីសិទ្ធិ​ការងារ​របស់​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​អប់​រំច្បាប់​សម្រាប់​សហគមន៍​រៀបរាប់​ថា​កម្មករ​នេសាទ​នៅថៃ​ត្រូវ​ចាត់​ទុក​ដូច​ជា​សត្វធាតុ។​

«អាច​យក​ជីវិត​អ្នក​កម្មករ​នេសាទ​ទាំងអស់​ហ្នឹង​ជាល្បែង​កំសាន្ត​ទៀតផង។ ជួន​កាល​មេទូក​ឲ្យ​កម្មករ​ដេក​តម្រៀប​ជាជួរ​ហើយគេ​យក​កាំភ្លើង​បាញ់។​បាញ់ចំអ្នក​ណា​គេសម្លាប់​អ្នក​ហ្នឹង​គឺ​គេ​ទម្លាក់​ចូលទឹក​តែម្តង»។
យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​នៅ​ឆ្នាំ ​២០១២ របស់​អង្គការ​ខារ៉ាមកម្ពុជា​(CARAM ​Cambodia) ​ដែល​ធ្វើ​ការលើ​ការ​ចំណាក​ស្រុក​របស់​ពលករ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យដឹងថា​ពលករ​ខ្មែរ​សរុប​ដែល​ចេញ​ទៅ​ធ្វើការ​នៅប្រទេស​ថៃ​ទាំង​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​មាន​ចំនួន​ប្រមាណ​ជាង​ ៤​សែន​នាក់។​ភាគច្រើន​ទៅ​ធ្វើ​ការជា​អ្នក​នេសាទ។

លោក​ យ៉ា​ ណាវុធ​នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា​ (CARAM ​Cambodia) ​ថ្លែង​ថាក្រុម​ថៅកែ​ដែល​ជាម្ចាស់​ទូកនេសាទតែង​ចូលចិត្ត​ជួល​ ឬ​ពេលខ្លះ​ទិញ​កម្មករ​ឆ្លងដែន​ខុសច្បាប់ដោយហេតុថា​មាន​តម្លៃ​ថោកឬ​ពេល​ខ្លះមិនចាំបាច់​ឲ្យ​ថ្លៃ​ឈ្នួល​ដោយ​ធ្វើការ​ងារ​ដូច​ទាសករ។​

​«វាធ្វើ​ឲ្យគាត់​រង​គ្រោះគឺថា​ធ្វើ​ការ​ឲ្យ​គេ​ដើម្បី​ដោះ​បំណុល។ ​ស៊ីសង​ការ​អាណិតអាសូរ​របស់​ថៅកែ​ ថៅកែ​អាណិត​ទៅ​គេបើក​ប្រាក់ខែ​ខ្លះ​ឲ្យ​ បើ​មិនអាណិត​ធ្វើការ​ដល់​ ៦ខែ​ ១ឆ្នាំ​ ឬ​២ឆ្នាំ​បានត្រឹមតែ​បាយ​ហូប​ទេ។ ​អត់មាន​ប្រាក់​កម្រៃ​ទេ។​បើសិន​ជាឈឺ​គឺ​ឲ្យ​ថ្នាំ​ហូបតិចតួច​ បើ​ឈឺធ្ងន់​គេអាច​រុញ​ទម្លាក់​ចូល​ក្នុង​សមុទ្រ»។

​រីឯ​របាយការណ៍​របស់​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​ពលករ​ខ្មែរស្រប​ច្បាប់​ដែល​ចេញ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​នៅឆ្នាំ ​២០១២មាន​ ១៣​ម៉ឺននាក់។

​ភាគច្រើន​ជា​ពលរដ្ឋ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ។ ​យ៉ាងណាមិញ​ចំនួន​នេះ​អាច​នឹងធ្លាក់​ចុះ​ខ្លាំង​មក​វិញ​នៅ​ប៉ុន្មាន​ថៃ​ចុងក្រោយ​នេះ​ចំពេល​ដែល​ប្រទេស​ថៃបាន​បញ្ជូន​ពលករខ្មែរ​ពីប្រទេស​ថៃ។

លោក​ ហេងសួរ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ក្រសួង​ការងារ​ មិន​ដែល​ព្រងើយ​កន្តើយ​ក្នុងការ​ជួយ​សង្រ្គោះ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ធ្លាក់​ខ្លួន​ជាប់​ធ្វើ​ជា​កម្មករ​នេសាទ​នោះ​ឡើយ។​ ​ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា​មុននឹង​ចាត់វិធានការ​ណាមួយ​ចាំបាច់​ត្រូវ​ប្រមូល​ទិន្នន័យ​ និង​ទីតាំង​ឲ្យបាន​ច្បាស់​លាស់​ជាមុន​សិន។

​«យើង​មិន​ដែល​បាន​ព្រងើយ​កន្តើយ​ទេ​ គឺ​យើង​រង់​ចាំ​ព័ត៌មាន​បន្ថែម​ដើម្បី​ធ្វើអន្តរាគមន៍​ ហើយ​ក៏ធ្លាប់​ធ្វើ​អន្តរាគមន៍​នៅពេល​ដែល​យើង​ទទួលបាន​ទីតាំង​និង​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅទីនោះ»។

លោក​ហេង​សួរ​ទទួល​ស្គាល់​ថា​ពិ​ត​ជាមានករណី​ប្រើប្រាស់​កម្លាំង​ពលករ​ខ្មែរ​ដូចជា​ទាសករ​ក្នុង​ការ​នេសាទ​ក៏ពិត​មែន​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​កម្មករ​ទាំងអស់​សុទ្ធតែ​ជួប​ប្រទះ​បញ្ហា​ទាំងអស់​នោះ​ទេ។

​ទោះបីជា​យ៉ាង​ណាក្តី​សម្រាប់​សេក​ វ៉ាន់លោក​មិនចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅធ្វើ​ការ​ទាំងប្រថុយ​ប្រថាន​ដូច​រូប​លោក​ឡើយ។​រយៈពេល​២ឆ្នាំ​ធ្វើការ​ជា​កម្មករ​នេសាទ​ក្នុងប្រទេស​ថៃ​របស់​លោក​ជា​ការ​ចងចាំ​មួយ​ដែល​លោក​មិនអាច​បំភ្លេច​បាន។

«និយាយ​ទៅ​វា​ពិបាក​ខ្ញុំ​មិនដែល​ជួប​ប្រទះ​អញ្ចឹង​ទេ​ ការងារ​អញ្ចឹង​វា​វេទនា​ណាស់​ និយាយ​ទៅ​ខ្ញុំ​រាងតែ​ម្តង​ សូម​ផ្តាំផ្ញើ​ឲ្យ​អ្នក​ដទៃ​ត្រូវគិត​ឲ្យបាន​ច្បាស់​លាស់​មុន​នឹង​ទៅស្រុក​គេ»។​

​កាល​ពី​សប្តាហ៍​មុន​លោកស្រី​ជេន សាក់គី ​ (Jen Psaki) ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​សហ​រដ្ឋ​អាមេរិក​នឹង​ចេញ​របាយការណ៍​មួយ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​សម្រាប់​ប្រទេស​នានា​ក្នុង​ពិភព​លោក។

ក្នុង​នោះ​ដែរ​លោកស្រី​ជេន​ សាក់គី ​ (Jen Psaki) ​ទំនង​ជា​ចង់​បញ្ជាក់​ថា​ករណី​រំលោភ​បំពាន​និង​ការធ្វើ​ឲ្យ​កម្មករ​នេសាទ​ទៅ​ជា​ទាសករ​នៅ​ប្រទេស​ថៃ​អាច​នឹង​ត្រូវ​លើកមក​និយាយ​ក្នុង​របាយការណ៍​នោះ​ដែរ៕
XS
SM
MD
LG